បុគ្គលិកម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីសត្វខ្លាមួយក្បាលបានត្របាក់ខាំ ខណៈពេលដែលជនរងគ្រោះកំពុងឱ្យចំណីសត្វខ្លានៅក្នុងឧទ្យាន elephant kingdom នៅទីក្រុង Pattaya កាលពីរសៀលថៃ្ងសៅរ៍នេះ។
ក្រុមសង្គ្រោះបន្ទាន់ត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុនេះនៅម៉ោង ៣ និង ២០ នាទីរសៀលនៅឧទ្យាន elephant kingdom ស្រុក Huayyai សង្កាត់ Banglamung ។ ពេលទៅដល់កន្លែងកើតហេតុ ក្រុមសង្គ្រោះ និងកាសែត The pattaya បានប្រទះឃើញជនរងគ្រោះឈ្មោះ Thitiphong Makkarom អាយុ ៣២ ឆ្នាំ រងរបួសត្រង់ជើង ដៃនិងត្រចៀក ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។
មិត្តភក្តិរបស់ជនរងគ្រោះបានប្រាប់កាសែត The pattaya ថា មុនពេលកើតហេតុជនរងគ្រោះកំពុងដាក់ចំណីដល់សត្វខ្លាចំនួន ៣ ក្បាលដែលនៅក្នុងទ្រុងជាធម្មតា ស្រាប់តែសត្វខ្លាមួយក្បាលបានលោតហក់មកលើជនរងគ្រោះហើយក្រោយមកសត្វខ្លាបានខាំនិងវាយប្រហារមកលើជនរងគ្រោះតែម្តង។ បន្ទាប់មកមិត្តភក្តិរបស់ជនរងគ្រោះបានឃើញហើយជួយទាញជនរងគ្រោះចេញពីសត្វខ្លារហូតជួយសង្គ្រោះជនរងគ្រោះចេញពីសត្វខ្លាបាន។ តាមប្រភពបានឱ្យដឹងថា ឧទ្យាន elephant kingdom មិនទាន់ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការវិញនៅឡើយទេ ក្រោយមានការរាតត្បាតមេរោគកូវីដ១៩ ហើយបច្ចុប្បន្ននេះបុគ្គលិកកំពុងតែមើលថែសត្វ និងសម្អាតបរិស្ថានក្នុងឧទ្យាន។ បច្ចប្បន្ននេះ ប៉ូលិសកំពុងស៊បអង្គេតចំពោះឧប្បត្តិហេតុជាបន្តទៀត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news