ខេត្តព្រះសីហនុ ៖ សាខាកាកបាតក្រហមខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឲ្យមន្ត្រីសាខា អនុសាខា ចុះចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពក្មេងស្រីរងគ្រោះឈ្មោះ ទ្រី ស្រីនី អាយុ១ឆ្នាំ៨ខែ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ដែលនាំឲ្យមានការបាក់ទំនប់ ខូចខាតផ្ទះសម្បែង ថែមទាំងធ្វើឲ្យក្មេងស្រីម្នាក់បាត់បង់ជីវិតកាលពីយប់ថ្ងែទី១៧ ខែកញ្ញា នៅក្នុងភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុទៀតផង ។
ក្នុងឱកាសនោះដែរ លោកនាយកសាខា បានពាំនាំនូវក្តីនឹករលឹកការសោកស្តាយពីសំណាក់លោកប្រធានគណៈកម្មាធិការសាខា លោកប្រធានកិត្តិយសសាខា ចំពោះការបាត់បង់កូនស្រីជាទីស្រឡាញ់របស់គ្រួសារនៃសព ។ លោកនាយកក៏បានបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះ សាខាកាកបាតក្រហមក៏បាននាំយកសម្ភារចូលរួមបុណ្យសពផងដែរ ដែលមានដូចជា ៖ អង្ករ២បាវ (ហាសិបគីឡូក្រាម), ត្រីខ២យួរ, មី២កេស, កន្ទេល២, ប្រេងឆា២កាដុង, ទឹកស៊ីអីវ២យួរ, តង់២, សាប៊ូកក់សក់២ដប, សាប៊ូដូសខ្លួន២ដប, ច្រាស់ដុសធ្មេញ ២, ថ្នាំដុស២ប្រអប់, ខោអាវ២កញ្ចប់, ស្បែកជើង២គូ ឃីត២ (មុង២ ភួយ២ សារ៉ុង២ ក្រម៉ា២ មុង២ ) និងថវិកាចំនួន១លានរៀលផងដែរ ។
គួររំលឹកថា ក្មេងស្រីអាយុ១ឆ្នាំកន្លះម្នាក់បានបាត់បង់ជីវិតនៅក្នុងជំនន់ទឹកភ្លៀង ខណៈពេលដែលស្រុកព្រៃនប់បានរងឥទ្ធិពលនៃព្យុះទី១១ ឈ្មោះថា «នូល» កំពុងវាយប្រហារ បណ្តាលឱ្យទឹកជន់លិចចូលក្នុងផ្ទះ ចំណែកក្មេងស្រីរងគ្រោះបានតោងឪពុកម្តាយដែរ ប៉ុន្តែតោងមិនឈ្នះក៏របូតធ្លាក់ចូលទឹកតែម្តង ហើយណាមួយទឹកហូរកួចខ្លាំងទៀតធ្វើឱ្យក្មេងស្រីរងគ្រោះមិនអាចជួយសង្គ្រោះទាន់ពេល ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព