Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

២ថ្ងៃជាប់គ្នា ប្រុសស្រី៣នាក់មកបញ្ចប់ជីវិតលើស្ពាន​ជ្រោយចង្វា

រាជធានី​ភ្នំពេញ​ ៖ ​មានករណីបុរស​២នាក់ និង​ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា ​ក្នុង​នោះ​ស្ត្រី​ម្នាក់​​លោតទឹក​បាន​សម្រេច តែ​ត្រូវ​បាន​អ្នកនេសាទ​ចេញ​ទូក​ទៅ​ជួយ​ស្រង់​សង្គ្រោះ​ទាន់ ​ចំណែក​​បុរស​២​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​មិន​ទាន់​បាន​លោត​នោះ​ទេ​។

​ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​​ឱ្យ​​មានការ​ភ្ញាក់ផ្អើលជា​បន្តបន្ទាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ កក្កដា និង​រសៀល​ថ្ងៃ​ទី​២៥​ ខែ​កក្កដា ឆ្នាំ​២០២០ ​នៅ​ចំណុច​​លើ​ស្ពាន​ជ្រោយចង្វារ ស្ថិត​នៅ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​ និង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ​។

តាមប្រភព​​ព័ត៌មាន​​បាន​អោយ​ដឹង​ថា ​ករណី​ទី​១-​ជា​ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​ពីលើ​ស្ពាន​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកក្កដា ​ឆ្នាំ ២០២០ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ស្ត្រី​មាន​វិបត្តិ​រូប​នោះ ត្រូវ​បាន​នគរបាល​ស្គាល់​តាមរយៈ​អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​​មួយសន្លឹកគឺ​ឈ្មោះ​នុយ សុ​ភ័​ក្រ ភេទ​ស្រី អាយុ​២៤​ឆ្នាំ​មាន​លំនៅ​ផ្ទះ​លេខ​៩៧ ភូមិ​ជា​មន្ត្រី ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង​។

តាម​ប្រភពពី​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រូប​នោះ​បាន​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វា​ពី​ទិស​ខាងលិច ​នៅ​ពេល​ឡើង​ជិត​ដល់​កណ្តាល​ស្ពាន គេ​ឃើញ នាង​ដើរ​ចុះឡើង​ៗ រួច​ក៍​ទុក​កាបូប​នោះនៅ​​លើ​ស្ពាន ហើយ​​លោត​ចូល​ទៅ​ក្នុង​ទន្លេ​តែ​ម្តង ។ ​ភ្លាម​ៗក៏មាន​បងប្អូន​​ជនជាតិខ្មែរ​​អ៊ិ​ស្លា​ម​ដែល​ក​ពុង​តែ​នេសាទ​ត្រី​នៅ​ក្រោម​ស្ពាន​ចេញ​ទូក​ទៅ​ជួយ​ស្រង់ ​និង​​បី​នាង​ឡើង​ច្រាំង ហើយ​នាង​សន្លប់​មិនដឹង​ខ្លួននោះទេ​ បន្ទប់មក​នគរបាល​ក៍បាន​ទាក់ទង​ហៅ​រថយន្ត សា​ម៉ុ​យ​​ឱ្យ​មក​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។

ទាក់ទិន​​ករណី​​នេះ គេ​ពុំ​ដឹង​ថា នារី​រូប​នោះ​មាន​វិបត្តិ​អ្វី​ឡើយ ។ ​បើ​តាម​នគរបាល​មាន​អោយ​ដឹង​ថា ប្រហែលជា​នាង​មាន​វិបត្តិ​អ្វី​ធ្ងន់ធ្ងរ ទើប​បានជា​គិត​ខ្លី​មក​លោតទឹក​ទាំង​វ័យក្មេង​បែប​នេះ​ ​។

ដោយឡែក ​ករណី​​ទី​២-ជា​បុរស​ម្នាក់​​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ នៅ​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែ កក្កដា ឆ្នាំ ២០២០ ​ប៉ុន្តែ​មិន​ទាន់​បាន​លោត​នោះ​ទេ ត្រូវ​បាន​នគរបាល​និង​កម្លាំង​សណ្តាប់ធ្នាប់​ឃាត់​ទាន់ ។

តាម​​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេលកើតហេតុ គេ​ឃើញ​បុរស​ម្នាក់មិន​ស្គាល់​អត្តសញ្ញាណនោះទេ​ អត់​ពាក់អាវ​ បាន​ធ្វើ​ដំណើរឡើងស្ពាន ដោយ​ទឹកមុខ​ស្រងូត​ស្រ​ង៉ា​ត់ តោង​បង្កាន់ដៃស្ពាន​ប្រុង​លោតទឹក​ដែរ ប៉ុន្តែ​​បុរស​រូបនោះ​ហាក់ដូចជា​ពុំ​ដាច់​ចិត្ត​នោះ​ទេ ។ ​បន្ទាប់​ពី​ឃាត់ខ្លួន នគរបាល​ក៍បាន​នាំ​ទៅធ្វើការ​​សាកសួរ​នៅ​ប៉ុស្តិ៍​ស្រះ​ចក និង​ណែនាំ កុំអោយ​គិត​ខ្លី រួច​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

នៅ​ពេល​ដំណាលគ្នានោះដែរ​ នៅ​វេលា​ម៉ោង​ប្រមាណ​២និង​៣០នាទី​​រសៀលថ្ងៃទី​​​២៥ កក្កដា​ ​មាន​បុរស​​ម្នាក់ទៀត​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​​មកលោត​​ទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​ដែរ តែ នៅ​ខាង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​ប៉ុន្តែ​មិន​ទាន់​បាន​លោត​ផង ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ដើម្បី​សួរនាំ​។

បុរស​រូប​នោះឈ្មោះ​លី សុវណ្ណ​យុទ្ធ​ អាយុ​៣៧​ឆ្នាំ​ ជា​ជាង​រថយន្ត មាន​លំនៅ​ម្តុំ​ចំការ​ដូង ក្នុង សង្កាត់​ដ​ង្ហោ​ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាមប្រភពពី​​បុរស​រូប​នោះ​បាន​ប្រាប់​អោយ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​អោយ​​គាត់​​គិត​ខ្លី មក​លោតទឹក​​ពី​​លើ​ស្ពាន​ជ្រោយចង្វារបែបនេះ​ ​ព្រោះ​​រឿង​ស្នេហា ដោយសារ​គាត់​តូចចិត្ត​ខ្លួនឯង ដែល​បាន​ស្រឡាញ់​នារី​ម្នាក់​ធ្វើការ​តាម​ហាង​ពេល​រាត្រី​ប្រមាណ​កន្លះ​ឆ្នាំ​មក​ហើយ និង​រស់នៅ​ជាមួយ​គ្នា​​ ​​ដោយនារីនោះ​​មាន​ផ្ទៃពោះ​១​ខែ ​ប៉ុន្តែ​ត្រូវ​បាន​ឪពុក​ម្ដាយ​របស់​​គាត់​មិន​ពេញចិត្ត មិន​ទទួលស្គាល់ ​ទើប​ធ្វើ​ឲ្យ​​គាត់​​ខូចចិត្ត​ក៍​ជិះ​ម៉ូតូ​ពី​សង្កាត់​ដង្កោ ​ខណ្ឌដង្កោ មក​លោតទឹក​តែ​ម្តង​។

​បន្ទាប់​ពី​ឃាត់ខ្លួន សាកសួររួច នគរបាល​ប៉ុស្តិ៍​ជ្រោយចង្វារ​ក៍បាន​ណែនាំ​កុំអោយ​គិត​ខ្លី ហើយ​ទាក់ទង​ទៅ​បងប្អូន​ឱ្យ​មក​នាំ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕​ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9527548