
រាជធានីភ្នំពេញ ៖អ្នកនាងទូច ស្រីលក្ខណ៍ ពេលនេះជីវិតកំពុងស្រពោន បាក់ទឹកចិត្ត ។ ច្រើនខែមកហើយ នាងបែកបាក់ស្វាមី ហើយព្យាយាមលាក់បាំង រហូតទាល់តែទ្រាំលាក់តទៅទៀតលែងបាន ។
ទូច ស្រីលក្ខណ៍ និងស្វាមីបរទេសបានរៀបការតាមប្រពៃណី ហើយទីបំផុតក៏បែកបាក់ ។ អ្នកនាងទូច ស្រីលក្ខណ៍ ស្ទើរតែតាំងជំហរលែងបាន ដោយសារមិននឹកស្មានថា ជួបរឿងសោកសៅនៃជីវិតបែបនេះ ។ នាងដេកកើតទុក្ខរាល់ថ្ងៃ ចង់ក្លាយជារោគចិត្ត ដ្បិតទទួលយកមិនបាន ព្រោះ បងៗនៅក្នុងរង្វង់គ្រួសារ ម្នាក់ៗ មានស្នេហារឹងមាំ ប្រកបដោយសុភមង្គល ។ ដោយជាតារាល្បីសាងស្នាដៃបានជាច្រើន នាពេលកន្លងមកទើបតារារាងខ្ពស់រូបនេះ ប្រឹងជម្នះ ហើយបានតាំងជំហរ ប្រមូលអារម្មណ៍ឡើងវិញ ដើម្បីកូនប្រុស និងការរាប់អានញាតិមិត្ត ។ «ទោះបីជីវិតមានបញ្ហាលំបាកយ៉ាងណា យើងត្រូវប្រឹងញញឹមទាំងទឹកភ្នែកដើរទៅមុខ កុំចុះចាញ់ឲ្យសោះ!»។ នេះជាការលើកឡើងរបស់ទូច ស្រីលក្ខណ៍ ក្រោយពេលចេញចម្រៀងមួយ បទ«ទៅចុះឈឺប៉ុណ្ណឹងបានហើយ»។
នាងបានយំ រៀបរាប់ថា «អត់ដែលគិតថាយើងជួបរឿងបែបនេះទេ ។ ពេលមានហេតុការណ៍កើតឡើងក្នុងគ្រួសារ ចេះតែសួរខ្លួនឯងថា នេះជាការណ៍ពិតមែន អត់ ឬក៏ជារឿងធម្មតា ។ ប៉ុន្តែ យូរទៅៗ ទំហំនៃបញ្ហាក៏កាន់តែចាក់ឫស រហូតក្លាយជាភ្នំសង្កត់ ដែលយើងប្រឈម ហើយប្រឹងទាញចេញឲ្យស្រាល ។ ចាប់តាំងពីពេលនោះ មកនាងខ្ញុំបាត់បង់ភាពស្រស់ស្រាយ ទៅណាមកណា នៅក្នុងកម្មវិធី អ្វីៗលាក់វិបត្តិក្នុងចិត្ត រហូត »។ យ៉ាងណាក្ដី ទូច ស្រីលក្ខណ៍ ថា« រឿងនេះមិនបណ្តោយឲ្យនាងខ្ញុំដួលឡើយ នាងខ្ញុំឲ្យគេទៅចុះ ។ ជំហររបស់នាងខ្ញុំគឺមានកូនប្រុសម្នាក់ជា បេះដូង កែវភ្នែកនៅចាំមើលថែថ្នម ។ មួយទៀតនៅមានមិត្តភក្តិ ការងារសិល្បៈល្អ ការអាណិតនាង ពីសាច់ញាតិ មហាជន ដែលជាទឹកចិត្តជម្រុញ ។ កុំព្រោះតែរឿងនោះជីកកប់ជីវិតឲ្យអាប់ ឲ្យគេទៅចុះ នាងខ្ញុំអាចរឹងមាំបាន មិនចុះចាញ់ជាដាច់ខាត» ។ អ្នកនាងទូច ស្រីលក្ខណ៍ ថានាងមានផែនការ ជាច្រើននៅលើអាជីពសិល្បៈមិនអាចចោលបាន ពិសេសការចេញបទចម្រៀង ព្រោះ មួយបទៗ ដែលផ្សាយទៅ មានការគាំទ្រ ក្លាយជាកម្លាំងចិត្តរបស់នាង ។ រឿងស្នេហា ទូច ស្រីលក្ខណ៍ ថាមិនគិតទៀតទេ ក្រៅពីការងារ និងមើលថែកូន «បើយើងមិនរឹងមាំអ្នកណាគេទៅជួយយើងបាន មានតែខ្លួនឯង»៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព