រាជធានីភ្នំពេញ ៖ ពេលបច្ចុប្បន្នយើងសង្កេតឃើញថា មានយុវវ័យក៏ដូចជា អ្នករកស៊ី និងអ្នកបើកអាជីវកម្មមួយចំនួនបានប្រើវិធីសាស្ត្រនានាក្នុងការបង្ហាញនូវភាពហ៊ឺហារ និងឡូយឆាយរបស់ខ្លួនឱ្យអ្នកដទៃបានឃើញ ដើម្បីបង្ហាញថា ពួកគាត់ជោគជ័យ សល់ទ្រព្យពេញៗដៃ ។ ប៉ុន្តែភាពឡូយឆាយខ្លះក៏មិនប្រាកដថា មិនមានបំណុលដែរ ព្រោះអ្នកខ្លះសុខចិត្តខ្ចីលុយគេ ដើម្បីទិញរបស់ថ្លៃៗ យកមកបង្ហាញឱ្យអ្នកដទៃ ។
លោកស្រី ប៊ី ឧដ្ឋានវតី ដែលជាសហគ្រិនវ័យក្មេងមួយរូបនៅកម្ពុជាបានណែនាំថា «ប្រសិនបើយើងជាអ្នកប្រកបអាជីវកម្ម មានរបររកស៊ី មិនគួរគិតទៅលើសំភារៈនិយមច្រើនពេកទេ ។ អ្នកខ្លះគាត់ព្យាយាមចំណាយថវិកាសម្រាប់ទិញទូរស័ព្ទ និងទិញឡានថ្លៃៗ ដើម្បីតែចង់បង្ហាញអ្នកដទៃថា ពួកគាត់ជាបុគ្គលជោគជ័យ ប៉ុន្តែមិនមែនបែបនោះទេ វាជាបំណុលទៅវិញ បំណុលដែលមិនបានទទួលផលចំណេញមកវិញ។ វាជាបំណុលដែលនាំឲ្យលង់ខ្លួនហើយ លុយទាំងនោះមិនបានផ្តល់ជាផ្លែផ្កាមកអោយយើងវិញទេ ទាំងដែលអ្នកខ្លះមិនទាន់នឹងមានអ្វីនៅឡើយដែរ»។
ជានាយកគ្រប់គ្រង នៃក្រុមហ៊ុន អ៊ែរ តេ អ៊ែរ ទួស៌ ខូអិលធីឌី (RTR Tours Co., Ltd) និងជាស្ថាបនិក ក្រុមហ៊ុនអ៊ីនធរស៊ីមខូអិលធីឌី (Interexim Co., Ltd) ផងដែរនោះ លោកស្រី ឧដ្ឋានវតី បានប្រាប់គន្លឹះខ្លះៗ ចំពោះអ្នករកទើបចាប់ផ្តើមអាជីវកម្មថ្មី បើទោះជាអាជីកម្មនោះតូចក្តី ធំក្តី តែលោកស្រី ណែរនាំឱ្យគិតដល់ផ្នែកហិរញ្ញវត្ថុជាអាទិភាព។
តាមការយល់ឃើញរបស់លោកស្រី បាននិយាយថា នៅពេលអាជីវកម្មក្មេងៗនៅពេលគាត់ទទួលបានកម្រៃជាកញ្ចប់ ឬជោគជ័យទៅលើអ្វីមួយ ពួកគាត់មិនសូវជាចាប់អារម្មណ៍ វិនិយោគលើអ្វីមួយផ្សេង ឬទៅខាងអចលនទ្រព្យនោះទេ ពួកគាត់ខ្លះ គឺខំប្រឹងចំណាយច្រើនទៅលើរបស់ទាំងអស់នោះពេកដែលធ្វើឱ្យពួកគាត់មិនគិតដល់ផ្នែកហិរញ្ញវត្ថុ នៅពេលអាជីវកម្មពួកគាត់ជួបបញ្ហាអ្វីមួយ ។
លោកស្រី ឧដ្ឋានវតី បានបន្ថែមថា «បើបំណាច់នឹងយកបំណុលមកទិញហើយ គួរតែយកទៅវិនិយោគលើអ្វីមួយ ដូចជាទិញផ្ទះ ឬដី ទាំងអស់នេះ ក៏ព្រោះថាវាអាចចំណេញវិញ នៅពេលសមស្របណាមួយ។ ដូចនេះនៅពេលយើងចេះគ្រប់គ្រងការចំណាយហើយ យើងមិនខ្ចះខ្ចាយលុកកាក់ទៀតទេ»។ លោកស្រី បានលើកទឹកចិត្តចំពោះក្មេងៗ ដែលពួកគាត់មានបំណងចង់ចាប់ផ្តើមអាជីវកម្ម ដោយប្អូនស្រីជឿជាក់ថា មនុស្សខ្លះពូកែរក តែមិនពូកែទុកទេ ខ្លះទៀតពូកែរក ពូកែចាយ ដូចនេះ ក្រុមហ៊ុនតូចក៏ដោយ ធំក៏ដោយ គួរតែរកអ្នកខាងផ្នែកហិរញ្ញវត្ថុ ឬគណនេយ្យករនេះ។
គួរបញ្ជាក់ផងដែរថា លោកស្រី ក៏ជាសមាជិកនៃសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)ផងដែរ។ ជាមួយគ្នាដែរ លោកស្រី ក៏បានចូលរួមយ៉ាងសកម្មភាពក្នុងសង្គម ជាពិសេសក្នុងការលើកកម្ពស់ វិស័យអប់រំនៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា តាមរយៈការជួសជុលបណ្ណាល័យ សម្រាប់កុមារក្នុងការអង្គុយអាន ក៏ព្រោះតែពួកគាត់ទាំងនោះ មិនសូវមានឳកាសក្នុងការរៀនសូត្រ មិនមានអាគារសាលារៀនត្រឹមត្រូវ មិនមានកន្លែងអង្គុយរៀនត្រឹមត្រូវ៕ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព