Apple Pay គឺជាសេវាកម្មទូទាត់តាមទូរស័ព្ទចល័ត និងកាបូបឌីជីថលដោយក្រុមហ៊ុន Apple Inc. ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់ប្រាក់ដោយផ្ទាល់នៅក្នុងកម្មវិធី iOS និងនៅលើអ៊ីនធឺណេត ហើយវាប្រើបានតែចំពោះ iPhone, Apple Watch, iPad និង Mac ដែលជាផលិតផលរបស់ក្រុមហ៊ុន Apple តែប៉ុណ្ណោះ។
យោងតាមសេចក្ដីរាយការណ៍ទទួលបានពីអឺរ៉ុបដោយ Bloomberg ក្រុមហ៊ុន Apple ប្រហែលត្រូវបង្ខំចិត្តលាតត្រដាងតិកនិកបច្ចេកវិទ្យាអាថ៌កំបាំងពីក្រោយការទូទាត់ប្រាក់ឥតប្រើទំនាក់ទំនងរបស់ Apple Pay ដល់ក្រុមហ៊ុនផ្សេងទៀត។
របាយការណ៍នេះគ្រោងនឹងដាក់នៅសប្ដាហ៍ក្រោយហើយស្នើច្បាប់ថ្មីដែលនឹងបញ្ឈប់ក្រុមហ៊ុនផលិតស្មាតហ្វូនពីការលាក់ព័ត៌មានបច្ចេកវិទ្យាទូទាត់ប្រាក់ឥតខ្សែទាំងក្នុងស្មាតហ្វូន និងឧបករណ៍ផ្សេងទៀត។
សេចក្ដីលើកឡើងគឺបានន័យថាធនាគារ និងម្ចាស់ផ្ដល់សេវាកម្មផ្សេងៗអាចផ្ដល់សេវាកម្មតាមរយៈកម្មវិធី(Apps)ទូទាត់ប្រាក់បច្ចុប្បន្នក្នុងស្មាតហ្វូន។ គួរបញ្ជក់ផងដែរថាកាលពីពេលកន្លងទៅនេះក្រុមហ៊ុន Apple ក៏បានជំទាស់ចំពោះការអនុញ្ញាតឲ្យប្រព័ន្ធទូទាត់ប្រាក់ដទៃទៀតដំណើរការជាមួយបន្ទះឈីបរបស់ខ្លួន ដោយហេតុថាវាអាចប្រឈមនឹងហានិភ័យនៃការក្លែងបន្លំព្រោះវានឹងបំបែកបន្ទះឈីបពីប្រតិបត្តិការសុវត្ថិភាពរបស់ Apple។
អ្វីដែលគួរឲ្យបារម្ភនោះទីមួយនោះគឺក្រុមហ៊ុន Apple ដាក់លក្ខខណ្ឌដល់ឈ្មួញដែលចង់ប្រើសេវាកម្ម Apple Pay គឺ “វាប៉ះពាល់ដល់ទម្រង់នៃការប្រកួតប្រជែង និងកាត់បន្ថយជម្រើសព្រមទាំងការច្នៃប្រឌិតថ្មី”។
ទីពីរគឺថាឧបករណ៍ដំណើរការដោយ iOS អនុញ្ញាតឲ្យប្រើតែ Apple Pay និងគ្មានប្រព័ន្ធទូទាត់ឥតខ្សែដទៃទៀត។ វាក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតចំពោះការចោទប្រកាន់ដែលថាក្រុមហ៊ុន Apple បានរឹតត្បិតសិទ្ធប្រើប្រាស់ Apple Pay លើផលិតផលកម្មសិទ្ធរបស់ក្រុមហ៊ុនដៃគូប្រជែងផ្សេងទៀត។ ប្រែសម្រួលដោយ៖ រីតា