ប៉ូលិសអន្តោប្រវេសន៍ខេត្ត Tak បានចាប់ខ្លួនបុរសជនជាតិចិន ២ នាក់ពីបទឆ្លងដែនចូលប្រទេសថៃតាមរយៈព្រំដែនថៃ – មីយ៉ាន់ម៉ាដោយខុសច្បាប់។
ប៉ូលិសព្រំដែនបានរឹតបន្តឹងការល្បាតជាបន្តបន្ទាប់ ក្រោយពីប្រទេសមីយ៉ាន់ម៉ាមានការកើនឡើងនៃចំនួនអ្នកឆ្លងមេរោគកូវីដ១៩គួរឱ្យកត់សម្គាល់ ហើយថ្មីៗនេះមានក្មេងជនជាតិភូមាម្នាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្រោយត្រឡប់មកពីប្រទេសភូមាមកស្រុក Mae Sot ខេត្ត Tak វិញ។ អ្នកភូមិ Mae Sot ក៏បានសហការជាមួយមន្ត្រីប៉ូលិសព្រំដែនផងដែរក្នុងការជួយធ្វើជាអ្នកត្រួតពិនិត្យជនចំណាកស្រុកដែលអាចនឹងឆ្លងកាត់ព្រំដែនតាមរយៈផ្លូវធម្មជាតិ។
ជនល្មើសមានឈ្មោះ Wang Yu Hai អាយុ ៣១ ឆ្នាំនិងឈ្មោះ Ho Gun Chuan អាយុ ២១ ឆ្នាំដើរនៅក្នុងចម្ការពោតក្បែរសាលា Ban Mae Taosan។ ជនចំណាកស្រុកទាំងពីរបានសារភាពថា ពួកគេបានឆ្លងកាត់ទន្លេ Moei ហើយបានលួចចូលទៅក្នុងស្រុក Mae Sot ខេត្ត Tak ។
មន្រ្តីប៉ូលិសអន្តោប្រវេសន៍និងទាហានបានចាប់ខ្លួនជនជាតិចិនទាំង ២ នាក់ ហើយមន្ត្រីជំនាញនឹងចាត់ការជនល្មើសទៅតាមនីតិវិធីច្បាប់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger