
គ្រប់សុបិនទាំងអស់មិនប្រាកដថាអាចក្លាយជាការពិតបានទេ ព្រោះសុបិន និងការពិតគឺជាបដិវាទកម្មម្យ៉ាងដែលសឹងតែរកយល់ពុំច្បាស់លាស់ទាល់តែសោះ ព្រោះក្នុងន័យម្យ៉ាងទៀតគ្មាននរណាម្នាក់អាចឃាត់ការពិតមិនឱ្យស្ថិតនៅជាការពិតបានឡើយ ។ ដំណើររបស់ធម្មជាតិ គឺជាភាពទៀងទាត់មួយដែលមនុស្សគ្រប់គ្នាពុំអាចគេចបាន ទោះខិតខំអស់គ្រប់មធ្យោបាយក៏ដោយចុះ ។
អត្ថបទស្រង់ចាកពីសមាគមអ្នកអក្សរសិល្ប៍កម្ពុជា ពីប្រភពJanratana Samបានអត្ថាធិប្បាយថា ខាងក្រោមនេះជាឧទាហរណ៍ស្ដីពីសេចក្ដីសុបិនមួយរបស់អ្នកចម្រៀងដ៏ល្បីមួយរូបរបស់ពិភពលោក គឺម៉ៃឃើល ជែកសុន (Michael Jackson) ៖ លោក Michael Jackson ចង់រស់នៅឱ្យបាន១៥០ឆ្នាំ តែលោកអាចរស់នៅបានប៉ុន្មានត្រឹមតែកន្ទុយឆ្នាំនៃគោលដៅចុងក្រោយ ។ គាត់បានជ្រើសរើសវេជ្ជបណ្ឌិតផ្ទាល់ខ្លួនចំនួន១២នាក់ ប្រចាំការនៅផ្ទះគាត់ ។ ជារៀងរាល់ថ្ងៃក្រុមគ្រូពេទ្យពិនិត្យមើលសុខភាពគាត់ ពីសក់រហូតដល់ចុងជើង ។
អាហាររបស់គាត់តែងតែត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ មុននឹងយកឲ្យគាត់ ទទួលទាន ។
មនុស្ស១៥នាក់ផ្សេងទៀតត្រូវបានជ្រើសរើសដើម្បីមើល និងណែនាំគាត់ ក្នុងការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ។ គ្រែគេងរបស់លោក មានបំពាក់នូវបច្ចេកវិទ្យាម្យ៉ាង ដែលគ្រប់គ្រងកំរិតអុកស៊ីសែន នៅកន្លែងសម្រាក ។ អ្នកបរិច្ចាគសរីរាង្គ ត្រូវបានគេរៀបចំទុកជាមុន ដើម្បីឱ្យពួកគេអាចបរិច្ចាគ ភ្លាមៗ ពេលណាក៏បាន ។ រូបគាត់ផ្ទាល់ជាអ្នកថែរក្សា អ្នកបរិច្ចាគសរីរាង្គទាំងនោះ ដោយយកចិត្តទុកដាក់បំផុត ។ គាត់មានបំណង សម្រេចក្តីសុបិន ដោយអាចរស់នៅបាន១៥០ឆ្នាំ ។ គួរឲ្យស្ដាយ ! គាត់បានបរាជ័យ ។
នៅថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០០៩ នៅអាយុ ៥០ឆ្នាំ បេះដូងរបស់គាត់បានឈប់ដំណើរការ ។ កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់គ្រូពេទ្យទាំង១២នាក់នេះមិនអាចជួយគាត់បានទេ ។ សូម្បីតែកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រូពេទ្យមកពីទីក្រុង Los Angeles និងរដ្ឋ California ក៏មិនអាចជួយសង្គ្រោះគាត់បានដែរ ។ទោះបីជាគាត់មិនដែល ធ្វើដំណើរទៅមុខមួយជំហាន ដោយគ្មានការផ្តល់យោបល់ពីវេជ្ជបណ្ឌិតអស់រយៈពេល២៥ឆ្នាំចុងក្រោយរបស់គាត់នោះ ក៏គាត់នៅតែមិនអាចបំពេញសុបិនរបស់គាត់ ដែលអាចរស់នៅបាន១៥០ ឆ្នាំដដែល ។
ការធ្វើដំណើរចុងក្រោយរបស់គាត់ ស្ថិតក្រោមក្រសែភ្នែករបស់មនុស្សជាង២,៥លាននាក់ ដែលជាចំនួនដ៏ច្រើនបំផុត មកទល់បច្ចុប្បន្ន ។នៅថ្ងៃដែលគាត់បានស្លាប់ ពោលគឺថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០០៩ វេលាម៉ោង៣ និង១៥នាទីរសៀល វិគីភីឌា ទ្វីតធ័រ កម្មវិធីឆាត AOL គាំងលែងដំណើរការ ។ មនុស្សរាប់លាននាក់ កំពុងស្វែងរកព័ត៌មានពីលោកMichael Jackson នៅលើ Google ក្នុងពេលតែមួយ ។
Jackson បានព្យាយាមប្រជែងនឹងការស្លាប់ ប៉ុន្តែចុងក្រោយ ការស្លាប់បានប្រជែងគាត់វិញ ។ជីវភាពដ៏សំបូរបែប ក្នុងពិភពសម្ភារនិយម បច្ចេកវិទ្យាដ៏អស្ចារ្យយ៉ាងណាក្តី ក៏មិនអាចបញ្ចៀសសេចក្ដីស្លាប់បានដែរ ។ នេះគឺជាច្បាប់នៃជីវិត ។ឥឡូវសូមយើងគិត ។
តើយើងខំរកប្រាក់ គឺដើម្បីតែជួល អ្នកសាងសង់ វិស្វករ អ្នករចនាម៉ូដ ឬអ្នកតុបតែង ផ្ទះឲ្យយើង?តើយើងចង់ឲ្យគេស្ញប់ស្ញប់ស្ញែង ដោយការបង្ហាញពីផ្ទះ រថយន្តនិងពិធីអាពាហ៍ពិពាហ៍ ដែលថ្លៃអស្ចារ្យ ?
តើអ្នកនៅចាំ មុខម្ហូបនៅក្នុងពិធីមង្គលការដ៍អស្ចារ្យ ដែលអ្នកបានចូលរួមកាលពីពីរថ្ងៃមុនទេ ?ហេតុអ្វីបានក្នុងជីវិត យើងត្រូវធ្វើកាលំបាកដូចសត្វ ?តើអ្នកចង់ឲ្យសាច់ញាតិប៉ុន្មានជំនាន់ សោយសុខ ដែលអ្នកចាំបាច់ ត្រូវខំដល់ថ្នាក់នេះ ?
យើងភាគច្រើនមានកូនម្នាក់ឬពីរនាក់ ។ តើអ្នកធ្លាប់គិតថាតើយើងត្រូវការប៉ុន្មានហើយយើងចង់បានប៉ុន្មាន ?តើយើងគិតថា កូនៗ របស់យើងនឹងមិនអាចរកប្រាក់ចំណូលច្រើនទេ តើចាំបាច់ប្រឹងដើម្បីសន្សំប្រាក់បន្ថែមសម្រាប់ពួកគេទេ ?
តើអ្នកបានចំណាយពេលខ្លះ ជាមួយខ្លួនអ្នក គ្រួសារ ឬមិត្តភក្តិ ក្នុងសប្តាហ៍កន្លងមកទេ ?តើអ្នកបានចំណាយ៥ភាគរយនៃប្រាក់ចំណូលដើម្បីខ្លួនឯងទេ ?ហេតុអ្វីយើងមិនមានសុភមង្គលក្នុងជីវិត ជាមួយនឹងអ្វីដែលយើងរកបាន ?ប្រសិនបើវិភាគស៊ីជម្រៅបន្តិច យើងអាចជួបប្រទះ ការគាំងបេះដូង ស្ទះសរសៃឈាម គេងមិនលក់ ជាដើម ។ នាពេលណាមួយ ។
ជារួម ចំណាយពេលខ្លះសម្រាប់ខ្លួនឯង។ យើងមិនមានទ្រព្យសម្បត្តិទេ មានតែឈ្មោះ នៅក្នុងឯកសារមួយចំនួនដែលត្រូវបានសរសេរជាបណ្តោះអាសន្នប៉ុណ្ណោះ ។កុំចាប់អារម្មណ៍លើមនុស្សដែលមានអំនួត រឿងឡាន ឬសម្លៀកបំពាក់ថ្លៃៗ ។ គណិតវិទូ និងអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យរបស់មនុស្សជាតិ បានប្រើកង់ ឬម៉ូតូ សម្រាប់ការធ្វើដំណើរប៉ុណ្ណោះ ។ កុំសាងបាបដើម្បីក្លាយជាអ្នកមាន កុំមានហើយដេកឱបតែលុយ ។ ត្រូវគ្រប់គ្រងជីវិតអ្នក បើមិនដូច្នោះទេ ជីវិតនឹងគ្រប់គ្រងអ្នកវិញមិនខាន ។អ្វីដែលសំខាន់បំផុត នៅចុងបញ្ចប់នៃជីវិតគឺ ការស្កប់ចិត្ត ការពេញចិត្ត និងសន្តិភាព ។គួរឱ្យស្តាយ, របស់ទាំងនេះមិនអាចទិញបាន ។ព្រះពុទ្ធអង្គបានសម្ដែងថា «អនិមិត្តមនញ្ញាតំ មច្ចានំ ឥធ ជីវិតិ កសិរញ្ច បរិតញ្ច តញ្ចទុក្ខេនសញ្ញុតំ» ប្រែថា «ជីវិតនៃសត្វទាំងឡាយក្នុងលោកនេះមិនមាននរណាកំណត់បាន មិនមាននរណាដឹងមុន ជីវិតជារបស់លំបាកផង ព្រោះវត្ថុធាតុដែលត្រូវរស់សុទ្ធតែបានមកអំពីស្វែងរក ជារបស់តិចណាស់ផង ព្រោះទោះណាជាមានគ្រឿងឧបភោគបរិភោគសម្រាប់ចិញ្ចឹម សម្រាប់រក្សាគ្រប់គ្រាន់ក៏នៅតែស្លាប់ ជារបស់ប្រកបដោយទុក្ខផង ព្រោះប្រភពនៃជីវិតមានកំណើត មានចំណាស់ មានជំងឺ មានសម្លាប់ជាធម្មតា»៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព