Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហេតុអ្វីបានជាយើងឆាប់ងងុយដេកពេលអានសៀវភៅ?

មានសំណួរជាច្រើនជុំវិញការអានសៀវភៅ ក្នុងនោះសំណួរមួយដែលខ្ញុំតែងតែឮជាញឹកញាប់បំផុតគឺ “ហេតុអ្វីអានសៀវភៅឆាប់ងងុយដេក?” ហើយរហូតដល់មនុស្សមួយចំនួនបង្កើតទស្សនៈថា “សៀវភៅគឺជាថ្នាំងងុយដេក”។ មានហេតុផលជាច្រើនដែលធ្វើឱ្យមនុស្សឆាប់ងងុយដេកពេលអានសៀវភៅ តែក្នុងអត្ថបទនេះខ្ញុំនឹងលើកយកមូលហេតុចម្បងតែមួយប៉ុណ្ណោះ មកនិយាយជុំវិញបញ្ហាខាងលើ។

ការអានសៀវភៅដែលមានអក្សរច្រើនពេក ឬទំព័រក្រាស់ពេក ទាំងដែលយើងជាមនុស្សទើបតែចាប់ផ្ដើមអាន និងមិនមានទម្លាប់អានពីមុនមកសោះ ពោលគឺយើងទើបតែចាប់ផ្ដើមអានលើកដំបូង វាគឺមូលហេតុដែលធ្វើឱ្យយើងឆាប់ងងុយដេក។ ហេតុអ្វីបានជាខ្ញុំហ៊ាននិយាយបែបនេះ? នោះក៏ព្រោះតែកាលណាយើងអានសៀវភៅក្រាស់ពេក ពេលចាប់ផ្ដើមអានលើកដំបូង គឺធ្វើឱ្យភ្នែករបស់យើងមិនទាន់ស៊ាំជាមួយតួអក្សរ។ កែវភ្នែករបស់យើងមិនដែលសម្លឹងមើលអក្សរលើក្រដាសសៀវភៅពីមុនមកទេ រួចយើងចាប់ផ្ដើមភ្លាម មកអានសៀវភៅដែលក្រាស់ មានតួអក្សរច្រើនសន្ធឹកសន្ធាប់ រឿងអ្វីដែលថាយើងមិនឆាប់ងងុយដេកនោះ ហើយកុំថាឡើយអានឆាប់ងងុយដេក សព្វបើគ្រាន់តែសម្លឹងមើលក៏អាចធ្វើឱ្យយើងបែកភ្នែកបានដែរ។ ដោយសារមូលហេតុខាងលើនេះហើយ ទើបបានជាយើងតែងតែបង្រៀនកុមារឱ្យចេះអាន និងមានទម្លាប់អានតាំងពីនៅតូច ដើម្បីឱ្យភ្នែករបស់កុមារស៊ាំជាមួយតួអក្សរ ហើយកាលណាភ្នែករបស់ពួកគេស៊ាំជាមួយតួអក្សរបន្តិចម្ដងៗហើយនោះ ពួកគេប្រាកដជាស្រលាញ់ និងចូលចិត្តការអានសៀវភៅដោយខ្លួនឯងជាមិនខាន ដ្បិតថាវ័យកុមារជាវ័យមួយដែលតែងតែចង់ដឹង ចង់ឮពីអ្វីដែលថ្មីៗ ប្លែកៗ ពិសេសគឺរឿងរ៉ាវអស្ចារ្យដែលពួកគេមិនបានដឹងពីមុនមក។

បើរំឭកទៅដល់កុមារភាពរបស់ខ្ញុំកាលពីចេះអានលើកដំបូង សៀវភៅដែលខ្ញុំនិយមអានជាងគឺរឿងនិទានខ្លីៗ ពិសេសគឺរឿងព្រេងនិទានខ្មែរតែម្ដង។ សៀវភៅទាំងអស់នោះ មានកម្រាស់ស្ដើង សាច់រឿងខ្លីអានឆាប់ចប់ និងមានតួអក្សរតិច អ្វីដែលពិសេសគឺមានរូបភាពពណ៌ធម្មជាតិយ៉ាងស្រស់ស្អាត ធ្វើឱ្យកុមារភាពរបស់ខ្ញុំនៅពេលនោះ ពិតជាសប្បាយក្នុងការអានខ្លាំងណាស់។ ម្យ៉ាងទៀតគ្រប់ពេលដែលបណ្ណាល័យសាលាមានសៀវភៅថ្មីៗចូល គឺប្រាកដជាគេចមិនផុតពីភ្នែករបស់ខ្ញុំឡើយ។ ពេលភ្នែករបស់ខ្ញុំស៊ាំជាមួយតួអក្សរម្ដងបន្តិចៗហើយនោះ ខ្ញុំខ្លួនឯងក៏ចាប់ផ្ដើមស្រលាញ់ និងចូលចិត្តការអានសៀវភៅកាន់តែខ្លាំងឡើង ហើយរហូតមកដល់ឥឡូវនេះ ខ្ញុំអាចអានសៀវភៅដែលមានតួអក្សរច្រើន កម្រាស់ក្រាស់ខ្លាំង ពោលគឺជិតមួយពាន់ទំព័រឯណ៎ោះ ទាំងភាសាជាតិ និងអន្តរជាតិ។ អ្នកទាំងអស់គ្នាក៏អាចធ្វើបានដែរ!!!

សរុបរួមមក សម្រាប់អ្នកដែលទើបតែចាប់ផ្ដើមអាន និងអ្នកដែលតែងតែងងុយដេកពេលអានសៀវភៅ គឺខ្ញុំសូមណែនាំឱ្យអានសៀវភៅដែលមានកម្រាស់ស្ដើងជាមុនសិន ដើម្បីឱ្យភ្នែករបស់យើងមានការស៊ាំជាមួយតួអក្សរ។ លុះពេលភ្នែករបស់យើងស៊ាំជាមួយតួអក្សរម្ដងបន្តិចៗហើយនោះ យើងអាចចាប់កាន់សៀវភៅអាន ដែលមានកម្រាស់ក្រាស់ និងមានតួអក្សរច្រើន បានដោយរីករាយហើយ។ អ្វីក៏ដោយតែងតែមានការចាប់ផ្ដើម ការអានសៀវភៅក៏ដូចគ្នា ដូច្នេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចធ្វើបាន ហើយក្លាយទៅជាអ្នកអានមួយរូបដ៏អស្ចារ្យ៕

អត្ថបទនេះរក្សាសិទ្ធិដោយ ៖ ទីម សុឃៀង (ទិនករ)

from: https://tnaot.com/km/m/detail/article/9705612