សម្តេចតេជោ ផ្ញើសារអបអរសាទរនាយករដ្ឋមន្ត្រីជប៉ុនថ្មី និងបង្ហាញជំហរធ្វើកិច្ចប្រតិបត្តិការ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានផ្ញើសារជូនពរនាយករដ្ឋមន្ត្រីជប៉ុនថ្មី ដែលទើបជាប់ឆ្នោត កាលពីថ្មីកន្លងមកនេះ និងបានបង្ហាញពីជំហរធ្វើកិច្ចប្រតិបត្តិការទ្វាភាគី ។
យោងតាមលិខិតរបស់សម្តេចតេជោ ចេញផ្សាយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ផ្ញើជូនឯកឧត្តម ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងយ៉ាងដូច្នេះថា៖«តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅបំផុត ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន បន្ទាប់ពីទទួលបានជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជាប្រធានដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP)កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០) ។
សម្តេចបានសរសេរបន្តថា ៖ ជ័យជំនះយ៉ាងត្រជាក់ត្រចង់នេះ បានឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងមុតមាំរបស់សមាជិកគណបក្ស LDP ក៏ដូចជា ទំនុកចិត្តរបស់ប្រជាជនជប៉ុនចំពោះទស្សនៈវិស័យគោលនយោបាយ និងភាពដឹកនាំរបស់ឯកឧត្តមក្នុងការជំនះឲ្យបាននូវវិបត្តិកូវីដ១៩ និងការស្តាសេដ្ឋកិច្ចឡើងវិញ ក៏ដូចជា ការធានាឲ្យបាននូវអនាគតរបស់ប្រទេសជប៉ុនប្រកបដោយសន្តិភាព និងវិបុលភាព ។ សម្តេចតេជោ គូសបញ្ជាក់ថា«ខ្ញុំត្រៀមខ្លួនធ្វើការយ៉ាងជិតស្និតជាមួយឯកឧត្តម ក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរព្រមទាំង ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក» ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព