នៅសម័យពុទ្ធកាលមានមានប់ម្នាក់មានជីវភាពក្រលំបាកណាស់គាត់មានមុខរបរដើរបាចត្រីដើម្បីចិញ្ចឹមជីវិត។ថ្ងៃមួយគាត់បានចេញទៅបាចត្រីដូចសព្វមួយដងក៏បានជួបនិងព្រះបច្ចេកពុទ្ធហើយព្រះបច្ចេកពុទ្ធដឹងថាមានប់មាននិស្ស័យលោកអាចប្រោសបានលោកក៏សួរមានប់ថា តើមានប់ឯងអាចដូរមុខរបរបានទេ?មានប់ឆ្លើយថាមិនបានទេព្រះអង្គលោកបានសួរបន្តទៀតថាតើមានប់អាចកាន់សីលបានទេ?មានប់បានសួរតបទៅលោកវិញថាសីលជាអ្វីទៅ?លោកឆ្លើយថា”បាណា”ប្រែថាមិនសម្លាប់សត្វ?មានប់ឆ្លើយថាធ្វើមិនបានទេព្រះអង្គបើឈប់បាចត្រីប្រពន្ធនិងកូនខ្ញុំព្រះករុណាដាច់ពោះមិនខាន។
លោកសួរបន្តទៀតថាចុះ”អទិន្នាទា”ប្រែថាមិនលួចទ្រព្យគេ?មានប់ឆ្លើយថាមិនបានទេព្រះអង្គព្រោះមកពីបាចត្រីអស់កម្លាំងឃើញផ្លែត្របែករបស់គេនៅក្បែរផ្លូវក៏បេះហូបមួយពីរដោយមិនបានសុំម្ចាស់គេទេ។
លោកក៏បានសួរទៀតថាចុះ”មុសា”ប្រែថាមិនកុហកភូតភរ?មានប់ឆ្លើយថាមិនបានទេព្រះអង្គខ្ញុំព្រះករុណាក្រណាស់បើមិនកុហកគេខ្លះខ្ចីគេមិនបានហូបទេ។
លោកក៏បានសួរទៀតថាចុះ”សុរា”ប្រែថាមិនបរិភោគស្រា? មានប់ឆ្លើយថាមិនបានទេព្រះអង្គព្រោះបាចត្រីឈឺខ្លួនណាស់បើមិនហូបស្រាមិនបាត់ឈឺទេ។
លោកសួរទៀតថាចុះ”កាមេ”ប្រែថាមិនលួចប្រពន្ធកូនគេ?មានប់គិតមួយសន្ទុះក៏ឆ្លើយតបវិញថាបានៗព្រះអង្គលោកក៏ឱ្យមានប់អនុមោទនាមានប់ក៏អនុមោទនាថាសាធុសាធុសាធុមានប់ក៏បានថ្វាយបង្គំលាលោកមកផ្ទះវិញ។
ដើរមកដល់ជិតផ្ទះសេដ្ឋីស្រាប់តែឃើញប្រពន្ធសេដ្ឋីបក់ដៃហៅតាមបង្អួចមានប់ក៏ដើរចូលទៅ ដោយចាញ់ល្បិចប្រពន្ធសេដ្ឋីនាងក៏ចាប់ដៃមានប់ជាប់ទាញគ្នាទៅវិញទៅមកហើយមានប់ស្រែកថា”ទេៗខ្លាចដាច់សីលខ្ញុំទើបតែសុំសីលហើយ”មានប់ស្រែកបែបនេះជាច្រើនដងក៏ឮដល់សេដ្ឋី។
សេដ្ឋីក៏មកសួរហេតុផលដោយឃើញសភាពបែបនេះសេដ្ឋីក៏គិតថាបើកុំតែមានប់ម្នាក់នេះកាន់សីលកុំអីប្រពន្ធបានក្បត់ខ្លួនទៅហើយ។សេដ្ឋីបានគិតក្នុងចិត្តថាសីលនេះល្អណាស់គាត់ក៏សួរមានប់ថាតើឯងបានសីលនេះមកពីណា?មានប់ឆ្លើយថាខ្ញុំបានសីលកាមេប្រែថាមិនលួចប្រពន្ធគេពីព្រះបច្ចេកពុទ្ធ។សេដ្ឋីសួរទៀតថាតើឯងអាចចែកឱ្យយើងផងបានទេ? មានប់ឆ្លើយថាបាទបានលោកម្ចាស់សូមលោកម្ចាស់អនុមោទនាយកចុះសេដ្ធីបានអនុមោទនាថាសាធុសាធុសាធុរួចហើយសេដ្ឋីបានចែកដីមួយកន្លែងនិងទ្រព្យសម្បត្តិមួយចំនួនឱ្យទៅមានប់ មានប់ក៏បាននាំប្រពន្ធកូនទៅរស់នៅទីនោះយ៉ាងសុខសាន្តតរៀងទៅ៕