ការផ្ទុះនូវជំងឺកូវីដ ១៩ បានបង្កជាបញ្ហាសម្រាប់មនុស្សជាច្រើនក្នុងផ្នែកបែងចែកការងារ និងជីវិតឲ្យបានច្បាស់លាស់ជាពិសេសសម្រាប់មនុស្សដែលត្រូវបានបង្ខំឲ្យធ្វើការពីផ្ទះ។ ជាក់ស្តែង ឱកាសក្នុងការអាចរក្សាការងារគឺមានតម្លៃស្រាប់ទៅហើយក្នុងពេលដែលពោរពេញទៅដោយភាពមិនប្រាកដប្រជានេះ ប៉ុន្តែវាមិនមែនមានន័យថាអ្នកមិនត្រូវមើលថែខ្លួនឯងដែរទេ ។ ខាងក្រោម គឺជាគន្លឹះដែលនឹងជួយបង្កើនប្រសិទ្ធភាពការងារ ខណៈដែលជួយឲ្យអ្នកបែងចែកការងារ និងពេលវេលាផ្ទាល់ខ្លួនបានល្អ ៖
១. ការពារពេលវេលារបស់អ្នក
អ្នកគួរតែកំណត់ពេលវេលាធ្វើការ និងពេលវេលាសម្រាកឲ្យបានច្បាស់លាស់មិនថាអ្នកធ្វើការនៅផ្ទះ ឬនៅការិយាល័យទេ ។ មនុស្សមួយចំនួនមានភាពបត់បែន និងមិនចាំបាច់ធ្វើដូច្នេះបាន ប៉ុន្តែសម្រាប់អ្នកដែលកំពុងជួបការលំបាកក្នុងការបែងចែកពេលវេលាផ្ទាល់ខ្លួន និងការងារ អ្នកគួរតែរៀនបែងចែកពេលវេលា ។ ឧទាហរណ៍ដូចជាអ្នកនឹងឈប់គិត និងនិយាយពីការងារបន្ទាប់ពីពេលចេញពីធ្វើការជាដើម ។
២. រៀបចំតារាងពេលវេលា
អ្នកគួរតែរៀនចំតារាងធ្វើការ និងសម្រាកសម្រាប់ថ្ងៃនីមួយៗឲ្យបានច្បាស់លាស់ ។ ប្រសិនបើអ្នកចង់ធ្វើការពីម៉ោង ៨ ដល់ម៉ោង ១២ រួចសម្រាកសម្រាប់បាយថ្ងៃត្រង់នោះ អ្នកគួរតែកត់វាទុកនិងអនុវត្តតាមអ្វីដែលបានរៀបចំ ។ ការធ្វើដូច្នេះជួយឲ្យអ្នកកាត់បន្ថយសម្ពាធក្នុងការសម្រេចចិត្ត និងធ្វើឲ្យប្រសិទ្ធភាពការងាររបស់មនុស្សកើនឡើងផងដែរ ។
៣. ទុកពេលចេញពីផ្ទះ និងការិយាល័យ
ការចេញពីផ្ទះ និងកន្លែងធ្វើការម្តងម្កាលមានសារៈសំខាន់ណាស់ប្រសិនបើអ្នកចង់ធ្វើការដោយមានប្រសិទ្ធភាពខ្ពស់ ។ អ្នកអាចដើរលេង និងអង្គុយស្រូបខ្យល់អាកាសនៅខាងក្រៅ អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ល្អ កាត់បន្ថយការស្ត្រេស និងធ្វើឲ្យខួរក្បាលស្រឡះជាងមុនជាដើម ។
៤. ផ្តោតស្មារតីលើកិច្ចការដែលមានក្នុងដៃ
សម័យកាលអ៊ីនធើណែតនេះពោរពេញទៅដោយកត្តារំខានដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចេញពីកិច្ចការដែលអ្នកត្រូវសម្រេច ។ ប្រសិនបើអ្នកចង់ផ្តោតស្មារតី និងយកចិត្តទុកដាក់លើការងាររបស់អ្នកនោះ អ្នកត្រូវតែរៀនកាត់បន្ថយកត្តារំខាន ។ ឧទាហរណ៍ ប្រសិនបើស្មាតហ្វូនរបស់អ្នកឧស្សាហ៍ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកនោះអ្នកអាចទុកវាឲ្យឆ្ងាយពីភ្នែកជាដើម ។
៥. ទុកពេលសម្រាប់ការសម្រាកកម្សាន្ត
ពេលដែលរៀបចំតារាងការងារ អ្នកមិនត្រូវភ្លេចកំណត់ពេលវេលាសម្រាប់ការសម្រាកកម្សាន្តទេ ព្រោះការធ្វើការសុទ្ធមិនល្អឡើយសម្រាប់មនុស្សទាំងអស់គ្នា ។ វាមិនចាំបាច់ជាការធ្វើដំណើរកម្សាន្តប៉ុន្មានថ្ងៃទេ គ្រាន់តែការចេញទៅទទួលទានអាហារពេលល្ងាចនៅក្រៅផ្ទះ ឬទៅសួរសុខទុក្ខមនុស្សជាទីស្រលាញ់របស់អ្នកក៏ជាការសម្រាកកម្សាន្តដែរ ។
ជាក់ស្តែង ពេលពេលនេះជាពេលដ៏លំបាកសម្រាប់មនុស្សគ្រប់គ្នា ហើយការព្យាយាមធ្វើការក្នុងពេលដែលមនុស្សម្នាក់ៗពោរពេញទៅដោយកង្វល់ និងអារម្មណ៍ស្ត្រេសគឺមិនងាយស្រួលឡើយ ។ ប៉ុន្តែគន្លឹះខាងលើនឹងជួយឲ្យអ្នករកបានភាពស្ងប់ស្ងាត់បន្តិចក្នុងជីវិត និងក្នុងការងារ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព