កម្មវិធីអភិរក្សសត្វសដំរី ត្រូវបានទទួលការគាំទ្រ ពីក្រុមអ្នកការពារព្រៃឈើ និងធម្មជាតិ រួមទំាងប្រជាពលរដ្ឋ ដែលស្រឡាញ់បរិស្ថាន និងសត្វ ដែលកំពុងរស់នៅក្នុងតំបន់ព្រៃផងដែរ។
ការរក្សាពូជសត្វដំរី ឱ្យរស់រានមានជីវិតបន្ត គឺត្រូវចាំបាច់ទាមទារ ឱ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយកម្មវិធីរ៉ៃអង្គាសមូលនីធិ សម្រាប់ទ្រទ្រង់សត្វដំរី ក៏ត្រូវបានធ្វើជាច្រើនលើកផងដែរ ក្រោយពីមានការព្រួយបារម្ភ ខ្លាចផុតពូជ នូវប្រភេទសត្វធំៗបែបនេះ។
ជាមួយគ្នាផងដែរ ដើម្បីរក្សាការអភិរក្សសត្វដំរី ឱ្យឈានទៅរកថេរភាពគង់វង្សយូរអង្វែង កាលពីថ្ងៃម្សិលមិញនេះ សមាគមអៃរាវត្តា បានរៀបចំកម្មវិធីសប្បុរសធម៌លើក២របស់ខ្លួន ដើម្បីប្រមូលថវិកា ពីសប្បុរសជន សម្រាប់ចំណាយទៅលើ ការបើកប្រាក់ខែឱ្យហ្មដំរី ការព្យាបាលដំរី និងការទិញចំណីឱ្យដំរីផងដែរ។
បើតាមអ្នកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរី អរាវត្តា បានឱ្យដឹងថា ប្រភពចំណូលរបស់អៃរាវត្តា បានមកពីភ្ញៀវទេសចរណ៍ សប្បុរសជន ក្រសួងបរិស្ថាន និងថវិកាផ្ទាល់ខ្លួន របស់ប្រធានក្រុមប្រឹក្សាភិបាល។ “ អៃរាវត្តា ក៏បានរងផលប៉ះពាល់ ដល់ផ្នែកហិរញ្ញាវត្ថុ ដោយសារកូវីដ១៩ដែរ ដោយសារចំណូលមួយផ្នែក បានមកពីភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តដល់ទីតាំងអភិរក្សផ្ទាល់ ក្នុងខេត្តរតនគិរី” សប្បុរសជនភាគច្រើន ជាពាណិជ្ជករ ហើយអាជីវកម្ម ពួកគាត់ដំណើរការមិនសូវល្អ គាត់ក៏បានកាត់បន្ថយការចំណាយ ថវិការឧបត្ថម្ភមកដល់សមាគមផងដែរ។
លោកហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព៌តមានបានធ្វើការកោកសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍដំរី និងអេកូធម្មជាតិ។ “សូមធ្វើការអំពាវនាវឱ្យប្រជាជនរស់នៅក្នុងស្រុកនិងក្រៅប្រទេសបន្តការគាំទ្រការអភិរក្សដំរីនៅប្រទេសកម្ពុជា”។
ស្រដៀងគ្នាផងដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានមានប្រសាសន៍ថា អ្នកដែលបានចូលរួមនៅក្នុងការអភិរក្សសត្វដំរី គឺបានធ្វើឱ្យជីវភាពរបស់ពួកគេ ប្រសើរឡើង ហើយប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយក្រសួងបរិស្ថាន គឺបានធ្វើឱ្យជីវភាពរបស់ពួកគាត់ បានធូរស្រាលជាងមុនផងដែរ។
ជុំវិញរឿងនេះ លោកសាយ សំអាល់បានធ្វើការអំពាវនាវឱ្យមានការផ្សព្វផ្សាយបន្តនូវសកម្មភាពរបស់សមាគម ដើម្បីឱ្យគេបានដឹងកាន់តែច្រើន។
សូមបញ្ជាក់ថា សត្វដំរីនៅទូទាំងប្រទេសមានចំនួន៣០០ក្បាល ក្នុងនោះ៧០ក្បាលជាដំរីស្រុកដែលប្រជាពលរដ្ឋចិញ្ចឹម និង២០០ក្បាលទៀតជាដំរីព្រៃ។ ដោយឡែកខេត្តរតនគីរីមានចំនួន៤ក្បាល ប៉ុន្តែដំរីមួយក្បាលត្រូវបានស្លាប់កាលពីចុងខែឧសភា៕ ដោយ៖ ឃួន លក្ខិណា