ក្លិបបាល់ទាត់ Udinese បានចុះហត្ថលេខាផ្ទេរយកកីឡាករ Tolgay Arslan ពីក្លិប Fenerbahce ដោយជោគជ័យហើយ។
ក្រោយបញ្ចប់ការចរចាគ្នារួចមក ក្លិប Fenerbahce បានព្រមព្រៀងលក្ខខណ្ឌគ្នាជាមួយនឹងក្លិប Udinese ដោយសម្រេចអនុញ្ញាតឱ្យកីឡាករ Arslan ចាកចេញដោយគ្មានតម្លៃខ្លួនផ្ទេរ ដោយសាររូបគេបានផុតកុងត្រាជាមួយនឹងក្លិបហើយ។ ក្លិប Udinese បានបញ្ជាក់ថា Arslan នឹងទទួលពាក់អាវស្លាកលេខ ២២ ជាមួយនឹងកិច្ចសន្យារយៈ ២ ឆ្នាំ។
កីឡាករខាងលើមានជំនាញលេងជាខ្សែបម្រើ រូបគេអាចទាត់បាល់បញ្ចូលទីបាន ២ គ្រាប់ ក្នុងអំឡុងពេលលេងឱ្យក្លិប Fenerbahce ចាប់តាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២០។
ខ្សែបម្រើ វ័យ ៣០ ឆ្នាំ សញ្ជាតិអាល្លឺម៉ង់ រូបនេះ ធ្លាប់លេងនៅក្លិបដូចជា Hamburger SV, Alemannia Aachen និង Besiktas មុននឹងផ្លាស់មកចូលរួមជាមួយ Fenerbahce ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia