ខេត្តព្រះសីហនុ ៖ ស្ថានភាពអាកាសធាតុនៅស្រុកស្ទឹងហាវ ខណៈពេលដែលមេឃកំពុងតែបង្អុលធ្លាក់ភ្លៀងផង ខ្យល់បោកបក់ខ្លាំងផង នៅចំណុចឆ្នេរពយតាបារាំង ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ។
គួររំលឹកថា កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ចាប់ពីវេលាម៉ោង១១យប់នេះ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងឥទ្ធិពលនៃព្យុះទី១១ ដែលមានឈ្មោះថា «នូល» បានវាយប្រហារតំបន់មួយចំនួនក្នុងស្រុកព្រៃនប់ បណ្តាលឱ្យរងនូវការជន់លិច ដោយសារជំនន់ទឹកភ្លៀងដ៏ធំ។
គួររំលឹកបន្តថា ស្របពេលនោះអាជ្ញាធរខេត្តព្រះសីហនុ ក៏ចុះធ្វើការសង្គ្រោះបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែជំនន់ទឹកភ្លៀងមកកាន់ទីទួលសុវត្ថិភាពផងដែរ ។
គួររំលឹកទៀតថា មិនត្រឹមតែប៉ុណ្ណោះក្នុងថ្ងៃដដែលនោះ ក៏បានឆក់យកជីវិតក្មេងស្រីតូចអាយុ១ឆ្នាំកន្លះម្នាក់គួរឱ្យអាសូរផងដែរ ខណៈពេលក្មេងស្រីរងគ្រោះបានតោងឪពុកម្តាយ ប៉ុន្តែតោងមិនឈ្នះក៏របូតធ្លាក់ចូលទឹកតែម្តង ហើយណាមួយទឹកហូរកួចខ្លាំងទៀតធ្វើឱ្យក្មេងស្រីរងគ្រោះមិនអាចជួយសង្គ្រោះទាន់ពេល៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព