រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញចំណូលពន្ធអាករគ្រប់ប្រភេទនៅរយៈពេល៦ខែដើមឆ្នាំនេះ នៅតែមានកំណើននិងកើនរហូតដល់១២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ បើទោះបីជាឆ្នាំ២០២០នេះកម្ពុជានិងពិភពលោកជួបនឹងវិបត្តិជំងឺកូវីដ១៩នេះក៏ដោយ។
ដើម្បីបកស្រាយចំងល់ពាក់ព័ន្ធនឹងកត្តាដែលធ្វើអោយចំណូលពន្ធ នៅតែកើនក្នុងពេលប្រទេសស្ថិតនៅក្នុងវិបត្តិនៃសេដ្ឋកិ្ចចនេះ លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានអោយដឹងថា មានកត្តាមួយចំនួនដែលធ្វើអោយចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារកើនឡើងក្នុងឆមាសទី១នេះ ។
លោកបន្តថា ចំណូលពន្ធក្នុង១ឆមាសនៃឆ្នាំ ២០២០នេះឃើញថានៅមានកំណើនបើធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយសារតែឆ្នាំសារពើពន្ធនៃការដាក់លិខិតប្រកាសបង់ពន្ធ លើប្រាក់ចំណេញប្រចាំឆ្នាំ ២០១៩ ដែលជាឆ្នាំល្អនៅមានកំសួលរហូតមកដល់ឆ្នាំ២០២០ជាពិសេសចាប់ពីខែមករា ដល់ខែមីនា ព្រោះការប្រកាសបង់ពន្ធលើប្រាក់ចំនេញនៅឆ្នាំ ២០១៩ ត្រូវយកមកប្រកាសបង់ពន្ធនៅឆ្នាំ២០២០ ទើបធ្វើអោយចំណូលពន្ធនៅមានកំណើន ។
យ៉ាងណាក្ដីលោកថា ចាប់តាំងពីក្រោយខែមីនា២០២០មក ចំណូលពន្ធចាប់ផ្ដើមថយចុះ ហើយឥទ្ធិពលនៃជំងឺកូវីដ១៩ មកលើការប្រមូលពន្ធក៏ចាប់ផ្ដើមបន្តិចម្ដងៗផងដែរ និងបានធ្វើអោយប៉ះពាល់ទៅដល់សេដ្ឋកិច្ចកាន់តែខ្លាំងជាក់ស្ដែង វិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលជាប្រភពចំណូលសំខាន់មួយផងដែរស្ទើរតែធ្លាក់ដល់កម្រិតសូន្យទោហើយ ព្រោះសណ្ឋាគារ ភោជនីយដ្ឋានជាច្រើនបានបិទ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ភ្នំពេញ បានស្ងប់ស្ងាត់សកម្មភាពហោះហើរ ។
លោកបន្ថែមថា ចាប់ពីខែកក្កដា ២០២០នេះទៅដល់ដាច់ឆ្នាំចំណូលពន្ធអាចនឹងមិនកើនឡើងនោះទេ ព្រោះផលប៉ះពាល់ទៅលើសេដ្ឋកិច្ចពីកូវីដ១៩នៅតែបន្ត ជាពិសេសទៅលើប្រទេសទីផ្សារធំរបស់កម្ពុជា ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម គេឃើញថាការរាលនៃកូវីដ១៩នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រទេសខ្លះនៅតែបន្តបិទប្រទេសនៅឡើយដើម្បីទប់ស្កាត់ ។
លោកបញ្ជាក់ថា ដើម្បីសម្រួលដល់អ្នកជាប់ពន្ធ ងាយស្រួលក្នុងការបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារក៏បានរៀបចំរួចហើយផងដែរ នូវប្រព័ន្ធ IT សម្រួលដល់អ្នកជាប់ពន្ធ ។ ពីកាលខែមីនា អគ្គនាយកដ្ឋានបានប្រកាសអោយប្រើនូវការដាក់លិខិតប្រកាសហើយអ្នកជាប់គ្រាន់តែអាប់ឡូតហ្វាល់មក ខាងពន្ធដារទទួលបានហើយ ដោយមិនចាំបាច់មកកាន់អគ្គនាយកដ្ឋានទេ ដូច្នេះអ្នកជាប់ពន្ធអាចទៅបង់ប្រាក់នៅធនាគារជាការស្រេច ។ដោយឡែកកាលពីខែមិថុនា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានអោយប្រើប្រាស់នូវប្រព័ន្ធដាក់លិខិតប្រកាសតាមអនឡាញមួយទៀតផងដែរ ។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារបានអោយដឹងថា រយៈពេល១ឆមាសនៃឆ្នាំ ២០២០នេះ ចំណូលពន្ធរបស់អគ្គនាយកដ្ឋានដែលប្រមូលចំណូលពន្ធបានមានចំនួនជាង ១,៦៨ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៥៩,០៩ភាគរយនៃផែនការប្រចាំឆ្នាំ ២០២០នេះ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព