ថ្វីបើកុហក ឬភូតភរជាបម្រាមស្ថិតនៅក្នុងសិក្ខាបទមួយក្នុងចំណោមសិក្ខាបទទាំង៥ដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមឃាត់ក៏ដោយ តែមានពេលខ្លះសម្តីកុហកក៏អាចផ្តល់ផលប្រយោជន៍ដល់អ្នកនិយាយដែរ និងគ្មានមនុស្សណាមកចាប់ទោសអូសដំណើរអ្វីទេប្រសិនបើគេប្រើវាសម្រាប់ដោះទាល់ឬការពារសុវត្ថិភាពរបស់ខ្លួន ឬសុវត្ថិភាពមនុស្សដទៃនោះ ព្រោះកុហកគ្រាន់តែដើម្បីជាផលប្រយោជន៍តែប៉ុណ្ណោះ ។
ប៉ុន្តែការពោលពាក្យកុហកមួយចំនួននឹងនាំផលអវិជ្ជមានដល់ខ្លួនផង និងដល់មនុស្សដទៃផងដែរ ឧទាហរណ៍ ដូចខ្លួនមិនចេះអ្វីសោះ តែពោលពាក្យអួតអាងថាចេះចំណេះនេះ ចេះចំណេះនោះ ហើយយកពាក្យភូតកុហកទាំងនេះទៅបោកបញ្ឆោតគេដើម្បីប្រយោជន៍ផ្សេងៗ ។
កុហកបែបនេះគឺជាការពោលពាក្យកុហកដែលបង្កឲ្យអ្នកដទៃកើតក្តីវិបត្តិ បាត់បង់ប្រយោជន៍ ខាតពេលវេលាពិតជាមិនល្អឡើយ គួរលះចេញ ។ ដោយ៖ កោះសន្តិភាព