ប្រទេសជប៉ុន ៖ ការប្រកួតមួយនៅលីគបាល់ទាត់កំពូលជប៉ុន J League 1 នៅថ្ងៃអាទិត្យនេះ ត្រូវបានស្ថាប័ន J League សម្រេចលុបចោល បន្ទាប់ពីរកឃើញកីឡាករ និងបុគ្គលិកសរុបចំនួន ៣នាក់ក្នុងក្រុម Nagoya Grampus តេស្តវិជ្ជមានកូវីដ១៩។
ការប្រកួតក្នុងផ្ទះរបស់ក្រុម Sanfrecce Hiroshima ទល់នឹងក្រុម Nagoya Grampus គឺជាការប្រកួតលើដំបូងដែលត្រូវលុបចោល ចាប់តាំងពីលីគជប៉ុនចាប់ផ្តើមឡើងវិញកាលពីដើមខែកក្កដា។ បច្ចុប្បន្នប្រទេសជប៉ុនកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំង ទៅនឹងការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ជាពិសេសនៅក្នុងទីក្រុងតូក្យូ និងទីក្រុងអូសាកា ដែលអាចបង្កការភ័យខ្លាចអំពីរលកឆ្លងលើកទី២ ។
ខ្សែការពារ Kazuya Miyahara ជាមនុស្សដំបូងគេដែលឆ្លងវីរុស បន្ទាប់ពីចាប់ផ្តើមគ្រុនក្តៅ និងឈឺក្បាលកាលពីថ្ងៃសុក្រ ហើយបានធ្វើតេស្តមានសញ្ញាវិជ្ជមាន។ ក្រោយទទួលបានដំណឹងនេះ ក្លិប Nagoya Grampus បានសម្រេចធ្វើតេស្តកីឡាករ និងមន្ត្រីចំនួន ៦០នាក់ផ្សេងទៀត ហើយបន្តរកឃើញកីឡាករម្នាក់ និងបុគ្គលិកម្នាក់ផ្សេងទៀត ក៏មានសញ្ញាវិជ្ជមានផងដែរ។
សូមរំលឹកថា កីឡាជាច្រើនរួមទាំងបាល់ទាត់របស់ជប៉ុន ទើបតែបានអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានវិញ កាលពាក់កណ្តាលខែកក្កដា ក្រោមវិធានការដ៏តឹងរឹងបំផុត។ ខណៈដែលកាលពីថ្ងៃសៅរ៍ ប្រទេសនេះបានរកឃើញករណីឆ្លងថ្មីចំនួន ៨០៩ករណី ដែលធ្វើឱ្យចំនួនសរុបមានដល់ ២៨,៧៨៦ករណី ខណៈអ្នកស្លាប់មានចំនួន ៩៩៣នាក់គិតត្រឹមថ្ងៃទីអាទិត្យនេះ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព