ក្រុមឈ្មួញវៀតណាម បានដាក់ពាក្យប្តឹងក្រុមមន្ត្រីគយចល័តខេត្តព្រៃវែង ខណៈមានការឃាត់រថយន្ត អស់រយៈពេលជាច្រើនម៉ោង បណ្តាលឱ្យទំនិញផ្លែឈើរបស់ពួកគេរងការខូចខាត។
នៅព្រឹកថ្ងៃទី២៥ កក្កដា ឆ្នាំ២០២០ ក្រុមឈ្មួញវៀតណាម៥នាក់ បាននាំគ្នាដាក់ពាក្យបណ្តឹង ទាមទារឱ្យមានការដោះស្រាយ លើករណីឃាត់រថយន្តរបស់ពួកគេទុក ចោលអស់រយៈពេលជាច្រើនម៉ោង ដើម្បីពិនិត្យរកមើលសាធាតុគីមី ធានានូវសុវត្ថិភាព បន្លែផ្លែឈើ គ្មានគីមី ដែលនាំឲ្យក្រុមឈ្មួញវៀតណាមក្តៅក្រហាយ។
ជាមួយគ្នានេះ ឈ្មួញវៀតណាមម្នាក់ ដែលមានឈ្មោះខ្មែរ ឈ្មោះគង់ ភេទប្រុសអាយុ៤៥ឆ្នាំបាននិយាយប្រាប់ថា មន្ត្រីកយចល័ត បានធ្វើការឃាត់រថយន្តដឹកផ្លែឈើនេះ នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០២០ វេលាម៉ោង១០យប់ ស្ថិតនៅភូមីពោធិ៍ឃុំដូនកឹង ស្រុកកំចាយមារខេត្ត ព្រៃវែង។
ក្រោយពីការឃាត់រថយន្តទុកអស់រយៈពេលជាច្រើនម៉ោង សមត្ថកិច្ចបានធ្វើការដោះលែងក្រុមឈ្មួញទាំងនោះវិញ នៅវេលាម៉ោង២និង០០នាទី រសៀលថ្ងៃទី២២ កក្កដា ឆ្នាំ២០២០។
ប្រភពដដែលបានបន្តថា ការឃាត់រថយន្តនេះ បានធ្វើឱ្យខូចខាតផ្លែឈើ ស្ទើតែទាំងអស់ ក្នុងនោះមានផ្លែទៀប មៀន និងសាវម៉ៅជាដើម។
ទាក់ទិនករណីខាងលើនេះ លោកព្រាប គារ៉ាត ប្រធានគយចល័ត្រតំបន់៦បានបញ្ជាក់ឲ្យដឹងថា ការចាប់ឃាត់រថយន្តដឹកផ្លែឈើនេះ គឺដើម្បីពិនិត្យលើលិខិតនាំចូល និងរឹតបន្តឹងការបង់ពន្ធ។
ទោះបីជាយ៉ាងនេះក្តី លោកព្រាប គារ៉ាត បានស្នើឱ្យក្រុមឈ្មួញទាំងនោះធ្វើការបង់ពន្ធ ក្នុងការនាំទំនិញចូលផងដែរ៕ ដោយ៖ ត្នោត