ពោធិ៍សាត់ ៖ មន្ត្រីយោធាម្នាក់នៅអង្កភាពកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ)ចិត្តសឿងបានដកកាំភ្លើងខ្លីបាញ់សម្លាប់បុរសម្នាក់ទៀតក្នុងវង់ផឹកស៊ីរួចឲ្យប្រជាពលរដ្ឋហៅសមត្ថកិច្ចមកឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ធី ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ បានដឹងថាមុនដំបូងឡើយមានការផឹកស៊ីរាំច្រៀងនៅក្បែកន្លែងកើតហេតុស្រាប់តែមួយសន្ទុះក្រោយមកកូនតូចរបស់ជនរងគ្រោះ(ងួន ទូច)បានដើរឆ្លងផ្លូវ ធ្វើឲ្យជនរងគ្រោះខឹងប្រពន្ធខ្លួនយ៉ាងខ្លាំងថាមិនចេះមើលកូនហើយក៏ប្រពន្ធតបទៅវិញថាខ្ញុំទៅបត់ជើងឯងក៏មិនមើលកូនដែរ រួចក៏ហៅកូនៗឡើងម៉ូតូបំរុងឌុបទៅផ្ទះ ប៉ុន្តែជនរងគ្រោះស្ទុះទៅវាយកូនច្បងថាមិនចេះមើលប្អូន គ្រានោះជនសង្ស័យជាមន្រ្តីយោធាម្នាក់ បានលូកមាត់ថាកុំវៃក្មេងគាត់អត់ដឹងអ្វីទេ ក៏ចាប់ផ្ដើមទំនាសពាក្យសម្ដីគ្នារហូតជនរងគ្រោះដោះអាវចេញពីខ្លួនគប់បោកផ្ទប់ទៅដីជនសង្ស័យបន្ទរថាបើឯងខ្លាំងហក់មក ខណៈនោះជនរងគ្រោះកាន់ដុំអ្វីមួយ ប៉ុន្តែត្រូវជនសង្ស័យដកអាវុធខ្លីពីចង្កេះបាញ់១គ្រាប់ចំក្បែដោះខាងឆ្វេងដួលស្លាប់មួយរំពេច ហើយ មន្រ្តីយោធា គាត់អត់រត់ទៅណាទេដោយឲ្យនាក់នៅម្ដុំនោះ ទូរស័ព្ទហៅសមត្ថកិច្ចចាប់ខ្លួនគាត់ នៅកន្លែងលើតហេតុតែម្ដង។
លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ងួន ទូច ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន៤នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ចំណែកជនសង្ស័យដៃដល់ជាមន្រ្តីយោធាកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) ឈ្មោះ ប្រាក់ សុផល ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានឋានៈ វរៈសេនីយ៍ត្រី តួនាទីៈ នាយរងការិយាល័យហ្វឹកហ្វឺន លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងបន្តថា បច្ចុប្បន្ន ជនសង្ស័យដៃដល់(ប្រាក់ សុផល)មន្រ្តីយោធា រួមទាំងវត្ថុតាងអាវុធខ្លីម៉ាក កា៥៤ ដែលមានលេខ55006594 បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី ។ផេង ភាព