រាជធានីភ្នំពេញ៖ បុរសម្នាក់បានធាក់ប្រពន្ធខ្លួនឯង១ជើងប្រកាច់សន្លប់ស្តូក ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍ខាងលើនេះបានកើតឡើងតាំងពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០២០ នៅក្នុងការដ្ឋានសំណង់មួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះឆែម ងិហ៍ អាយុជាង៣០ឆ្នាំ មុខរបរកម្មកសំណង់ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ សុខ ឃុន អាយុ៣៩ឆ្នាំ មុខរបរកម្មកសំណង់ ហើយអ្នកទាំងរស់នៅក្នុងភូមិកណ្តាល ឃុំផ្ទះរូង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងបានមកស្នាក់នៅធ្វើជាកម្មករសំណង់ក្នុងខ្ទមកើតហេតុខាងលើ។
អ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាប្ដីបានចេញទៅផឹកស៊ីជាមួយមិត្តភក្កិនៅខាងក្រៅ រហូតដល់ស្រវឹងធ្លាក់ភ្នែកទើបវិលត្រឡប់ទៅកាន់ខ្ទមស្នាក់នៅវិញ រួចបានចូលដេកទាំងថ្ងៃ លុះដល់វេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃកើតហេតុ ទើបភ្ញាក់ ប្រើប្រពន្ធឲ្យទៅដងទឹកឲ្យផឹក ប៉ុន្តែប្រពន្ធមិនព្រមទៅ ជាហេតុធ្វើឲ្យជនសង្ស័យជាប្ដីផ្ទុះកំហឹងលោតធាក់១ជើងចំចង្កេះ បណ្ដាលឲ្យស្ត្រីរងគ្រោះជាប្រពន្ធដួលប្រកាច់សន្លប់បាត់មាត់ឈឹង។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលឃើញប្រពន្ធសន្លប់ ជនសង្ស័យជាប្តីបានលើកប្រពន្ធដាក់លើភ្លៅ ហើយខំប្រឹងធ្វើចលនាបេះដូងសង្គ្រោះបឋម ប៉ុន្តែនាងមិនបានដឹងខ្លួនឡើយ ទើបស្រែកហៅអ្នកជិតខាងឲ្យជួយនាំយកប្រពន្ធទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះបន្ទាន់។ លុះពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យមិនអាចជួយសង្គ្រោះបានឡើយហើយស្ត្រីជាប្រពន្ធក៏បានបាត់បង់ជីវិត ទើបក្រោយមកដឹកសពត្រឡប់មកកាន់ទីកន្លែងកើតហេតុវិញនាវេលាល្ងាចថ្ងៃកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការឃាត់ខ្លួនបុរសជាប្ដីនោះនាំទៅធ្វើការសាកសួរ និងចាត់ការតាមច្បាប់តែម្ដង។
តាមប្រភពពីជនសង្ស័យជាប្តីបានបដិសេធថា ខ្លួនមិនបានវាយទាត់ធាក់ប្រពន្ធនោះទេគឺស្ត្រីជាប្រពន្ធមានជម្ងឺប្រចាំកាយយូរមកហើយ និងបានដួលបាត់បង់ជីវិតដោយខ្លួនឯង ។
ចំណែកនគរបាលប៉ុស្តិ៍ចោមចៅទី២ក៏បានចុះទៅកាន់កន្លែងកើតហេតុ និងរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពិនិត្យកោសល្យវិច័យ ហើយនគរបាលបញ្ជាក់ថា ស្ត្រីរងគ្រោះបាត់បង់ជីវិតដោយសារគាំងបេះដូង និងមិនបានអត្ថាធិប្បាយអ្វីលើសពីនេះទៀតឡើយ៕ ត្នោត