Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំណត់ហេតុស្នេហ៍នារីល្ងង់ម្នាក់

ពេលស្នេហានាគ្រាដំបូង ហេតុអ្វីសម្តីរបស់បងនិងទង្វើរបស់បងល្អខ្លាំងម្ល៉េះដាក់ខ្ញុំនោះ! បងដឹងទេ? ក្នុងចិត្តរបស់ខ្ញុំតែងតែលួចសង្ឃឹមបន់ស្រន់ក្នុងចិត្តថា នាថ្ងៃមួយបងនិងខ្ញុំចូលរោងការជាមួយគ្នា សាងគ្រួសារដោយសុភមង្គល។ ទេវតាហាក់បានលឺការបន់ស្រន់របស់ខ្ញុំ ថ្ងៃមួយហ្នឹងបានមកដល់! បងដឹងទេថាពេលនោះខ្ញុំសប្បាយចិត្តខ្លាំងប៉ុនណា ពាក្យសម្តីដែលបងពោលមកកាន់ខ្ញុំ៖”រៀបការជាមួយបងបានទេ?” វានៅតែឮរំពងក្នុងខួរក្បាលរបស់ខ្ញុំ។

ស្រាប់តែពេលនេះហេតុអ្វីបងមកប្រាប់ខ្ញុំ ឲ្យខ្ញុំបែកពីបងទាំងដែលយើងសល់តែ២សប្តាហ៍ទៀតនឹងរៀបការជាមួយគ្នានោះ? សំបុត្រធៀបក៏បានចែករួចហើយ រោងពិធីខាងសម្អាងការក៏បានកក់ដែរ នេះបងភ្លេចហើយឬ? ខ្ញុំពិតជាទទួលយកមិនបានពិតមែន!!!បងឲ្យខ្ញុំស្តាប់ហេតុផលរបស់បង ក្រោមហេតុផលបងមិនទាន់មានលទ្ធភាពរស់នៅជាមួយខ្ញុំបាន ព្រោះត្រូវមានភារកិច្ចរ៉ាប់រងលើបន្ទុកក្នុងគ្រួសារហ្នឹងឬ? នរណាគេមួយព្រមទទួលយកហេតុផលនេះ?

ខ្ញុំមិនចិត្តកំណាញ់ព្រោះតែរឿងបងព្រមទទួលធ្វើជាអ្នកទទួលរ៉ាប់រងបន្ទុកជួយក្នុងគ្រួសារតែឯងទេ ព្រោះខ្ញុំដឹងបងជាកូនប្រុសច្បង តែអ្វីដែលខ្ញុំអស់សង្ឃឹមលើរូបបងគឺហេតុអ្វីបងមិនគិតគូរអោយបានគ្រប់ជ្រុងជ្រោយមុនសម្រេចចិត្តដាក់ថ្ងៃការនោះ? ហើយបើមានហេតុផលផ្សេងម្តេចមិនពិភាក្សាគ្នាដើម្បីរកដំណោះស្រាយដ៏ល្អមួយ ឬក៏គិតថាយកគ្រួសារមករងដើម្បីយករួចខ្លួន? ប្រសិនបើបងខ្លួនឯងមានបងឬប្អូនស្រី ដែលជិតរៀបការហើយបែរជាត្រូវរំសាយព្រោះតែហេតុផលដូចដែលបងកំពុងប្រាប់ខ្ញុំនោះ សួរថាបងខ្លួនឯងមានអារម្មណ៍បែបណា? ទទួលយកបានទេ? បងមានយល់អារម្មណ៍សាមីខ្លួនខ្លះទេ ការរៀបការសម្រាប់មនុស្សស្រីពិតជាសំខាន់ណាស់?

ចុងក្រោយខ្ញុំព្រមទទួលពាក្យសូមទោសរបស់បង ព្រមព្រលែងបងទៅ ចាត់ទុកថាជាតិមុនខ្ញុំជំពាក់កម្មបងទៅចុះ!!! តែបងសូមចាំថាបើយើងមិនប្រាកដប្រជាជាមួយគេទេ កុំបំផ្លាញទឹកចិត្ត ក្តីស្រលាញ់និងកេរ្តិ៍ឈ្មោះមនុស្សស្រីក្រោមហេតុផលដែលគ្មានទំនួលខុសត្រូវរបស់យើងបែបនេះទៀត៕

“កុំយកសេចក្ដីស្រឡាញ់និងភាពស្មោះត្រង់របស់ខ្ញុំមកលលេង ប្រសិនបើអ្នកមិនប្រាកដប្រជាជាមួយខ្ញុំតាំងពីដំបូងនោះទេ។”

អត្ថបទដោយ៖ រ៉ាហ្សុី

from: https://tnaot.com/km/m/detail/article/9702133