ប្រទេសកាតា ៖ លោក Xavi Hernandez អតីតខ្សែបម្រើក្រុម Barcelona និងជម្រើសជាតិអេស្ប៉ាញ ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុម Al-Sadd នៅលីគកំពូលកាតា (QSL) ត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា បានតេស្តវិជ្ជមានកូវីដ១៩ ខណៈលីគទើបបើកដំណើរការឡើងវិញជាលើកដំបូង ។
Xavi ដែលទើបតែសម្រេចបន្តកុងត្រាជាមួយក្លិបកាលនៅថ្ងៃទី៥ ខែកក្កដាកន្លងទៅ បានផ្តាច់ខ្លួននៅដាច់ដោយឡែកពីគេ ដើម្បីបន្តតាមដាន និងទទួលការព្យាបាល។ ហើយបរុសវ័យ ៤០ឆ្នាំរូបនេះ បានអវត្តមានដឹកនាំក្រុមសម្រាប់ការប្រកួតលើកដំបូងក្នុងលីគកំពូលកាតា (QSL) កាលពីថ្ងៃសៅរ៍។ ខណៈក្រុម Al-Sadd បានយកឈ្នះលើក្រុម Al Khor ដោយលទ្ធផល ២-១។
សូមរំលឹកថា លីគកំពូលកាតា (QSL) បានចាប់ផ្តើមឡើងវិញកាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានផ្អាកចាប់តាំងពីខែមីនា ដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩។ គិតត្រឹមសប្តាហ៍ទី១៨ក្រុម Al-Sadd កំពុងឈរនៅចំណាត់ថ្នាក់លេខ៣ មាន៣៥ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Al-Duhail ចំនួន៨ពិន្ទុ ខណៈនៅសល់ ៤ប្រកួតទៀតត្រូវដើម្បីបញ្ចប់រដូវកាល ២០១៩-២០៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព