ប្រាសាទធំ ឬប្រាង្គ ឬខ្លះហៅថាកំពែងគឺជាប្រាសាទដ៏ល្បីឈ្មោះរបស់កម្ពុជាដែលត្រូវជនបរទេសប្រសិទ្ធនាមថាជា “ពីរ៉ាមីត” ប្រចាំទ្វីបអាស៊ី។
សំណង់ព្រហ្មញ្ញសាសនាដ៏មហិមានេះមានទីតាំងស្ថិតនៅភូមិកោះកេរ្តិ៍ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កសាងឡើងក្នុងសតវត្សទី១០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤។ ប្រាសាទធំមានកម្ពស់៣៦ម៉ែត្រ បែងចែកជា៧ថ្នាក់ដោយក្នុង១ថ្នាក់មានកម្ពស់៥ម៉ែត្រមានរាងជាសាជី ឬពីរ៉ាមីតដូចនឹងមហាចេតិយហ្គីហ្សារបស់អេហ្ស៊ីបដែរ។
ព្រះបាទជ័យវរ្ម័នទី៤ជាក្សត្រដ៏លេចធ្លោមួយអង្គនៅសម័យអង្គរ ដោយទ្រង់បានប្ដូររាជធានីពីយសោធរបុរៈ ទៅតំបន់ថ្មីហៅថាកោះកេរ្តិ៍។ ក្រៅពីប្រាសាទធំ នៅមានប្រាសាទជាច្រើនផ្សេងទៀតនៅតំបន់នោះ ដែលអ្នកប្រវត្តិសាស្ត្រចាត់ចូលក្នុងរចនាបថថ្មីមួយឈ្មោះថា រចនាបថ “កោះកេរ្តិ៍”។
រដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារដាក់ស្នើទៅអង្គការយូណេស្កូ ដើម្បីបញ្ចូលក្រុមប្រាសាទកោះកេរ្តិ៍ជាទីសក្ការៈក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕
អត្ថបទ៖ WowCambodian /រូបថត៖ Credit to the owner