អ្នកជំនាញផ្នែកសុខាភិបាល បានព្រមានពីការឆ្លង នូវជំងឺគ្រុនផ្តាសាយធំប្រភេទ Influenza A H3N2 ដែលត្រូវបានសិក្សារកឃើញថា កំពុងផ្ទុះរាលដាល ទៅកាន់មនុស្សនៅក្នុងតំបន់ ដែលមានអ្នកទោសក្នុងពន្ធនាគារ ព្រះសង្ឃ និងប្រជាជន ដែលកំពុងរស់នៅក្នុងខេត្តជាច្រើន។
បើតាមការសិក្សាស្រាវជ្រាវ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរកឃើញថា ក្នុងប្រទេសកម្ពុជា នា រដូវភ្លៀងធ្លាក់ ដែលជារដូវមានការឆ្លងជំងឺផ្តាសាយធំច្រើន អាចបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza A, B )ជាដើម។ ឆ្នាំនេះជំងឺផ្តាសាយធំ ដែលត្រូវបានរកឃើញភាគច្រើន គឺបណ្តាលមកពី Influenza A H3N2។
ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងទទួលរបាយការណ៍ ពីការកើនឡើងនៃជំងឺផ្តាសាយធំ និងមានការផ្ទុះជំងឺផ្តាសាយធំជាចង្កោម នៅក្នុងពន្ធនាគារ ក្នុងចំណោមព្រះសង្ឃ និងក្នុងប្រជាជនក្នុងភូមិមួយចំនួនរួមមាន៖ ខេត្តតាកែវ ព្រះវិហារ កោះកុង បាត់ដំបង បន្ទាយមានជ័យ និងអាចឆ្លងបន្តទៅខេត្តដទៃទៀត។ ម្យ៉ាងទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវ មានការឆ្លងជំងឺផ្តាសាយធំក្នុងប្រទេសផងដែរ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យឆ្លងជំងឺផ្តាសាយធំនេះផងដែរ គឺ(ត្រូវពាក់ម៉ាស់ការពារ ឧស្សាហ៏លាងដៃ រក្សាគម្លាតសុវត្ថិភាព ពេលចូលរួមភ្ជុំបិណ្ឌតាមវត្តអារាម និងពេលជួបជុំគ្នាច្រើន)។ រោគសញ្ញាជំងឺផ្តាសាយធំនេះ បង្កឡើងដោយជំងឺផ្តាសាយរួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់។
សម្រាប់ការព្យាបាល គឺត្រូវប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង។
អ្នកដែលមានរោគសញ្ញាជំងឺផ្តាសាយធំត្រូវនៅផ្ទះ កុំចេញទៅក្រៅ និងចៀសវាងចូលរួមពិធីជួបជុំផ្សេងៗ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ៕ ដោយ៖ ឃួន លក្ខិណា