ប្រទេសអង់គ្លេស ៖ លោក Aiyawatt Srivaddhanaprabha ម្ចាស់ក្លិប Leicester City បានកាដូពិសេសថ្ងៃខួបកំណើតពីក្រុមរបស់លោកគឺកៅអី Champions League រដូវកាលក្រោយនៅជំនួបទល់នឹងក្រុម Man United។
Leicester និង Man United ត្រូវការឈ្នះចាំបាច់ដូចគ្នានៅជំនួបថ្ងៃអាទិត្យនេះ ដែលជាការប្រកួតចុងក្រោយនៃក្របខណ្ឌ Premier League និងជាជំនួបស៊ីសាច់គ្នាដណ្តើមកៅអីទៅលេង Champions League រដូវកាលក្រោយ ខណៈវាចំថ្ងៃខួបកំណើតរបស់លោក Aiyawatt ផ្ទាល់តែម្តង។
Leicester ទើបតែធ្វើការបង្ហាញឯកសណ្ឋានក្នុងផ្ទះថ្មីរបស់ខ្លួនជាផ្លូវការ នៅទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ដោយឈុតថ្មីនេះ រំលេចនៅលើអាវជាមួយពាក្យថា «Thailand Smiles With You»។ លោក Aiyawatt បានថ្លែងក្នុងពិធីនោះថា «កីឡាកររបស់យើងមួយចំនួនកំពុងរងរបួស ហើយក្រុមបិសាចក្រហមកំពុងមានទម្រង់លេងយ៉ាងល្អនៅពេលនេះ ។ខ្ញុំសង្ឃឹមថាវានឹងក្លាយជាថ្ងៃដ៏ល្អសម្រាប់ខ្ញុំ និងក្រុម។ វាជាថ្ងៃកំណើតរបស់ខ្ញុំនៅថ្ងៃអាទិត្យនេះ ហើយខ្ញុំមិនអាចគិតពីអំណោយអ្វីល្អជាងកៅអីនៅ Champions League នោះទេ។ ប៉ុន្តែបើទោះបីយើងមិនអាចធ្វើបាន ក៏ខ្ញុំនៅតែពេញចិត្តដែរ ព្រោះកីឡាករគ្រប់រូបបានប្រឹងប្រែងអស់ពីសមត្ថភាព»។
សូមបញ្ជាក់ថា Man United និង Chelsea កំពុងមាន ៦៣ពិន្ទុស្មើគ្នានៅចំណាត់ថ្នាក់លេខ ៣និង៤ ខណៈដែល Leicester តាមពីក្រោយ១ពិន្ទុនៅចំណាត់ថ្នាក់លេខ៤ ហើយក្រុមទាំង៣ សុទ្ធតែត្រូវការជ័យជម្នះដូចៗគ្នា៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព