ការជូនបុណ្យកុសលដល់អ្នកដទៃគឺជាការប្រដៅចិត្តមួយផ្នែកក្នុងបុណ្យកុសល ដើម្បីកុំឱ្យចិត្តគិតអ្វីៗសម្រាប់តែខ្លួនឯង មិនរវល់នឹងកិច្ចការអ្នកដទៃនោះមិនល្អទេ ព្រោះអ្នកណាៗក៏គេចង់បានសេចក្តីសុខដូចជាយើងអ៊ីចឹងដែរ ។
ចំណែកអ្នកអនុមោទនាទទួលបុណ្យកុសលដែលអ្នកដទៃបានធ្វើ ឬបានជូនមកហើយនោះ ក៏ជាការប្រដៅចិត្តមួយផ្នែកដែរ កុំឱ្យចិត្តរឹងរូសប្រកាន់ទិដ្ឋិមានះ លើកកម្ពស់ខ្លួនឯងដូចដងទង់ គឺធ្វើឱ្យចិត្តទន់ភ្លន់ស្ងប់ស្ងាត់ កម្ចាត់ការប្រកាន់ខ្លួន ចេះមើលឃើញបុណ្យកុសលជាអំពើល្អខ្លះផង ។
ប្រដៅទូន្មានចិត្តឱ្យស្គាល់គុណតម្លៃនៃសេចក្តីល្អ ចេះជ្រះថ្លាក្នុងបុណ្យកុសលរបស់អ្នកដទៃដែលគេមានគុណធម៌ចំពោះខ្លួនយើងផង និងចំពោះសាសនាផង ។
ការអប់រំចិត្តឱ្យដឹងគុណក្នុងសេចក្តីល្អរបស់អ្នកដទៃគឺជាការចាំបាច់សម្រាប់ជនគ្រប់រូប ព្រោះនាំឱ្យចិត្តកាន់តែយល់ដល់អំពើល្អគ្រប់យ៉ាង ដោយមិនប្រកាន់ឫកពា ចើងម៉ើងឆ្មើងឆ្មៃ មើលងាយ ឬខឹងក្រោធជាមួយអ្នកដទៃដោយហេតុផ្សេងៗ ។ដោយ៖ កោះសន្តិភាព