រដូវវិស្សមកាលបានបញ្ចប់ហើយសិស្សគ្រប់គ្នាត្រូវចាប់ផ្ដើមចូលរៀនវិញនៃសាលាវិទ្យាល័យមួយ។ខ្ញុំជាសិស្សស្រីវ័យក្មេងម្នាក់ដែលមិនទាន់ចង់ទៅរៀនទាល់តែសោះ។ខ្ញុំឈ្មោះធីលីនីកាតែពួកម៉ាកហៅខ្ញុំតែធីកា។ទោះជាខ្ញុំមិនមែនជាសិស្សល្អក្នុងថ្នាក់តែខ្ញុំតែងបានពិន្ទុល្អបង្គួរមិនដែលធ្លាក់ឡើយរាល់ៗខែហើយរីករាយទទួលយកចំណេះដឹងថ្មីៗ។មិនមានមុខវិជ្ជាណាដែលខ្ញុំមិនចូលចិត្តទេតែខ្ញុំមិនចូលចិត្តគ្រូ។
ទោះជាប្រឹងធ្វើខ្លួនជាសិស្សល្អយ៉ាងណាក៏ខ្ញុំនៅតែបន្តមានបញ្ហាជាមួយគ្រូៗក្នុងសាលាខ្ញុំ។រាល់សប្ដាហ៍, អ្វីៗតែងតែបង្កជាបញ្ហាឱ្យគ្រូខ្ញុំខឹងខ្ញុំ។គ្រូៗឱ្យខ្ញុំឈរមុខថ្នាក់, ឬកត់មេរៀនរាប់រយដងជាដើម។វាជាមូលហេតុដែលខ្ញុំលែងចង់ទៅរៀនព្រោះខ្លាចឆ្នាំនេះអាក្រក់ជាងឆ្នាំមុន។
ពេលខ្ញុំមកដល់សាលា, នៅថ្ងៃចូលរៀនដំបូង, ខ្ញុំភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញអ្នកគ្រូភូមិវិទ្យាថ្មីម្នាក់។គ្រូភូមិនោះជានារីអាយុខ្ទង់២៥ជាមួយមុខមាត់ដ៏ស្រស់ស្អាត់។គាត់ចងសក់បួងហើយមានប្រជ្រុយនៅនឹងបបូរមាត់របស់គាត់។ខ្ញុំសង្ឃឹមថាអ្នកគ្រូនេះនឹងមិនដូចជាគ្រូគម្រក់ទាំងអស់នោះទៅចុះ។
បន្ទាប់ពីអាហារពេលថ្ងៃត្រង់នៅថ្ងៃសុក្រ, ពេលខ្ញុំត្រឡប់មកថ្នាក់វិញ, ខ្ញុំស្រាប់តែធ្វើធ្លាក់សៀវភៅលើផ្លូវដើរ។ពេលខ្ញុំឱនរើស, ខ្ញុំសង្គេតឃើញថាអ្នកយាមមាត់ទ្វារសម្លឹងមកកំភួនជើងខ្ញុំហើយលិឍមាត់គាត់។ខ្ញុំសម្លក់ថ្លែទៅគាត់វិញហើយទាញសំពត់បិទជង្គង់។
«អាងាប់នេះគួរឱ្យខ្លាច,» ខ្ញុំរអ៊ូក្នុងចិត្ត។
ថ្ងៃបន្ទាប់, ខ្ញុំកំពុងអង្គុយក្នុងថ្នាក់, ស្ដាប់ទៅអ្នកគ្រូភូមិពន្យល់ពីភូមិសាស្ត្រនិងប្រពៃណី, ស្រាប់តែមានក្មេងស្រីម្នាក់ឈ្មោះវិច្ឆិកាលើកដៃនាងឡើង។អ្នកគ្រូឈប់ពន្យល់ហើយចង្អុលទៅក្មេងស្រីនោះ។
«វិច្ឆិកា, មានអ្វីចង់សួរទេ?» គាត់សួរ។
«ចាមាន,» វិច្ឆិកានិយាយ។«ហេតុអីបានជាប្រជ្រុយអ្នកគ្រូតែងប្រែប្រួល?»
អ្នកគ្រូចាប់ផ្ដើមប្ដូរទឹកមុខភ្លាមៗ។
«ចង់និយាយពីអី?» គាត់សួរ។
«ប្រជ្រុយលើមុខអ្នកគ្រូ,» វិច្ឆិកាតប។«វាតែងប្ដូររហូត។កាលថ្ងៃច័ន្ទ, អ្នកគ្រូមានប្រជ្រុយមួយ, តែកាលម្សិលម្ងៃនិងម្សិលម៉ិញអ្នកគ្រូមានប្រជ្រុយដល់ទៅបី។ឥឡូវវានៅសល់តែមួយម្ដងទៀត។»
ក្មេងក្នុងថ្នាក់ទាំងអស់ចាប់ផ្ដើមសើចគិល។វាជាសំណួររដ៏កំប្លែង។
«ភ្នែកឯងមានបញ្ហាហើយ,» អ្នកគ្រូតបទាំងខឹង។«ដូចដែលឯងឃើញស្រាប់ហើយ, ខ្ញុំមានប្រជ្រុយតែមួយទេនៅលើមុខ។ឥឡូវបើឯងគ្មានស្អីនិយាយទេនៅឱ្យស្ងៀមបិទមាត់ចង្រៃឯងទៅ។»
ពេញមួយថ្ងៃនោះ, ខ្ញុំសង្គេតឃើញថាអ្នកគ្រូភូមិម្នាក់នេះតែងសម្លក់ទៅរកវិច្ឆិកាជានិច្ច។មើលទៅដូចជាគាត់សម្លឹងដោយកំហឹងឆាបឆេះនិងភាពស្អប់។ពេលចុងម៉ោង, ហើយខណៈសិស្សទាំងអស់កំពុងចេញទៅផ្ទះ, អ្នកគ្រូហៅវិច្ឆិកាហើយប្រាប់នាងថាគាត់ចង់និយាយពាក្យខ្លះៗជាមួយនាង។ខ្ញុំធូរទ្រូងគ្រាន់ព្រោះថាពេលនេះមិនមែនជាខ្ញុំទេដែលជួបបញ្ហា។
ព្រឹកថ្ងៃច័ន្ទ, ពេលខ្ញុំមកដល់់សាលា, ខ្ញុំឃើញថាមានតុមួយនៅទំនេរក្នុងថ្នាក់។វិច្ឆិកាមិនមករៀនទេ។ពិតណាស់, នាងមិនបានមករៀនជាច្រើនថ្ងៃបន្ទាប់។ខ្ញុំចាប់ផ្ដើមឆ្ងល់ថាតើនាងមានរឿងអីកើតឡើង, តែពេលខ្ញុំទៅសួរគេឯង, គ្មាននរណាដឹងពីនាងសោះ។
វាមានអ្វីម្យ៉ាងដែលធ្វើឱ្យខ្ញុំមិនស្ងប់ចិត្តសោះ។ខ្ញុំចាប់ផ្ដើមចាប់អារម្មព៍លើអ្នកគ្រូភូមិជាងមុន, ហើយកត់ត្រាពីគាត់រៀងរាល់ថ្ងៃ, ហើយកត់សម្គាល់ឃើញរឿងរ៉ាវដ៏ចម្លែកមួយចំនួន។
ប្រជ្រុយអ្នកគ្រូពិតជាប្ដូរមែន។
ខ្ញុំមិនយល់អំពីវាទេ។នៅថ្ងៃច័ន្ទ, គាត់មានប្រជ្រុយពីរ។តែថ្ងៃពុធ, វាត្រឡប់ទៅមួយវិញ។តែមិនមមែនត្រឹមតែប៉ុណ្ណឹងទេ។ពេលខ្ញុំពិនិត្យកាន់តែខ្លាំង, ខ្ញុំឃើញថា, នៅថ្ងៃច័ន្ទ, អ្នកគ្រូមានពាក់កងដៃមាសលើដៃខាងឆ្វេងគាត់។នៅថ្ងៃអង្គារកងដៃនោះបាត់ទៅហើយថ្ងៃពុធវាត្រឡប់មកនៅលើដៃគាត់វិញ។
ខ្ញុំពិតជាកើតការសង្ស័យច្រើនណាស់លើរឿងចម្លែកទាំងនេះ។
ល្ងាចនោះ, បន្ទាប់ពីសាលាបញ្ចប់ទៅ, ខ្ញុំសម្រេចចិត្តទៅតាមអ្នកគ្រូដើម្បីស្វែងរកកន្លែងដែលគាត់នៅ។ខ្ញុំបណ្ដើរកង់របស់ខ្ញុំអស់មួយសន្ទុះទម្រាំបានជួបអ្នកគ្រូដែលគាត់កំពុងតែថយម៉ូតូរបស់គាត់បម្រុងចេញទៅ។ខ្ញុំជិះកង់តាមម៉ូតូគាត់, ហើយប្រាកដច្បាស់ណាស់ថាទៅមិនជិតគាត់ណាស់ណាពេកទេ, រហូតទៅដល់ផ្ទះមួយដែលដាច់ពីផ្ទះគេឯង។
អ្នកគ្រូទុកម៉ូតូនៅខាងក្រៅទីធ្លាផ្ទះហើយចូលទៅក្នុងផ្ទះនោះតាមទ្វារមុខ។ខ្ញុំទុកកង់លាក់ក្នុងគុម្ពោធព្រៃហើយរត់ចូលទៅក្នុងផ្ទះនោះបំណងឡើងទៅជាន់លើតែស្រាប់តែអ្នកគ្រូចុះមកក្រោមវិញដោយមានស្បោងផ្លាស្ទីកនៅក្នុងដៃផងដែរ។ខ្ញុំចូលពួនក្រោមជណ្ដើរយ៉ាងរហ័សពេលអ្នកគ្រូចុះមកហើយចេញទៅក្រៅបាត់ដើម្បីយកសំរាមគាត់ទៅចោល។
«នេះជាឱកាសខ្ញុំហើយ,» ខ្ញុំគិត។
ធ្វើចិត្តខ្លួនឯងឱ្យក្លាហានហើយ, ខ្ញុំរត់ឡើងទៅលើហើយបើកទ្វារចូលមុននឹងអ្នកគ្រូត្រឡប់មកវិញ។
ខ្ញុំនៅក្នុងផ្ទះបាយនៃផ្ទះនេះ។មើលទៅជុំវិញ, ខ្ញុំពិតជាតក់ស្លុតជាខ្លាំងនៅពេលដែលបានឃើញស្ត្រីម្នាក់អង្គុយនៅតុធ្វើម្ហូបបែរខ្នងដាក់ខ្ញុំ។ស្ត្រីនោះមានមុខមាត់ដូចអ្នកគ្រូភូមិបេះបិត។
ភ្លាមនោះ, ខ្ញុំឮសំឡេងទ្វារមុខបើក។អ្នកគ្រូត្រឡប់មកពីយកសំរាមទៅចោលហើយ។ខ្ញុំឡើងទៅលើទូដាក់ម្ហូបមួយហើយពួនឱ្យបានមុនពេលដែលស្ត្រីនោះឃើញនាង។
អង្គុយក្នុងទូ, ខ្លាចបង្កជាសំឡេង, ខ្ញុំអាចឮសំឡេងមនុស្សស្រីពីរនាក់និយាយគ្នាក្នុងសំឡេងយ៉ាងដូចគ្នា។បន្ទាប់មក, ខ្ញុំឮសំឡេងសម្រឹបជើងដើរមកហើយសំឡេងរបស់ស្ត្រីម្នាក់ទៀតចូលមកក្នុងផ្ទះបាយ។
មើលតាមប្រហោងទូរ, ខ្ញុំអាចឃើញអ្វីគ្រប់យ៉ាងច្បាស់ក្រឡែត។មានស្ត្រីបីនាក់អង្គុយនៅតុធ្វើម្ហូប។ខ្ញុំពិតជាមិនគួរឱ្យជឿនូវអ្វីដែលបានឃើញនឹងភ្នែកសោះ។វាពិតជារន្ធត់នឹងជឿណាស់។ពួកគេទាំងបីគឺដូចគ្នាបេះបិត។
«កូនភ្លោះបី!» ខ្ញុំគិត។«ព្រះអើយស្អីចឹង។នេះហើយជាមូលហេតុដែលអ្នកគ្រូតែងតែប្រែប្រួល។គាត់ទាំងបីនាក់នេះប្រាកដជាបានទៅបង្រៀនឆ្លាស់គ្នា, ហើយក្លែងធ្វើជាមនុស្សតែមួយ។ដល់កហើយ!»
បន្ទាប់មក, ខ្ញុំឃើញបុរសម្នាក់ដើរចូលមកក្នុងផ្ទះបាយ។វាគឺជាអ្នកយាមទ្វារសាលា។ម្ដងម្នាក់ៗ, ស្ត្រីទាំងនោះក្រោកឈរឡើង, ឱបគាត់យ៉ាងណែនហើយថើបបបូរមាត់គាត់។
«ព្រះម្ចាស់ថ្លៃអើយ,» ខ្ញុំគិត។«បងប្អូនភ្លោះទាំងបីរៀបការជាមួយបុរសតែម្នាក់។ពួកគេពិតជាអាសមែន!»
«ល្ងាចនេះបងចង់ញ៉ាំម្ហូបអីដែរ, ប្ដីសម្លាញ់?» អ្នកគ្រូម្នាក់សួរ។
«ដូចយប់ម៉ិញដែរ,» អ្នកយាមទ្វារសួរ។
«សាច់ទ្រូងឬសាច់ភ្លៅ?» នាងសួរបញ្ជាក់។
«សាច់ភ្លៅដ៏ផុយឆ្ងាយ,» បុរសគួរឱ្យខ្លាចនោះនិយាយ, ដោយលិឍមាត់របស់គាត់យ៉ាងគឃ្លាន។
នារីម្នាក់បើកទ្វារទូរទឹកកកស្រាប់តែអ្វីដែលខ្ញុំឃើញតក់ស្លុតហួសថ្លែង។ខ្ញុំត្រូវយកដៃបិទមាត់ខ្លួនឯងកុំឱ្យស្រែក។
ព្យួរនៅកណ្ដាលទូរទឹកកកគឺជាសាកសពរបស់មិត្តរួមថ្នាក់ខ្ញុំដែលបានបាត់ខ្លួន, វិច្ឆិកា។សក់របស់នាងកករឹងហើយកករោមភ្នែកនិងចិញ្ចើម។មានឈាមកកយ៉ាងវែងនូវច្រមុះរបស់នាង។ដៃទាំងពីររបស់នាងនិងជើងម្ខាងត្រូវបានគេកាត់ផ្ដាច់។
បន្ទាប់មក, នៅក្បែរខ្ញុំនេះ, ខ្ញុំឃើញបុរសដែលយាមទ្វារសាលាម្នាក់នេះអង្គុយលើកៅអីរបស់គាត់។ក្បាលគាត់ងក់ចុះឡើងៗហើយច្រមុះគាត់ប្រឹងហិតក្លឹនដូចឆ្កែ។
«បងដូចជាធំក្លឹនអ្វីម្យ៉ាង!» គាត់ជំទាល។«បងដឹងក្លឹនហ្នឹងហើយ! វាជាក្លឹនក្មេងស្រីម្នាក់!!!!»
អ្នកទាំងបួនងើបឈរឡើងហើយចាប់ផ្ដើមស្វែងរកក្នុងផ្ទះបាយ, តាំងពីក្រោមតុនិងគន្លុកគន្លៀត។ខ្ញុំពួនស្ងៀមនៅកន្លែងពួននេះ, ញ័រញាក់ដោយភិតភ័យខណៈខ្ញុំស្ដាប់ពួកគេហិតក្លឹនដូចសត្វ, ដើម្បីរកខ្ញុំ។
រំពេជនោះ, ទ្វារទូររបើកឡើងហើយខ្ញុំឃើញបុរសយាមទ្វារសាលានេះឈរនៅទីនេះ, ជុំវិញគឺប្រពន្ធទាំងបីរបស់គាត់។គាត់ចំហរមាត់ហៀរទឹកមាត់កក្លាក់ឯភ្នែកសម្លឹងមកជើងទាំងគូររបស់ខ្ញុំ។
«សាច់ស្រស់!» គាត់ជំទាល់ខណៈដែលគាត់ទះទ្រូងខ្លួនឯងធ្វើដាច់ដាបដូចឆ្កែចចក។
«សាច់ស្រស់! សាច់ស្រស់!» ពួកនាងប្រពន្ធបន្ទរ។ពួកគេសាទរដូចសត្វជ្រូក។
មនុស្សឃោរឃៅទាំងបួននាក់ទាញខ្ញុំចេញពីទូរហើយមើលមុខថ្លែរដោយសេចក្ដីស្រេកឃ្លានប្រៀបដូចជាសត្វឆ្កែដាច់បាយជាច្រើនខែមកអញ្ចឹង។
«ស្រស់បែបនេះ,» ស្ត្រីម្នាក់លាន់មាត់។«បើបានឆាខ្ញីមិនដឹងឆ្ងាញ់យ៉ាងណា!»
ពីរបីនាក់ទៀតមកកៀកខ្ញុំហើយហឹតលិឍដៃខ្ញុំយ៉ាងគឃ្លើន។ខ្ញុំព្យាយាមរើបម្រាស់ទាំងសង្ឃឹមដូចជាទៀនកណ្ដាលព្យុះភ្លៀង។
«រើណាស់តើ!» បុរសកំណាចនេះនិយាយ។«យកកាំបិតម៉ោ! អារកសម្លាប់ផឹកឈាមឆៅ។»
និយាយរួចប្រពន្ធគាត់រត់ទៅយកកាំបិតសស្ងាចមកឱ្យប្ដីប្ដីទទួលកាំបិតហើយសើចយ៉ាងពឹសពុលមករកខ្ញុំរួចយារដៃបម្រុងកាប់បណ្ដាច់កខ្ញុំ។
ទាំងៗ…
សំឡេងមហិមារពីរដងធ្វើឱ្យហ៊ឹងត្រចៀកអ្នកទាំងពួងរកស្ដាប់អីមិនឮ។ផ្សែងឈ្ងៀមពេញផ្ទះបាយដូចជាក្លឹនផាវ។ប៉ូលីសបួននាក់ចូលមកឈូរឆរកាំភ្លើងភ្ជង់ទៅនឹងក្បាលជនឧក្រឹដ្ឋទាំងបួនឯខ្ញុំបានរួចជីវិតក៏រត់ទៅក្បែរប៉ូលីសស្រីម្នាក់ទាំងអំណរ។ប៉ូលីសស្រីម្នាក់នោះស្ទាបទ្រូងខ្ញុំព្យាយាមសម្រួលខ្ញុំកុំឱ្យភ័យភិតតទៅទៀតហើយងាកទៅរកប៉ូលីសប្រុសៗទាំងបីនាក់រួចស្រែកបញ្ជាយ៉ាងអំណាច, «បាញ់បំបែកក្បាលវាទៅ!»
ទាំងៗៗ…
ស្ថិតក្នុងភាពតក់ស្លុត, ខ្ញុំឃើញអ្នកគ្រូភូមិវិទ្យាទាំងបីនិងប្ដីគាត់ដួលស្រឹបទៅលើឥដ្ឋការ៉ូឈាមហូរបាញ់ចេញពីក្បាល។
…
ខ្ញុំមកប៉ុស្ដិ៍ប៉ូលីសដើម្បីសួរចម្លើយស្រាយបំភ្លឺទាក់ទងនឹងពួកមនុស្សស៊ីសាច់មនុស្សនេះហើយខ្ញុំរ៉ាយរ៉ាប់ប្រាប់សេចក្ដីពិតតាមដំណើរដែលលើកមកពីវគ្គទី១។ប៉ូលីសស្រីស្អាតចិត្តល្អម្នាក់នេះប្រាប់ខ្ញុំថាក្រុមហ៊ុនដឹកប្រមូលសំរាមបានមកយកសំរាមនៅមុខផ្ទះគ្រូភូមិនោះដោយស្បោងសំរាមមានក្លឹនឈាមឆ្អាបទើបបណ្ដាលចិត្តពួកគេឱ្យឆ្ងល់បើកមើលក៏តក់ស្លុតជាខ្លាំងពេលឃើញគ្រឿងក្នុងសក់និងសាច់មនុស្សទើបរាយការណ៍មកប៉ូលីសក្រុមប៉ូលីសក៏ធ្វើអន្តរាគមន៍ភ្លាមៗ។
ពេលអ្វីៗប្រសើរហើយ, ខ្ញុំបម្រុងលាប៉ូលីសទាំងអស់ទៅផ្ទះវិញតែត្រូវប៉ូលីសស្រីស្អាតម្នាក់នេះបង្អាក់ថាឱ្យទៅគេងផ្ទះគាត់មួយយប់ដើម្បីធ្វើរបាយការណ៍កាន់តែលម្អិតកុំឱ្យពិបាកសួរនាំលើកក្រោយទៀត។ខ្ញុំមិនប្រកែកក៏ងក់ក្បាលយល់ព្រម។
យើងទាំងពីរមកដល់ផ្ទះឈើបុរាណធំមួយដែលបងប៉ូលីសស្អាតម្នាក់នេះអះអាងថាជាផ្ទះគាត់។
អ្វីដែលខ្ញុំគិតមិននឹកស្មានដល់ឡើយ…
ក្នុងផ្ទះនេះមានបុរសម្នាក់ទំនងជាប្ដីរបស់បងប៉ូលីសចេញមករាក់ទាក់ភរិយា។ពេលចូលដល់ក្នុងផ្ទះបងប៉ូលីសនិយាយទៅប្ដីគាត់ថា, «ខ្ញុំបង្គាប់ឱ្យប៉ូលីសបាញ់សម្លាប់គ្រូភូមិភ្លោះបីនិងប្ដីវា។»
ប្ដីគាត់ភ្ញាក់ផ្អើលណាស់ហើយនិយាយទៅវិញ, «ហេតុអីអូនហ៊ានធ្វើបែបនេះ? យ៉ាងណាក៏គេជាបងប្អូនជីដូនមួយរបស់អូនដែរ។»
«ឱ្យវាស្លាប់ចុះ,» បងប៉ូលីសញញឹមលាក់គំនួចព្រមទាំងមើលមុខខ្ញុំមួយភ្លែត។«ខ្ញុំទ្រាំវាមិនបានពេក។ច្រើនដងហើយដែលវាបានសម្លាប់មនុស្សស៊ីសាច់។ច្រើនដងហើយដែលវាបានសាច់ស្រស់ស៊ីមិនហៅខ្ញុំ។ច្រើនដងហើយដែលវាស៊ីសាច់ក្មេងមិនចែកខ្ញុំ។ពេលនេះប្លន់យកចំណីវាម្ដង។បងសំលៀងកាំបិតហើយនៅ?»
«រួចរាល់ហើយ,» និយាយហើយជនទាំងពីរបង្ខំចាប់ទាញខ្ញុំចូលទៅក្នុងផ្ទះបាយព្រមទាំងយកកាំបិតដ៏មុតមកកាប់កញ្ចឹងកខ្ញុំបណ្ដាលឱ្យមានឈាមហូរជោគជាំ។ខ្ញុំបានត្រឹមស្រែករហូតខ្សោយអស់សំឡេងដាច់ខ្យល់ស្លាប់ទៅ៕
ចប់