រាជធានីភ្នំពេញ៖ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថា យើងត្រូវគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូន និងសាលារៀនបើកបរត្រូវ មានការតឹងតែងបំផុត ឬមានវិធានការផាកពិន័យក្រុមហ៊ុនណា (ក្រុមហ៊ុនដឹកជញ្ជូន) ដែលមានចំនួនអ្នកបើកបរប្រើប្រាស់គ្រឿងញៀនច្រើន ។
ក្រោយបញ្ជប់លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ ព្រឹកមិញនេះ លោក ឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា រឿងពិនិត្យទឹកនាម អ្នកបើកបរដើម្បីរកសារធាតុញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចធ្វើម្នាក់ឯងបានឡើយ ត្រូវមានការចូលរួមពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ ដើម្បីពន្យល់ និងអប់រំអំពីហានិភ័យនៃការប្រើប្រាស់គ្រឿង ។
ជាមួយគ្នាននោះ លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានស្នើឲ្យក្រសួងសុខាភិបាល នៅពេលចុះពន្យល់ប្រជាពលរដ្ឋអំពីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ក៏ត្រូវពន្យល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងពីព្រោះគ្រឿងនាំឲ្យខាតបង់ថវិកានៅក្នុងក្រុមគ្រួសារផងដែរ ។
ឆ្លៀតឱកាសនោះ លោក កែ គឹមយ៉ាន ក៏បានអំពាវនាវទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស មាតា-បិតា ត្រូវតាមដានកូនចៅរបស់ខ្លួនក្រែងពួកគាត់ពាក់ព័ន្ធទៅនឹងគ្រឿងញៀន បើសិនពួកគាត់ពាក់ព័ន្ធគ្រឿងញៀនត្រូវនាំពួកគាត់ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលថា តើពួកគាត់ពាក់ព័ន្ធគ្រឿងញៀនឬអត់? ដើម្បីមានវិធានបន្ដទៀត។
សូមរំលឹកថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេស បានចំនួន៥.៤៦៣ករណី និងឃាតត់ខ្លួនមនុស្សចំនួន១០.៨៧៧នាក់ ហើយបានចាប់យកគ្រឿងញៀន ចំនួន២៦១គីឡូក្រាម ៕ ត្នោត