កាលពីឆ្នាំ ១៩៩៤ លោកមហាសេដ្ឋី ជេហ្វ បេសូស (Jeff Bezos) ដែលបច្ចុប្បន្នជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ព្រមទាំងជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកបានប្រកាសរកបុគ្គលិកដំបូងគេបង្អស់សម្រាប់ក្រុមហ៊ុនរបស់លោក។
យោងទៅតាមការប្រកាសស្វែងរកបុគ្គលោកនោះ លោកបានសរសេរថា លោកកំពុងតែរក Developer ដែលមានទេពកោសល្យ ដើម្បីជួយដឹកនាំការធ្វើពាណិជ្ជកម្មលើអ៊ីនធើរណែត។ ហើយវាជាស្តង់ដាដែលលោកបេសូស បានព្យាយាមរក្សាក្នុងថ្ងៃនេះផងដែរ។ លោកបានសរសេរថា បេក្ខជនត្រូវតែមានសមត្ថភាពក្នុងការបង្កើតប្រព័ន្ធដែលធំ និងស្មុគស្មាញក្នុងទំហំធំជាងអ្វីដែលមនុស្សមានសមត្ថភាពគិតថា ពួកគេអាចធ្វើបាន។
នេះជាគោលការណ៍សំខាន់សម្រាប់ការប្រកបការងារដែលបានជួយឲ្យលោកបេសូសធ្វើឲ្យ Amazon ក្លាយជាក្រុមហ៊ុនដែលធំជាងគេលើលោកដែរ។ លោកធ្លាប់បាននិយាយកាលពីឆ្នាំ ១៩៩៧ ថា ការស្វែងរកបុគ្គលិករបស់លោកនៅឆ្នាំ ១៩៩៤ គឺជាកត្តាសំខាន់ជាងគេដែលនាំយកភាពជោគជ័យឲ្យទៅ Amazon.com។
លោកបានអះអាងថា «ភាពជោគជ័យកាលពីឆ្នាំមុន គឺជាលទ្ធផលនៃក្រុមមនុស្សដែលមានទេពកោសល្យ ឆ្លាតវៃ និងខិតខំប្រឹងប្រែងធ្វើការមួយ ហើយខ្ញុំមានមោទនភាពដែលខ្ញុំស្ថិតក្នុងក្រុមនេះដែរ »។
លោកបានបន្ថែមទៀតថា «វាមិនងាយស្រួលទេ ក្នុងការធ្វើការនៅទីនេះ ប៉ុន្តែពួកយើងកំពុងតែសហការក្នុងការបង្កើតអ្វីមួយដែលសំខាន់ អ្វីដែលមានប្រយោជន៍ដល់អតិថិជន អ្វីដែលពួកយើងអាចនិយាយប្រាប់ចៅៗបាន។ អ្វីទាំងនេះមិនងាយស្រួលទេ។ ពួកយើងពិតជាសំណាងល្អណាស់ក្នុងការមានក្រុមបុគ្គលិកដែលប្តេជ្ញា និងលះបង់សម្រាប់ Amazon.com»។
ប្រមាណ ២០ឆ្នាំក្រោយមក ការមានស្តង់ដាខ្ពស់របស់ Amazon បន្តជាគោលការណ៍សំខាន់របស់ក្រុមហ៊ុន។
Amazon ត្រូវបានរិះគន់ថា បង្ខំឲ្យបុគ្គលិកធ្វើការខ្លាំងពេកក្នុងបរិស្ថានធ្វើការដែលមិនល្អ។ ទោះជា Amazon បានបដិសេធនឹងការចោទប្រកាន់នេះពិតមែនក្តី ពួកគេក៏បានសម្របខ្លួនទៅតាមការទាមទារមួយចំនួនរបស់បុគ្គលិកដែរដូចជាការតម្លើងប្រាក់បៀវត្សន៍ជាដើម៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព