ក្រុមអ្នកពន្លត់អគ្គភ័យជាង ៩០០០ នាក់កំពុងព្យាយាមរារាំងភ្លើងឆេះព្រៃចំនួន ២៩ កន្លែងនៅទូទាំងទីក្រុងវ៉ាស៊ីនតោន និងតំបន់អូរីហ្គោន រួមទាំងសមុទ្រភ្លើងដ៏ខ្លាំងខ្លានៅភាគអាគ្នេយ៍នៃទីក្រុងផតលែនសហរដ្ឋអាមេរិកផងដែរ។
ក្រោមអំណាចនៃអគ្គភ័យដ៏អាក្រក់នេះ កាលពីថ្ងៃសៅរ៍នេះ បានបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សយ៉ោងហោចណាស់ ៨នាក់នៅអូរីហ្គន និងម្នាក់ផ្សេងទៀតនៅវ៉ាស៊ីនតោន។ ឥទ្ធិពលអគ្គិភ័យនេះ មានទំហំដល់ទៅ ១,៧ លានហិចតា (៦៥០.០០០ ហិចតា) បើគិតត្រឹមរដ្ឋទាំងពីរនេះ។
បន្ទាប់ពីទីក្រុងតូចៗជាច្រើនត្រូវបានដុតបំផ្លាញរួចមក មន្ត្រីគ្រប់គ្រងគ្រោះអាសន្នអូរីហ្គិនបានព្រមានថា ចំនួនអ្នកស្លាប់នៅទីនោះអាចនឹងកើនឡើង។ ហេតុនេះហើយ អជ្ញាធរក៏កំពុងសស្រាក់សស្រាំជម្លៀសប្រជាជនរបស់ខ្លួនទៅកន្លែងសុវត្ថិភាពផងដែរ។ ហើយផ្ទះរាប់ពាន់ខ្នង ត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើងអស់ទៅហើយ។
ស្របពេលនឹងគ្រោះមហន្តរាយដ៏អាក្រក់នេះ លោក David Roth អ្នកឧតុនិយមនៅមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុបានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃទៀតនឹងមានភ្លៀងធ្លាក់ (ពី ២ ទៅ ៤ អ៊ីញ) នៅសប្តាហ៍ក្រោយ សម្រាប់តំបន់ឆ្នេរសមុទ្រ Oregon និងផ្នែកខ្លះនៃភ្នំ Cascade ។
បើទោះបីជាត្រូវរង់ចាំដល់ទៅ ៣ ទៅ ៧ថ្ងៃទៀតក៏ដោយ អាកាសធាតុបច្ចុប្បន្នក៏បានសម្រួលដល់កិច្ចប្រឹងប្រែងពន្លត់អគ្គិភ័យនេះផងដែរ ដោយអាកាសធាតុចាប់ផ្តើមត្រជាក់ ហើយសើម។ ប៉ុន្តែស្របតាមរបាយការណ៍អគ្គិភ័យបានសរសេរថា បន្ទាប់ពីមានភ្លៀងធ្លាក់នៅភាគខាងលិចកាលពីលើកមុន នៅតំបន់ភ្នំកាសេតក៏ដោយ ក៏ភ្លើងនៅតែឆេះនៅក្នុងស្រទាប់ជ្រៅនៃរុក្ខជាតិដែលបានងាប់ជាយូរមកហើយនោះផងដែរ។ ដូច្នេះ ភ្លៀងអាចរួមចំណែកតូចមួយប៉ុណ្ណោះ៕