អាមេរិក ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា រដ្ឋកាលីហ្វ័រញ៉ា ប្រឈមនឹងការបំផ្លិចបំផ្លាញបន្ថែមទៀតពីភ្លើងឆេះព្រៃ ដែលបានបំផ្លាញវាលភាគខាងលិច ដោយមានខ្យល់បក់ខ្លាំង និងកំដៅស្ងួត ដែលគេរំពឹងថា នឹងជួយដល់ការឆាបឆេះទូទាំងរដ្ឋ។
អភិបាលរដ្ឋ លោក Gavin Newsom បាននិយាយថា ទោះបីជាអ្នកពន្លត់អគ្គីភ័យបានធ្វើការលឿននៅក្នុងសមរភូមិរបស់ពួកគេ ដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃធំៗក៏ដោយ ក៏ខ្យល់ដែលគេហៅថា Santa Santa អាចបណ្តាលឱ្យឆេះសន្ធោសន្ធៅបានដែរ។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ជាមួយនឹងព្រឹត្តិការណ៍ខ្យល់ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន និងអ្វីដែលយើងរំពឹងទុកនៅប៉ុន្មានថ្ងៃខាងមុខនេះ យើងត្រូវតែចងចាំថា បើទោះបីជាយើងបានគ្រប់គ្រងភ្លើងនោះបានច្រើនហើយក៏ដោយ ក៏ភ្លើងនោះនៅតែអាចគម្រាមកំហែងយើងបាន»។
ដោយបញ្ជាក់ពីទំហំនៃគ្រោះមហន្តរាយដែលកំពុងកើតឡើងនេះ លោក Newsom បាននិយាយថា រហូតមកដល់ពេលនេះរដ្ឋនេះបានទទួលរងនូវអគ្គិភ័យចំនួន ៧,៦០៦ដង ដែលវាលើសស្ទើរតែមួយគុណពីរប្រៀបនឹងឆ្នាំមុន ដែលមានត្រឹមតែ ៤,៩៧២ដង នៅឆ្នាំ២០១៩។
ផលប៉ះពាល់ខាងសេដ្ឋកិច្ចពីអគ្គីភ័យឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានសភាពគួរឱ្យកត់សម្គាល់ដោយអ្នកជំនាញម្នាក់ប៉ាន់ស្មានថា មានការខូចខាតជាង ២០ពាន់លានដុល្លារ។
អាជ្ញាធរក៏បានព្រមានផងដែរថា ផ្សែងដែលចេញពីអគ្គិភ័យអាចធ្វើអោយជំងឺកូវីដរាលដាលកាន់តែអាក្រក់ទៅៗ នៅពេលដែលមនុស្សបង្ខំចិត្តជម្លៀសចេញស្វែងរកទីជម្រកនៅក្នុងកន្លែងស្នាក់នៅរួមគ្នា។ ការស្រូបផ្សែង និងផេះ ក៏អាចធ្វើឱ្យសួតរបស់មនុស្សចុះខ្សោយនិងធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព