Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក ​កើត រិ​ទ្ធ ៖ ការ​ផ្លាស់​ប្តូរ​ចៅក្រម​ព្រះរាជអាជ្ញា​ដើម្បី​ធានា​ការ​កាត់ក្តី​ដោយ​យុត្តិធម៌

រាជធានី​ភ្នំពេញ៖ ប៉ុន្មាន​ថ្ងៃនេះ​ព្រះរាជក្រឹត្យ​តែងតាំង និង​ផ្លាស់​ប្តូរ​ចៅក្រម និង​ព្រះរាជអាជ្ញា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ។ ក្នុង​នោះ​លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា ការ​ផ្លាស់​ប្តូរ​នេះ​ជា​រឿង​ធម្មតា មិន​មាន​អ្វី​ប្លែក​ទេ​ជា​ការ​អនុវត្ត​ស្រប​តាម​ច្បាប់​កំណត់ ក្នុង​គោលបំណង ដើម្បី​ធានា​ឱ្យ​មាន​កិច្ច​ដំណើរការ​ការងារ​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​ប្រសិទ្ធភាព​ខ្ពស់​សំដៅ​លើកកម្ពស់​ការ​បម្រើសេវា​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស ដើម្បី​ធានា​ការ​កាត់សេចក្តី​ដោយ​មិន​លំអៀង​ដោយ​ត្រឹមត្រូវ និង​ដោយ​យុត្តិធម៌ ។

ក្រៅពី​ការ​លើក​ឡើង​ដូច្នេះ លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​មន្ត្រី​តុលាការ​លើកកម្ពស់​គុណភាព​នៃ​ការ​កាត់ក្តី​ឱ្យ​បាន​ត្រឹមត្រូវ និង​យុ​តិ្ត​ធម៌ ហើយ​ផ្តល់​សេវា​យុត្តិធម៌​ឱ្យ​មាន​ភាព​ងាយស្រួល​ឆាប់រហ័ស និង​ស្អាតស្អំ​ដល់​ពលរដ្ឋ ។

លោក​កើត រិ​ទ្ធ​ថែម​ទាំង​ស្នើ​ឲ្យ​ចៅក្រម ព្រះរាជ​អាជ្ញាធរ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ដ៏​ថ្លៃថ្លា​ទាំង​៥ របស់​ប្រមុខ​ដឹកនាំ ធ្លាប់​បាន​លើក​ឡើង​គឺ «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ។

លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​គូសបញ្ជាក់​ថា ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាព​ម៉ឺងម៉ាត់​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស គឺ​ការ​វៀរចាក​នូវ​អ​គិត​ធម៌​ទាំង​៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហោ​គតិ ដូចដែល​ចៅក្រម​ព្រះរាជអាជ្ញា​ទាំងអស់​បាន​ធ្វើ​សច្ចាប្រណិធាន នៅ​មុន​ពេល​ខ្លួន​ចូល​កាន់​តំណែង ។

លោក​បាន​លើក​ឡើង​ដូច្នេះ​ថា «​ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ទាំង​ក្នុង​ពេល​បំពេញការងារ ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។ ការ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន គឺជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​អង្គចៅក្រម​ខ្លួនឯង ហើយ​វា​ជា​កត្តា​រួមចំណែក​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ​យុត្តិធម៌​» ។

នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​ដំណែង​ចៅក្រម ព្រះរាជ​អាជ្ញាធរ​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ពីរ​ថ្ងៃមុន​នេះ លោក​កើត រិ​ទ្ធ បាន​អះអាង​ថា «​ក្រសួងយុត្តិធម៌ និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នឹង​បន្ត​ពង្រឹង​វិធានការ​វិន័យ ក្រមសីលធម៌ និង​ភាព​ស្អាតស្អំ​របស់​អង្គចៅក្រម ដើម្បី​លើកកម្ពស់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​អង្គចៅក្រម​បន្ថែម​ទៀត​» ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9519707