កម្លាំសមត្ថកិច្ចខណ្ឌទួលគោក កំពុងស្វែងរកការចាប់ខ្លួន បុរសម្នាក់ដែលរត់គេចខ្លួនបាត់ ក្រោយពេលធ្វើសកម្មភាព វាយប្រពន្ធជិតស្លាប់ បន្ទាប់ពីប្រពន្ធ ប្រកែកមិនព្រមដើរសុំទានអាហារ យកមកឱ្យខ្លួនបរិភោគដូចរាល់ដង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ៧និង២០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅសួនច្បារខាងក្រោមស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសជាប្តី បានខឹងប្រពន្ធ មិនព្រមដើរសុំម្ហូបអាហារ នៅតាមសួនច្បារ យកមកឲ្យប្តីហូបដូចរាល់ដង ហើយក៏បានប្រើហឹង្សា វាយដំប្រពន្ធ និងយកដុំថ្មវាយ ដើមទ្រូងបណ្តាលឱ្យរងរបួសធ្ងន់ស្ទើរស្លាប់ រួចជនសង្ស័យបានរត់គេចខ្លួនបាត់។
មុនពេលកើតហេតុគេឃើញ ស្ត្រីរងគ្រោះជិះម៉ូតូកង់បីមកចុះក្បែរកន្លែងកើតហេតុ លុះមួយសន្ទុះក្រោយមក បុរសជាប្តីបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាគុប បានឈប់ពីក្រោយ រួចចុះពីលើម៉ូតូ ដើរសំដៅទៅរកប្រពន្ធ។
បុរសជាប្តីបានវាយប្រពន្ធរហូតដល់ទ្រមខ្លួនដើរលែងចង់រួច និងបានព្យាយាមអូសប្រពន្ធដើរសំដៅទៅរកម៉ូតូ រហូតប្រពន្ធអស់កម្លាំងខ្លាំងក៏ដួលដេកទៅនឹងដីតែម្តង។
ជុំវិញរឿងនេះ ស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ រីឯសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងតាមចាប់ខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ៕ ដោយ៖ ត្នោត