ស្រុកព្រៃនប់ ៖ ក្មេងស្រីអាយុ១ឆ្នាំកន្លះម្នាក់បានបាត់បង់ជីវិតនៅក្នុងជំនន់ទឹកភ្លៀង ខណៈពេលដែលស្រុកព្រៃនប់បានរងឥទ្ធិពលនៃព្យុះទី១១ ឈ្មោះថា «នូល» កំពុងវាយប្រហារ បណ្តាលឱ្យទឹកជន់លិចចូលក្នុងផ្ទះ ចំណែកក្មេងស្រីរងគ្រោះបានតោងឪពុកម្តាយដែរ ប៉ុន្តែតោងមិនឈ្នះក៏របូតធ្លាក់ចូលទឹកតែម្តង ហើយណាមួយទឹកហូរកួចខ្លាំងទៀតធ្វើឱ្យក្មេងស្រីរងគ្រោះមិនអាចជួយសង្គ្រោះទាន់ពេល ។
បើតាមប្រភពពីអាជ្ញាធរខេត្តបានឱ្យដឹងថា ក្មេងស្រីខាងលើឈ្មោះ វុទ្ធី ស្រីនី អាយុ១ឆ្នាំកន្លះ រស់នៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ត្រូវបានបាត់បង់ជីវិតក្រោយពីមានទឹកលិចលង់ហូរចូលផ្ទះ ចំណែកក្មេងស្រីរងគ្រោះដោយសារឪពុកម្តាយមានកូនជាច្រើននាក់ ណាមួយតោងមិនឈ្នះផងក៏ធ្វើឱ្យក្មេងស្រីរងគ្រោះរបូតដៃធ្លាក់ចូលទឹកតែម្តង ។
អាជ្ញាធរខេត្តបន្តថា នៅគ្រានោះក្មេងស្រីរងគ្រោះបានតោងដើមឈើដែរ ប៉ុន្តែដោយសារតែទឹកហូរខ្លាំងពេក ចំណែកក្រុមសង្គ្រោះចូលទៅជិតដល់ដែរ តែមិនអាចជួយសង្គ្រោះបានឡើយ ព្រោះទឹកហូរយ៉ាងខ្លាំង ។ ក្រោយពេលកើតហេតុ សពក្មេងស្រីត្រូវបានក្រុមសង្គ្រោះរកឃើញនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រួចក៏ប្រគល់ជូនគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
គួររំលឹកថា អាជ្ញាធរខេត្តព្រះសីហនុ បានចុះធ្វើការសង្គ្រោះបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែជំនន់ទឹកភ្លៀងនាំមកកាន់ទីទួលសុវត្ថិភាព ព្រោះតែឥទ្ធិពលនៃព្យុះទី១១ មានឈ្មោះថា «នូល» ហើយឥទ្ធិពលនេះ បានបណ្តាលឲ្យតំបន់មួយចំនួនក្នុងស្រុកព្រៃនប់ ទទួលរងនូវការជន់លិច ដោយសារជំនន់ទឹកភ្លៀងដ៏ធំ ចាប់ពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ។
រីឯពលរដ្ឋដែលត្រូវបានអាជ្ញាធរសម្រេចជួយសង្គ្រោះយកទៅកាន់ទីទួលសុវត្ថិភាពនេះ គឺមានពលរដ្ឋរស់នៅក្នុងឃុំទួលទទឹង និងឃុំអណ្ដូងថ្ម ដែលភាគច្រើនទីលំនៅរបស់ពួកគាត់ជាតំបន់ទំនាបខ្លាំង ។
គួររំលឹកទៀតថា ឥទ្ធិពលនៃព្យុះវាយប្រហារពលរដ្ឋជាច្រើនគ្រួសារនៅស្រុកព្រៃនប់ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព