ខេត្តត្បូងឃ្មុំ ៖ ជម្លោះពាក្យសម្ដីបានប្រែក្លាយជាអំពើហិង្សា ដោយបុរសម្នាក់បានធ្វើសកម្មភាពដុតបំផ្លាញម៉ូតូរបស់អ្នកដទៃឆេះឡើងហ្មត់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិសំរើយ ឃុំកក់ ស្រុកពញាក្រែក។
ករណីខាងលើនេះ បង្កឡើងដោយបុរសម្នាក់ឈ្មោះតូច ជា អាយុ៣៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ រួចចាប់បុរសអ្នកបង្កបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែកផងដែរ ដើម្បីសួរនាំនាល្ងាចថ្ងៃដដែលនោះ។
បើតាមនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ បុរសរងគ្រោះឈ្មោះស៊ឹម អឿន អាយុ៤៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនទៅទិញម៉ូទ័រនៅផ្សារ ដោយបានជិះកាត់មុខផ្ទះរបស់ជនបង្ក។ លុះពេលល្ងាចបានឈាងមកចូលលេងផ្ទះបុរសឈ្មោះជា ព្រោះជាអ្នកភូមិរាប់អានគ្នាទៅវិញទៅមក។
នគរបាលមូលដ្ឋានបានប្រាប់បន្តថា ក្នុងពេលកំពុងផឹកនោះ ជនបង្កបាននិយាយថា «អ្នកមានជំនាន់ថ្មីហៅមិនឮ និងចូលលេងផ្ទះរបស់ខ្លួននោះទេ»។ ចំណែកបុរសរងគ្រោះវិញបានពោលពាក្យតបទៅថា «ខ្ញុំមិនមែនអ្នកមានជំនាន់ថ្មីអីគេនោះទេ គឺជាអ្នកក្រដូចគ្នាស៊ីឈ្នួលធ្វើជាកម្មករឱ្យគេ»។
ប្រភពដដែលបន្តថា ស្របពេលដែលនិយាយចុះនិយាយឡើងគងពាក្យសម្ដីគ្នា ឃើញមិនស្រួលបុរសរងគ្រោះបានស្ទុះចេញពីគ្រែ តែមិនទាន់ ក៏ត្រូវបានជនបង្កវាយត្រូវពីរបីដៃ ហើយបុរសរងគ្រោះក៏បានវាយតបតវិញ ក្នុងគ្រានោះដែរ ក៏បានឃើញជនបង្ករត់ទៅយកពូថៅ ចំណែកជនរងគ្រោះឃើញថា មិនស្រួល ក៏រត់ចោលម៉ូតូតែម្តង ព្រោះខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត។
ប្រភពដដែលបន្តថា ហេតុតែខឹងពេក ជនបង្កបានយកពូថៅវាយកម្ទេចម៉ូតូជនរងគ្រោះ និងដុតបំផ្លាញឆេះឡើងហ្មត់តែម្តង ដែលជនរងគ្រោះបានដាក់នៅផ្អែកនឹងដើមឈើ ។
ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម នគរបាលមូលដ្ឋានឃុំកក់ បានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងបាននិយាយលួងលោម និងបានហៅជនបង្កដាក់តាមម៉ូតូមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក នាល្ងាចថ្ងៃដដែលដើម្បីសួរនាំ។
លោកវរសេនីយទោ ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក បានឲ្យដឹងថា ករណីនេះ សមត្ថកិច្ចជំនាញបាននាំខ្លួនជនសង្ស័យខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ដោយជាប់ចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព