
រាជធានីភ្នំពេញ ៖តារាសម្តែងសូដា នីតា បានជះសម្តីវាយបកទៅលើអ្នករិះគន់មួយចំនួនលើរឿងផ្ទាល់ខ្លួនរបស់នាង ។ ការវាយបកពាក្យសម្តីពីតារារូបនេះបានធ្វើឡើង បន្ទាប់ពីតារាប្រុសវ័យក្មេងគឺលោកយុទ្ធ ឋានៈ បានប្រកាសជាសាធារណៈថា ស្រឡាញ់រូបនាង ហើយមានបំណងចូលស្តីដណ្តឹងធ្វើជាប្រពន្ធប្រសិនបើនាងព្រម ។
បើទោះបីជាសូដា នីតា មិនទាន់សម្រេចព្រមស្ម័គ្រយុទ្ធ ឋានៈ ក៏ដោយ ប៉ុន្តែវាលេចចេញនូវពាក្យរិះគន់ពីមនុស្សមួយចំនួនដោយចោទប្រកាន់ថានាងចង់បានតែប្តីក្មេង ។ ការរិះគន់ បានធ្វើឲ្យសូដា នីតា ខឹង និងបានវាយជាពាក្យសម្តីទៅលើការរិះគន់ដែលមិនសមហេតុផលនោះ ។ សូដា នីតា បានបង្ហោះសារតាមហ្វេសប៊ុកកាលពីថ្ងៃទី២៣ កក្កដា ២០២០ថា «តើឲ្យយកអ្នកណាទើបត្រូវចិត្ត និងមាត់របស់មនុស្ស ? ស្រលាញ់មនុស្សមានលុយ គឺភាគច្រើនជាប្តីគេ យកមនុស្ស ចាស់ៗពេកតែមានលុយ គេថាយើងក្មេងចង់បោកយកលុយតាចាស់ ។ បើចង់យកមនុស្សស្រករគ្នា ឬក្មេងជាងបន្តិច គេថាយើងស្រលាញ់ប្រុសក្មេង ? តើជីវិតមនុស្សស្រីដូចពួកខ្ញុំត្រូវយកអ្នកណា មនុស្សបែបណាទើប សមនឹងមាត់មនុស្សគ្រប់គ្នា ? សូមម្នាក់១ចម្លើយផង ? តែសម្រាប់ជីវិតខ្ញុំ មិនយកប្តីជាមនុស្សមានលុយ មកជះលើក្បាល ហើយ បញ្ជាទុកខ្ញុំជាទាសីឡើយ ប្តីខ្ញុំត្រូវជាមនុស្ស រស់នៅមានគំនិតគិតខ្ញុំមុន មិនមែនគិតតែអាត្មាឡើយ »។
តាមរយៈសារដែល សូដា នីតា បានបង្ហោះបញ្ជាក់ថា នាងអាចនឹងមានបំណងគិតគូរជាវិជ្ជមានមួយសម្រាប់ឆ្លើយតបទៅនឹងការចង់បានរបស់លោកយុទ្ធ ឋានៈ នាពេលនេះផងដែរ។ ប៉ុន្តែយ៉ាងណាក្ដី រឿងនេះអាចកើតមានឡើងមែន ឬយ៉ាងណានោះ គឺវាជាការកំណត់របស់ សូដា នីតា ក្នុងពេលដែលលោកយុទ្ធ ឋានៈ បាឧនទទួលស្គាល់ថា លោកស្រឡាញ់សូដានីតា ពិតប្រាកដមែន។ តារាសម្តែងនាង សូដា នីតា បានបន្តជីវិតនៅលីវរបស់នាងអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីកន្លងមកគេធ្លាប់សង្ស័យថា នាងបានផ្តាច់ការទាក់ទងបុរសម្នាក់នៅក្រៅស្រុក។ ក្រោយពីរឿងមួយនេះបានកន្លងទៅ នាងក៏បានវិលមកកាន់ការសម្តែងឡើងវិញ ហើយ ថ្មីៗនេះនាងក៏ត្រូវគេសង្ស័យថា បានលួចបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកជាមួយលោកយ៉ែម សំអូន ខណៈនាងបានចូលច្រៀងនៅក្នុងក្រុមសិល្បៈរបស់លោកមួយរយៈ ។ យ៉ាងណាក្ដី សូដា នីតា ធ្លាប់លើកឡើងថា រវាងនាង និងលោក យ៉ែម សំអូន មិនមានអ្វីលើសពីមិត្តភាពជាបងប្អូន និងជាអ្នករួមការងារទេ ។
មុននេះមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍ចំពោះតារាប្រុសកាក់កបឈុតឱបថើបលោកយុទ្ធ ឋានៈ ដែលបានប្រកាសជាសាធារណះពីបំណងចង់ចូលស្តីដណ្តឹងសូដា នីតា ។ ទោះជាយ៉ាងណាក្ដីបុគ្គលមួយចំនួន យល់ថា គ្រាន់តែជាការលេងសើចប៉ុណ្ណោះ ។ លោកយុទ្ធ ឋានៈ បានបង្ហោះសារអមជាមួយនឹងរូបសូដា នីតា ថា«ក្រោកឡើងមានអាម្មណ៍នឹកមនុស្សស្រីម្នាក់នេះ កាន់តែស្គាល់កាន់តែដឹង កាន់តែយល់ និងកាន់តែអាណិត។ គាត់ជាមនុស្សស្រីដ៏រឹងមាំ ចូលចិត្តយកអាសាមនុស្សជុំវិញខ្លួន ជាមនុស្សល្អ មិនថាអ្នកណាក៏ដោយ គាត់តែងតែយកអាសាគេជានិច្ច ។ ខ្ញុំសូមសរសើរគាត់ ក្នុងចំណោមមនុស្សដែលខ្ញុំស្គាល់កន្លងមកមានតែគាត់ទេដែលអាចកែប្រែខ្ញុំបាន សំដីគាត់និយាយមកលើខ្ញុំគឺសុទ្ធតែជាពាក្យ ល្អៗ ប្រាប់នេះប្រាប់នោះឲ្យខ្ញុំក្លាយជាមនុស្សម្នាក់ចាស់ទុំ ចេះដឹងរកស៊ី ហើយសរសើរ១ចំណុចទៀតដែលគាត់លើសពីស្រីដទៃ នោះគឺគាត់ជាមនុស្សស្រីរស់នៅក្នុងចំណោមសិល្បៈនឹងគេដែរ តែគាត់មិនចេះស្រវា ឬសម្លឹងមើលទ្រព្យរបស់មនុស្សប្រុសម្នាក់ណាឡើយ ។ ខ្ញុំមិនខ្វល់តើគាត់ជាអ្នកណា ? ហើយក៏មិនខ្វល់អ្នកណាសើចយំខ្ញុំឡើយ ឲ្យតែគាត់ព្រម ខ្ញុំនឹងសុំអ្នកម៉ាក់ដណ្តឹងគាត់ គាត់ជាមនុស្សស្រីដែលដឹង( សំណាបយោងដី ស្ត្រីយោងប្រុស) អរគុណពេលវេលាដែលឲ្យខ្ញុំស្គាល់គាត់So Danita»។ ជុំវិញរឿងនេះលោកយុទ្ធ ឋានៈ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិកដោយខ្លីថា អ្វីដែលលោកបានសរសេរបង្ហោះនោះគឺជាការណ៍ពិត ។ ចំណែកសូដា នីតា បានបង្ហោះសារដោយខ្លីតបយុទ្ធ ឋានៈ ថា «អូចឹងផង»៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព