សព្វសត្វដែលកើតមកក្នុងលោកសន្និវាសនេះសុទ្ធតែជួបនូវសេចក្តីទុក្ខគ្រប់ៗប្រាណ គ្មានជីវិតសត្វណាដែលថាមិនដែលជួបសេចក្តីទុក្ខនោះទេ គឺមិនមានឡើយ គ្រាន់តែសេចក្តីទុក្ខនោះវាកើតឡើងខុសៗគ្នា ប្លែកៗគ្នាប៉ុណ្ណោះ ។ សេចក្តីទុក្ខនោះមានច្រើនណាស់តែទុក្ខធំបំផុតមាន៦យ៉ាងគឺៈ
១-ទុក្ខព្រោះការចាស់ជរានៃជីវិត ២-ទុក្ខព្រោះជីវិតខកបំណង ឬក៏ជីវិតបរាជ័យ ៣-ទុក្ខព្រោះជីវិតមានរោគាព្យាធិ៤-ទុក្ខព្រោះការប្រកបរបរចិញ្ចឹមជីវិត ៥-ទុក្ខព្រោះការស្លាប់បាត់បង់ព្រាត់ប្រាស់ទៅនៃជីវិត និង៦-ទុក្ខព្រោះការកើតនៅក្នុងសង្សារវដ្ដ ។
សឹងតែនឹងនិយាយបានថា ក្នុងមួយជាតិកំណើតនៃជីវិតនេះ គឺពោរពេញទៅដោយសេចក្តីទុក្ខគ្រប់ដង្ហើមចេញចូលទាំងអស់ ទោះបីជាស្តេចគ្រប់គ្រងផែនដី ជាមន្ត្រី សេដ្ឋី រាស្ត្រប្រុសស្រី អ្នកមាន អ្នកក្រក៏ជីវិតអ្នកទាំងអស់នោះនូវតែមានសេចក្តីទុក្ខគ្របសង្កត់ដូចគ្នា ព្រោះការកើត ចាស់ ឈឺ ស្លាប់ គឺជាមរតករបស់ជីវិត ដែលមនុស្សយើងត្រូវតែទទួលយកគ្រប់ៗរូប ។
ដូចព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្តែងថា ពួកជនណាៗទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនឡាយទាំងនោះតែងមានសេចក្តីស្លាប់នៅពីខាងមុខគ្រប់ៗប្រាណ ។
ដោយ៖ កោះសន្តិភាព