ខេត្តបន្ទាយមានជ័យ៖ ពលករប្រុសស្រី២៦នាក់ មានទាំងកុមារផង ត្រូវបានសមត្ថកិច្ចថៃធ្វើការចាប់ខ្លួនជាប់បន្ទាត់ព្រំដែន ក្នុងឃុំផានស៊ឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ក្រោយឆ្លងព្រំដែនពីកម្ពុជា ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៦ កក្កដា២០២០។
គេមិនទាន់ស្គាល់អត្តសញ្ញាណពលករទាំងនេះទេ ដឹងត្រឹមតែស្រី១១នាក់ កុមារម្នាក់ និងមកពីតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជានេះបើយោងតាមកាចុះផ្សាយរបស់គេហទំព័រ និងកាសែតក្នុងស្រុកថៃមួយ។
យោងការសាកសួរពលករខាងលើ ប្រាប់សមត្ថកិច្ចថាត្រូវមេខ្យល់ខ្មែរម្នាក់ នាំឆ្លងដែនកណ្តាលអធ្រាត្រ ដោយយកប្រាក់ម្នាក់៣០០០បាត។ក្រុមពលករបន្តទៀតថា កន្លងមកធ្លាប់ធ្វើការនៅស្រុកថៃហើយពេលនេះចង់ទៅធ្វើការនៅកន្លែងដើម ព្រោះជីវភាពគ្រួសារក្រីក្រ តែមិនទាន់ដល់គោលដៅផង ក៏ត្រូវគេចាប់ខ្លួន។
ពលករទាំងនេះ ត្រូវសមត្ថកិច្ចថៃឡោមព័ទ្ធចាប់ក្នុងចំការអំពៅមួយកន្លែងចំណុចកើតហេតុខណៈពួកគេចូលទៅពួននៅទីនោះ។ លោកវរសេនីយ សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨១៥ ប្រចាំនៅបន្ទាត់ព្រំដែន ក្នុងស្រុកម៉ាឡៃ ប្រាប់តាមទូរស័ព្ទថា ករណីខាងលើដំបូង ខាងលោកចុះល្បាតប្រទះឃើញមានដានជើងមនុស្សឆ្លងដែន ក៏ទាក់ទងទៅសមត្ថកិច្ចថៃឲ្យជួយទប់ស្កាត់ទើបគេចាប់បានពលករទាំងនេះក្នុងចំការអំពៅថៃ។
ក្រោយពិនិត្យសុខភាពនៅក្នុងបន្ទាយទាហ៊ានថៃ កងរយ១២០៦ពលករទាំងនេះត្រូវគេបញ្ជូនត្រឡប់មកកម្ពុជាតាមច្រករបៀងអូរបីជាន់ដែលជាច្រកកិច្ចព្រមព្រៀងរវៀងខេត្តទាំង២កម្ពុជាថៃបន្ទាយមានជ័យនិងស្រះកែវ ។
គួរបញ្ជាក់ថា ពលករខុសច្បាប់ដែលភាគីថៃចាប់ក្រោយពួកគេឆ្លងព្រំដែននិងវិលត្រឡប់់ពីតាមបណ្តាខេត្តក្រុងក្នុងសម័យកូវីតមានរហូតជាង២៥០០០នាក់នេះ បើយោងរបាយការណ៍របស់សមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យ៕ ត្នោត