រាជធានីភ្នំពេញ ៖ ទីបំផុត ចោរថ្លើមធំដែលបានបន្លំជាម្ចាស់ផ្ទះសំណាក់«មហារុងរឿង»ពីខេត្តតាកែវ ដោយយកសោពីភ្ញៀវបើករថយន្តជិះគេចខ្លួនបាត់នោះ គឺត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីតាមក្របួច.កជាប់ហើយ នារសៀលថ្ងៃទី១៩ កញ្ញា នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន កម្លាំងបាននាំខ្លួនទៅសាកសួរ រួមទាំងវត្ថុតាងរថយន្តរបស់ជនរងគ្រោះ ។
សូមរំលឹកថា ក្នុងចន្លោះម៉ោង២១ ដល់ម៉ោង២៣ថ្ងៃទី១៨ កញ្ញា ស្ថិតនៅចំណុចផ្ទះសំណាក់ មហារុងរឿង ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីចោរបន្លំលួចយករថយន្តមួយគ្រឿង ម៉ាកRivo ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានដោយសុវត្ថិភាពក្នុងរូបភាពធ្វើជាម្ចាស់ផ្ទះសំណាក់ ។
សេចក្តីរាយការណ៍បន្តថា មុនកើតហេតុ ជនរងគ្រោះបានមកស្នាក់នៅផ្ទះសំណាក់មហារុងរឿងនេះ ។ លុះដល់វេលាម៉ោងខាងលើ មានជនសង្ស័យម្នាក់ បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារសុំសោរថយន្តពីម្ចាស់ថាយកទៅរៀបចំរថយន្តឲ្យមានសណ្តាប់ធ្នាប់ ។
រហូតមកទល់ម៉ោងរំលងអធ្រាត្រ ទើបម្ចាស់រថយន្តឆោឡោនិងបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីឲ្យសមត្ថកិច្ចតាមដានមុខសញ្ញា នឹងឈានដល់ការចាប់ខ្លួន ជនក្លែងបន្លំជាចោរលួចរថយន្តក្នុងផ្ទះសំណាក់នោះ យកមកផ្តន្ទាទោសតាមច្បាប់ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព