ខេត្តសៀមរាប ៖ ពលរដ្ឋប្រទះឃើញស្ត្រីម្នាក់ស្លាប់បណ្តែតទឹកស្ទឹងនៅមុខផ្សារអង្គរទ្រេត បង្កការភ្ញាក់ផ្អើលពេញក្រុងសៀមរាប រួចរាយការណ៍ឱ្យសមត្ថកិច្ចនគរបាលមូលដ្ឋានដែលហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើត ឡើងតាំងពីវេលាម៉ោង ៤រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខផ្សារអង្គរ ទ្រេត ក្នុងស្ទឹងសៀមរាប ក្រុមទី១០ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
បើតាមការអះអាងពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ភ្នាក់ងារកោះសន្តិភាព នៅវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះថា សាកសពបណ្តែតទឹក ដែលពលរដ្ឋប្រទះឃើញនោះតាំងពីប្រមាណ៤រសៀល ហើយបានរាយការណ៍មកសមត្ថកិច្ចយើង ដើម្បីឱ្យជួយចុះមកអន្តរាគមន៍ និង រាយការណ៍បន្តទៅខាងជំនាញ ។
ប្រភពបានបន្តថា សពស្ត្រីរងគ្រោះឈ្មោះ ព្រឹម វ៉ាន់នី អាយុ៣៨ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប មុខរបរគ្មាន ដែលជាមនុស្សស្រវឹងខួប ហើយចេញពីផ្ទះបាត់រយៈពេល២ថ្ងៃ ដែលមានប្តី ក្រោយឈ្មោះ សាំ ជាមនុស្ស ស្រវឹងស្រាដូចគ្នា ។
ប្រភពបានបន្តទៀតថា បើតាមការបញ្ជាក់ពីអតីតប្អូនថ្លៃស្រី ដែលដើររក ឈ្មោះ កែវ ពេជ្រកនិ្នការ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានប្រាប់សមត្ថកិច្ចជំនាញយើងថា សពស្ត្រីរងគ្រោះនោះ មានឈ្មោះ ព្រឹម វ៉ាន់នី គាត់ស្រវឹងស្រាគ្មានថ្ងៃលោះ ហើយបានលែងគ្នាជាមួយបងប្រុសគាត់ អស់រយ:ពេល១៤ឆ្នាំហើយគាត់មានប្តីក្រោយឈ្មោះ សាំ ដែលជាមនុស្សស្រវឹងស្រារាល់ថ្ងៃដូចគ្នា ដល់ពេលបាត់អតីតបងថ្លៃក៏ដើររកមិនឃើញក៏ទៅសួរបងថ្លៃប្តីក្រោយ ប្រាប់ថាប្រពន្ធគាត់ចេញពីផ្ទះ ២ ទៅ ៣ថ្ងៃ ហើយ ខណៈពេលមានគេប្រាប់ថា មានស្ត្រីម្នាក់លង់ស្លាប់នៅស្ទឹងសៀមរាប គាត់ក៏បងប្អូនកូនចៅមកមើល ក៏ឃើញដូចគេប្រាប់មែន ។
ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ច័យរួច សន្និដ្ឋានថា សពស្ត្រីរងគ្រោះស្លាប់ដោយសារលង់ទឹកស្លាប់ពិតមែន ។ បច្ចុប្បន្នសពស្ត្រីរងគ្រោះ ត្រូវបានកម្លាំងជំនាញដឹកតាមរថយន្តសង្គ្រោះ របស់មន្ទីរបង្អែកខេត្តសៀមរាប យកទៅដុតនៅវត្តចក ក្នុងសង្កាត់ស្វាយដង្គំ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព