ការធ្វើការបណ្តើរ រៀនបណ្តើរ គឺជាអ្វីដែលនិស្សិតជាច្រើនក្នុងប្រទេសកម្ពុជាកំពុងតែធ្វើ។ ប៉ុន្តែការធ្វើដូច្នេះមិនមែនជារឿងងាយស្រួលទេ ជាពិសេសសម្រាប់និស្សិតដែលរៀនពីរជំនាញ ឬជំនាញដែលទាមទារការហ្វឹកហាត់ច្រើន។ ប្រសិនបើអ្នកស្ថិតក្នុងចំណោមមនុស្សដែលនៅស្ទាក់ស្ទើរក្នុងការចាប់ផ្តើមចេញធ្វើការ ខណៈដែលនៅបន្តការសិក្សានោះ អ្នកអាចពិចារណាលើអត្ថប្រយោជន៍ដែលបានពីការធ្វើការក្រៅម៉ោងខាងក្រោម ៖
១. វាបង្កើនប្រាក់ចំណូល
និស្សិតភាគច្រើនពឹងផ្អែកខ្លាំងទៅលើថវិកាដែលបានពីឪពុកម្តាយ មិនថាសម្រាប់ថ្លៃសាលា សម្លៀកបំពាក់ ស្នាក់នៅ អាហារ ឬសៀវភៅទេ។ ជម្រើសនេះអាចបង្កនូវភាពពិបាកសម្រាប់និស្សិតជាពិសេសនៅពេលដែលក្រុមគ្រួសារកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុព្រោះតែកូវីដ ១៩។
ដូច្នេះការធ្វើការក្រៅម៉ោងអាចជួយបង្កើនប្រាក់ចំណូលដល់អ្នកបាន និងថែមទាំងអាចជួយឲ្យអ្នកមានភាពឯករាជ្យជាងមុនផងដែរ។
២. វាបង្រៀននិស្សិតពីការចាត់ចែងលុយ
ប្រសិនបើអ្នកមិនធ្លាប់ធ្វើការពីមុនមកទេ ការចាត់ចែងលុយក៏ជារឿងថ្មីសម្រាប់អ្នកដែរ។ ទោះអ្នកអាចរៀនពីវាតាមសៀវភៅ ឬលើអ៊ីនធើរណែតបានពិតមែន ការចាត់ចែងលុយជាជំនាញមួយដែលទាមទារឲ្យអ្នកធ្វើវាផ្ទាល់។ ការមានប្រាក់ចំណូលពីការងារក្រៅម៉ោងអនុញ្ញាតឲ្យអ្នករៀនពីការកំណត់ការចាយវាយ និងការសន្សំជាដើមដែលនឹងមានប្រយោជន៍នៅថ្ងៃមុខ។
៣. វាបង្រៀននិស្សិតពីការចាត់ចែងពេលវេលា
ក្រៅពីលុយហើយ ការចាត់ចែងពេលវេលាមានសារៈសំខាន់ណាស់ ព្រោះវាអាចធ្វើឲ្យអ្នកខ្ជះខ្ជាយពេលវេលាដោយមិនដឹងខ្លួន។ បច្ចុប្បន្ននេះនិស្សិតមានឱកាសច្រើនក្នុងការរៀនសូត្រ ដកបទពិសោធន៍ ធ្វើការតេស្តសាកល្បងអ្វីដែលថ្មីៗ ខណៈដែលការកម្សាន្តក៏មានច្រើនជាងមុនដែរ។ ការមានការងារធ្វើច្រើនជាងមុននឹងបង្រៀនឲ្យអ្នកចេះកំណត់ពេលវេលាឲ្យបានច្បាស់លាស់សម្រាប់ការងារ ការរៀនសូត្រ និងការកម្សាន្តជាដើម។
៤. វាធ្វើឲ្យអ្នកឈានមុខដៃគូប្រកួតប្រជែង
ការធ្វើការក្រៅម៉ោង ខណៈដែលអ្នកជានិស្សិតក៏អាចជួយឲ្យអ្នកលេចធ្លោជាងអ្នកដទៃនៅកន្លែងការងារដែរ ដែលមានសារៈសំខាន់ក្នុងពេលដែលទីផ្សារការងារកំពុងតែមានភាពមិនប្រាកដប្រជា។ ប៉ុន្តែមិនមែនគ្រប់ការងារក្រៅម៉ោងនឹងជួយដល់អ្នកឡើយ។
ដូច្នេះអ្នកត្រូវគិតពីអាជីពដែលអ្នកចាប់អារម្មណ៍ និងព្យាយាមរកការងារក្រៅម៉ោងដែលជួយបង្រៀនពីជំនាញដែលទាក់ទិននឹងអាជីពនោះ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព