
តារាសម្តែងស្រីដ៏ល្បី មាន សូនីតា បានជួបរឿងខកចិត្តហួសថ្លែង ដោយសារតែមានម្ទាស់ផេកមួយចំនួនបានកាត់តរូបភាពរបស់នាងជាទម្រង់អាសអាភាស និងសរសេរពាក្យមិនសមរម្យមួយចំនួន ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាងធ្ងន់ធ្ងរ រហូតនាងព្រមានប្តឹងម្ចាស់ផេកនោះ បើសិនមិនចេញមុខសុំទោសរូបនាងជាសាធារណៈ ។
ទីបំផុត ស្រីស្អាត ដែលមានរហ័សនា «រាជនីក្រមា» បានប្រកាសលើកលែងទោសបញ្ចប់រឿង មិនប្តឹងផ្តល់ ក្រោយពីម្ចាស់ផេករូបនោះបានចេញមុខទទួលស្គាល់កំហុស និងសុំទោសរូបនាងជាសាធារណៈ ។
បន្ទាប់ពីមានមានរឿងឈឺក្បាលពីការបំពានប្រមាថដល់កិត្តិយសរបស់នាង តាមរយៈបណ្តាញសង្គមរយៈពេលប៉ុន្មានថ្ងៃនេះ ពេលនេះម្ទាស់ផេកដែលមានឈ្មោះថា «Entertainment» បានចេញជាវីដេអូសុំទោសចំពោះមុខ ស្រីស្អាតរូបនេះជាសាធារណៈទៅលើទង្វើដែលធ្វើមិនល្អចំពោះនាង ។ នេះបើយាងតាមការ live ជាវីដអូរបស់កញ្ញា មាន សូនីតា កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។
តាមរយៈការបង្ហាញរបស់នាង ម្ទាស់ផេកដែលត្រូវបានគេរាយការណ៍ថាយករូបនាងទៅកាត់.ត បែបអាសអាភាស គឺជាបុរសវ័យក្មេងមួយរូបដែលមានអាយុប្រហែលជាង ២០ឆ្នាំ បានលើកដៃ សំពះសុំទោសទៅដល់រូបនាងនូវកំហុសដែលបានបំពានដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយសជាអ្នកសិល្បៈ និងជាស្ត្រីខ្មែរមួយរូប ហើយបុរសរូបនោះក៏បានសន្យានឹងឈប់ធ្វើនូវរឿងទាំងនោះតទៅទៀតផងដែរ។
យ៉ាងណាមិញ កញ្ញា មាន សូនីតា បានបញ្ជាក់យ៉ាងច្បាស់តាមរយៈការ live នោះផងដែរថា«ដោយនេះជាលើកទី១ ទើបនាងខ្ញុំទទួលការសុំទោសនេះជាសាធារណៈ តែបើមានផេកផ្សេងទៀតធ្វើរឿងមូយនេះជាលើកទី២ និងលើកទី៣ នាងខ្ញុំនឹងធ្វើតាមនីតិវិធីផ្លូវច្បាប់» ហើយក៏សូមសំណូមពរដល់ម្ទាស់ផេកទាំអស់ ដែលមានកុំយករូបនាងទៅធ្វើការបំពានដល់កិត្តិយសតទៅទៀត មិនថាតែរូបនាងនោះទេ រួមទាំងអ្នកសិល្បៈទាំងអស់ផងដែរ៕ដោយ៖ កោះសន្តិភាព