វៀតណាម ៖ ប្រទេសវៀតណាមបានរកឃើញករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូង ក្រោយស្ងាត់បានរយៈពេលជិត១០០ថ្ងៃ បន្ទាប់ពីមានការការពារការឆ្លងបានយ៉ាងល្អប្រសើរ។
អ្នកជំងឺកូវីដ១៩ ឆ្លងទី៤១៦ គឺជាបុរសជនជាតិវៀតណាម ដែលចូលនិវត្តន៍ មានអាយុ៥៧ឆ្នាំ នៅភាគខាងត្បូងទីក្រុង Danang។ គាត់គឺជាករណីឆ្លងក្នុងសហគមន៍ដំបូងគេ ក្រោយពីស្ងាត់បានចាប់តាំងពីថ្ងៃទី១៦ ខែមេសា។
ក្រសួងសុខាភិបាលបាននិយាយថា មន្ត្រីសុខាភិបាលក្នុងតំបន់បានធ្វើតេស្តមនុស្សចំនួន ១០៥នាក់ ដែលបានទាក់ទងជិតស្និទ្ធជាមួយគាត់។ អាជ្ញាធរបាននិយាយថា បុរសនោះបាននាំម្តាយរបស់គាត់ទៅកាន់មន្ទីរពេទ្យកាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីបង្ហាញរោគសញ្ញានៃជំងឺនេះ ប៉ុន្តែមិនបានបញ្ជាក់ពីរបៀបដែលគាត់ឆ្លងនៅក្នុងសហគមន៍ទេ។
ក្រសួងបាននិយាយថា៖ «អ្នកជំងឺកំពុងដាក់ម៉ាស៊ីនដកដង្ហើម ដោយសារប្រព័ន្ធដង្ហើមមិនដំណើរការ។ គ្រួសាររបស់គាត់ជឿជាក់ថា ទំនាក់ទំនងរបស់គាត់ជាមួយអ្នកដទៃមានកម្រិត»។
របាយការណ៍នោះបាននិយាយថា៖ «គាត់មិនបានចេញទៅក្រៅទីក្រុងទេ ហើយបានស្នាក់នៅក្នុងផ្ទះ ដើម្បីមើលថែទាំចៅរបស់គាត់ និងទាក់ទងជាមួយអ្នកជិតខាងគាត់ ហើយមិនបានទាក់ទងជាមួយជនចម្លែកទេ»។
គួរបញ្ជាក់ថា ប្រទេសវៀតណាម មិនមានករណីបាត់បង់ជីវិត សូម្បីតែមួយដោយសារជំងឺកូវីដ១៩ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព