រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០នេះ ក្រសួងសុខាភិបាល បានធ្វើការឆ្លើយតបនឹងជំងឺគ្រុនផ្តាសាយធំ ដែលបច្ចុប្បន្នមានអ្នកជំងឺចំនួន ៥៧៥នាក់ ក្នុងនោះមានស្ត្រី៧២នាក់ ក្នុងខេត្តចំនួន ០៨ ទូទាំងប្រទេសកម្ពុជា ហើយសម្រាប់ខេត្តចំនួន ០៧ត្រូវបានព្យាបាលជាសះស្បើយ ១០០%។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បន្តថា មុនពេល និងកំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ (ពីថ្ងៃទី ១៥ ខែ សីហា ដល់ថ្ងៃទី ១៨ ខែ កញ្ញា) ក្រសួងបានសង្កេតឃើញថា មានការចម្លងនូវជំងឺគ្រុនផ្តាសាយធំ ដែលភាសាបច្ចេកទេសពេទ្យហៅថា “Influenza A” នៅក្នុងចំណោមព្រះសង្ឃ (ខេត្តតាកែវ បាត់ដំបង ត្បូងឃ្មុំ និងបន្ទាយមានជ័យ) នៅក្នុងក្រុមអ្នកទោសក្នុងពន្ធនាគារ (ខេត្តព្រះវិហារ កោះកុង និងកំពង់ធំ) និងក្នុងសហគមន៍មួយដែលមានប្រជាជនរស់នៅក្នុងតំបន់គ្របដណ្តប់នៃមណ្ឌលសុខភាពសោមធំ (ខេត្តរតនគីរី)។
លោកស្រីវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា «ឆ្លើយតបទៅនឹងជំងឺគ្រុនផ្តាសាយធំនេះ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តទាំង ០៨នេះ បានធ្វើសកម្មភាពយ៉ាងសកម្ម និងឆ្លើយតបយ៉ាងរហ័ស ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា និងផ្តល់ការព្យាបាលជូនព្រះសង្ឃ និងអ្នកជំងឺបានជាសះស្បើយ ១០០ភាគរយហើយសម្រាប់ខេត្តចំនួន០៧ នៅសល់តែខេត្តកំពង់ធំ ដែលបានជាសះស្បើយ ១៥ភាគរយហើយ ដែលនឹងអាចមានការជាសះស្បើយជាបណ្តើរៗទៀតក្នុងពេលខាងមុខនេះ»។
លោកស្រីបានបន្តថា គិតត្រឹមថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ ២០២០នេះ ព្រះសង្ឃ និងអ្នកជំងឺគ្រុនផ្តាសាយធំ សរុបមានចំនួន ៥៧៥នាក់ ក្នុងនោះមានស្ត្រី៧២នាក់ ដែលមានដូចខាងក្រោមនេះ ៖
១)-ខេត្តតាកែវ ៖ ព្រះសង្ឃសាមណេ ចំនួន ៣៦អង្គ បានជាសះស្បើយអស់ហើយ។
២)-ខេត្តព្រះវិហារ ៖ ក្រុមអ្នកជាប់ទោសក្នុងពន្ធនាគារ ចំនួន ១៤៧នាក់ ក្នុងនោះមានស្ត្រី ១៨នាក់ បានជាសះស្បើយអស់ហើយ។
៣)-ខេត្តបាត់ដំបង ៖ ក្រុមព្រះសង្ឃចំនួន ៤៦អង្គ បានជាសះស្បើយអស់ហើយ។
៤)-ខេត្តត្បូងឃ្មុំ ៖ ក្រុមព្រះសង្ឃចំនួន ១៧អង្គ បានជាសះស្បើយអស់ហើយ។
៥)-ខេត្តបន្ទាយមានជ័យ ៖ ក្រុមព្រះសង្ឃចំនួន ២៦អង្គ បានជាសះស្បើយអស់ហើយ។
៦)-ខេត្តកោះកុង ៖ ក្រុមអ្នកជាប់ទោសក្នុងពន្ធនាគារចំនួន ១៦៩នាក់ ក្នុងនោះមានស្ត្រី ១១នាក់ បានជាសះស្បើយអស់ហើយ។
៧)-ខេត្តរតនគីរី ៖ ប្រជាជនក្នុងសហគមន៍រស់នៅក្នុងតំបន់គ្របដណ្តប់នៃ មណ្ឌលសុខភាពសោមធំ ស្រុកអូរយ៉ាដាវចំនួន ៦៧នាក់ បានជាសះស្បើយអស់ហើយ។
៨)-ខេត្តកំពង់ធំ ៖ ក្រុមអ្នកទោសចំនួន ៦៧នាក់ បានជាសះស្បើយចំនួន ១០នាក់ហើយ កំពុងតែបន្តការយកចិត្តទុកដាក់ព្យាបាលដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព