គ្រួទាយគឺជាគ្រូមន្តអាគមដែលចេះវិជ្ជាផ្លូវងងឹតមន្តអាគមន៍អូមអាមទស្សន្ទ៍ទាយលើកជាតារាសីដាក់ស្នេហ៍ដាក់អំពើគ្រប់សព្វបែបយ៉ាងទាំងអស់ដែលមានជំនួយពីបារមីកាន់យ៉ាងខ្ពង់ខ្ពស់គួរជាទីគោរពសក្ការៈ។
នេះគឺគ្រាន់តែជាអ្វីដែលគ្រូទាយចង់ឱ្យលោកអ្នកដឹងតែប៉ុណ្ណោះប៉ុន្តែអ្វីដែលជាការពិតនៅពីក្រោយអំពើទាំងនេះវាពិតជាអាក្រក់ជាងអ្វីដែលពួកគេបានបង្ហាញ។
យើងមិនបានសំដៅទៅលើគ្រូទាយទាំងអស់នោះទេ។ ប៉ុន្តែភាគច្រើនគឺបែបនេះ។
ភាពលោភលន់របស់មនុស្សគ្មានដែនកំណត់។ វិជ្ជាជីវៈរបស់គ្រូទាយគឺត្រឹមតែទាយពីជោគជតារាសីដោះអំពើលើករាសី និងទស្សន៍ទាយពីរបស់សំខាន់ណាមួយដែលភ្ញៀវបាត់តែប៉ុណ្ណោះ។ ប៉ុន្តែគ្រូទាយមួយចំនួនបែរជាយកអំពើអាក្រក់ ការដាក់ស្នេហ៍ ការបំផ្លាញអ្នកដទៃដាក់ឱ្យអ្នកដទៃធ្លាក់ខ្លួនឈឺរហូតស្លាប់ដោយយកទ្រនឹបជាទឹកប្រាក់ដើម្បីបិទមុខ។
យើងបានទទួលរឿងពិតមួយពីលោក វង្ស ដែលសុំមិនបង្ហាញអត្តសញ្ញាណច្បាស់លាស់ព្រោះដើម្បីសុវត្ថិភាព សព្វថ្ងៃលោកវង្ស រស់នៅ ស្រុកពញ្ញាក្រែក ខេត្តកណ្ដាល បានរំឭកនូវហេតុអតីតដ៏អាក្រក់ឱ្យប្រិយមិត្តបានជ្រាបថា,
កាលពីលោកមានអាយុ 13 ឆ្នាំ, លោកត្រូវបានឪពុកម្ដាយយកមកនៅផ្ទះអ៊ំបង្កើត គ្រាន់បានជួយការងារបន្តិចបន្តួច និងបានរៀនសូត្រផង។
អ៊ំប្រុសមាននាទីទស្សន៍ទាយនិងដោះអំពើបែបផ្លូវងងឹត តែអ៊ំស្រីមាននាទីដើរផ្សព្វផ្សាយកេរ្តិ៍ឈ្មោះស្វាមីឲ្យបានកាន់តែល្បីល្បាញខ្ទរខ្ទារទាក់ទាញអ្នកដែលមានជំនឿងុបងុលរឿងអរូបីឱ្យមករកគាត់ដើម្បីធ្វើអំពើនានា។
រៀងរាល់ថ្ងៃផ្ទះអ៊ំគ្រូទាយមិនដែលស្ងាត់មនុស្សឡើយ គឺតាំងពីមុនថ្ងៃរៀបរះរហូតដល់ថ្ងៃលិច។
ពេលខ្លះបន្តដល់យប់ក៏មាន។
វង្ស រស់នៅជាមួយអ៊ុគ្រាន់តែជួយដាំទឹកបោសសំរាមមុខ និងក្រោយផ្ទះនិងដាក់បាយឆ្កែខ្មៅធំរបស់គាត់តែប៉ុណ្ណោះដោយមិនមានការងារធ្ងន់ធ្ងរណាមួយដែលអ៊ំអនុញ្ញាតឱ្យធ្វើឡើយ។ ហើយបម្រាមដ៏តឹងរឹងបំផុតនោះ គឺម៉ោង 7 យប់ ត្រូវតែចូលដេកមិនត្រូវចេញពីបន្ទប់ផ្តេសផ្ដាស។
វង្ស គិតថាខ្លួនជាក្មេងមានសំណាងជាងក្មេងដទៃដែលសូម្បីតែបាយមួយពេលក៏គ្មានផងប៉ុន្តែសម្រាប់វង្សមានបាយបរិភោគមានលុយមួយចំនួនសម្រាប់ចាយ។
ទឹកក៏មានផឹកផ្ទះក៏មានដេកលុយក៏មានចាយក៏មានស៊ី ធ្វើឱ្យវង្សកាន់តែរីករាយនឹងជីវិតបែបនេះ។
តែមានថ្ងៃមួយមានរថយន្តដ៏ធំខ្មៅកញ្ចក់បិទស្កុតខ្មៅជិតមើលពីក្រៅមិនឃើញ បានឈប់ចតនៅមុខផ្ទះរបស់លោកគ្រូទាយ។ វង្សឃើញមនុស្ស 4 នាក់ ដែលបីនាក់ស្លៀកពាក់ខ្មៅជាមនុស្សប្រុស រីឯម្នាក់ទៀតស្លៀករ៉ូបពណ៌ស្វាយពាក់វ៉ែនតាខ្មៅកាបូបធំមានពាក់គ្រឿងអលង្ការជ្រែកខ្លួនបានដើរមកឡើងផ្ទះរបស់លោកគ្រូទាយនេះ។
ពេលនោះ លោកអ៊ុបានទទួលលោកស្រីនោះ ហើយបិទទ្វារផ្ទះជិតដោយប្រាប់វង្សថាមិនអនុញ្ញាតឱ្យនរណាចូលទេទោះសំខាន់យ៉ាងណាក៏ដោយគឺទទួលភ្ញៀវពិសេសម្នាក់នេះផ្ដាច់មុខ។
ប្រហែលជា១ម៉ោងក្រោយមក វង្សឃើញលោកស្រីនោះ និងបុរសស្លៀកខ្មៅដើរចុះជណ្ដើរវិញហើយចូលរថយន្ត និងជិះចេញទៅដោយទឹកមុខលោកស្រីនោះបង្ហាញពីភាពរីករាយអ្វីម្យ៉ាងគួរឱ្យសង្ស័យ។
ល្ងាចឡើង ពេលបិទទ្វារផ្ទះចូលដេកហើយ អ៊ុក៏បានហៅវង្សមកប្រាប់ការងារថ្មីមួយដែលគាត់ត្រូវធ្វើ។
គឺអុំបាននិយាយថា ចាប់ពីថ្ងៃស្អែកតទៅ ម៉ោង6ល្ងាច វង្សត្រូវយកអាហារទៅខ្ទមមួយដែលគាត់បានធ្វើ យកសោរទៅចាក់ទ្វារខ្ទមនោះហើយយកអាហារដាក់ក្នុងខ្ទមនោះរួចត្រូវចាក់សោរវិញឱ្យបានជាប់ និងប្រុងប្រយ័ត្ន។
គាត់ផ្ដាំថា រាល់ពេលធ្វើការងារនេះ ត្រូវប្រាកដថាមិនមាននរណាម្នាក់បានឃើញ ឬបានលបមើលឡើយ ហើយគាត់ក៏សន្យានឹងផ្ដល់ប្រាក់បន្ថែមដល់វង្សសម្រាប់ការងារនេះ។ មិនមានអ្វីពិបាក នៅម្ដុំនេះដាច់ស្រយាលពីភូមិគេ ដូច្នេះមិនមាននរណានឹងមកលបមើល ហើយក៏មិនព្រួយថានឹងនរណាដើរមកឃើញដោយចៃដន្យអ្វីឡើយ។
តែពេលធ្វើវាមិនដូចពេលគិត។
ថ្ងៃដំបូងនៃការងារថ្មី វង្សយកសម្លរដែលស្លរពីអ្វីក៏មិនដឹង និងបាយដាក់ថាសយ៉ាងស្អាតតាមដែលអ៊ុស្រីរៀបចំ ទៅដាក់នៅខ្ទមតាមដែលគាត់បានបញ្ជា ដោយខ្ទមនៅឆ្ងាយពីផ្ទះគ្រូទាយនេះគួរសម ដូច្នេះដោយសារជុំវិញសុទ្ធតែព្រៃស្ងាត់ ណាមួយមេឃចាប់ងងឹតហើយនោះ ធ្វើឱ្យវង្សមានអារម្មណ៍ព្រឺខ្នង។
នៅទីនោះមានខ្ទមតូចមួយខ្ពស់ ជណ្ដើរប្រហែល៦កាំ។ វង្សកាន់អាហារឡើង ហើយយកកូនសោរចាក់បើកទ្វារដែកនៃខ្ទមនោះរួចយកម្ហូបដាក់ចូលហើយចាក់សោរទ្វារវិញរួចប្រញាប់រត់មកផ្ទះទាំងរ
អើលខ្នង។ ស្អែកឡើងក៏បន្តធ្វើការនេះដដែលៗ។
តែមានថ្ងៃមួយ, ដោយសារអ៊ុស្រីគាត់រវល់ទទួលភ្ញៀវដែលមករកអ៊ុប្រុស ទើបមិនបានទៅផ្សារ គាត់ក៏ប្រើឱ្យវង្សទៅផ្សារទិញម្ហូប និងបាយស្រាប់។
វង្សសប្បាយចិត្តណាស់ដោយបានដើរផ្សារ។ គាត់ទិញម្ហូបតាមដែលអ៊ុស្រីផ្ដាំ តែពេលទៅទិញបន្លែ, អ្នកលក់បន្លែបានសួរថា អាអូនឯងរស់នៅជាមួយតាប៉ក់យាយងៅ គ្រូទាយនោះមែនទេ? វង្សក៏ងក់ក្បាលឆ្លើយតប ឯអ្នកលក់នោះក៏ងាកទៅនិយាយនឹងអ្នកលក់សាច់គោជាប់នោះថា អើយតាប៉ក់ យកកូនគេមកនៅពីមុនគេរត់បាស់ជើងមិនរាងយកក្មេងមកនៅទៀតហើយ មិនយូរទេវាសនាក្មេងនេះក៏ដូចក្មេងមុនដែរ។
វង្សឮហើយឆ្ងល់ណាស់តែមិនសួរដោយនៅឈរស្ដាប់បន្តទៀត។ ស្ត្រីលក់សាច់គោតបវិញថា តើមានកត់សម្គាល់អ្វីចម្លែកទេ? គេល្បីថាផ្ទះគ្រូទាយនោះធ្លាប់មានបាត់ក្មេងស្រីម្នាក់កាលពីមុន។
វង្សឆ្ងល់ និងចង់សួរច្រើនទៀតតែផ្ទុយទៅវិញគាត់ក៏ត្រឡប់មកផ្ទះវិញ។
ល្ងាចនោះ ដោយសេចក្ដីងឿងឆ្ងល់នឹងសម្លរដែលយកទៅដាក់ខ្ទមដោយមិនដឹងពីវត្ថុបំណងច្បាស់លាស់របស់អ៊ុ, វង្សក៏សាកល្បងភ្លក់សម្លរដដែលៗនោះ។
អ្វីដែលកាន់តែងឿងឆ្ងល់ សម្លរមាន់ទាំងមូលបែរជាសាបឈឹងឥតជាតិជៅ ដូចជាឥតមានដាក់អំបិលស្ករប៊ីចេងសូម្បីតែបន្តិច។
នៅថ្ងៃបន្ទាប់ វង្សបានលួចអំបិលមួយក្ដាប់ទុក ហើយពេលដែលអ៊ុហៅឱ្យយកអាហារទៅឱ្យខ្ទមនោះ ពេលដើរមកពាក់កណ្ដាលផ្លូវ វង្សបានយកអំបិលដែលបានច្រក ចាក់ដាក់ក្នុងសម្លរនោះហើយយកទៅដាក់ក្នុងខ្ទមដូចរាល់ដង។
មិនមានអ្វីមិនប្រក្រតីឡើយ។
តែព្រឹកបន្ទាប់ វង្សសង្គេតឃើញទឹកមុខរបស់អ៊ុទាំងពីរហាក់សម្លក់មករកវង្សក្នុងក្រសែភ្នែកសង្ស័យ។
ល្ងាចដល់ពេលធ្វើការងារនេះទៀត វង្សធ្វើដូចពីម្សិលមិញ គឺបានយកអំបិលចាក់ដាក់ក្នុងសម្លរហើយយកទៅដាក់ក្នុងខ្ទម។ តែលើកនេះខុសពីរាល់ដង។ គាត់សង្គេតឃើញមានឈាមខ្មៅហូរចេញពីខ្ទម ហើយពេលឡើងទៅមើលជិតក៏ឮដូចជាសំឡេងយំដោយឈឺចាប់។
វង្សឡើងទៅអើតមើលក្នុងខ្ទមនោះ ឃើញឈាមខ្មៅនោះហូរចេញពីហិបឈើមួយដែលវង្សតែងតែដាក់អាហារពីមុខរាល់ដង។ ដោយឆ្ងល់ខ្លាំងពេក និងចង់ដឹងផងនោះ គាត់បានធ្វើចិត្តក្លាហាន ហើយបើកគម្របហិបដែលរបើកស្រាប់នោះឡើង បង្ហាញយ៉ាងរន្ធត់នូវរូបរាងកាយសាកសពក្មេងស្រីម្នាក់ដែលគេយកដីឥដ្ឋមកបិទជិតខ្លួន សក់ក្បាលសពនោះត្រូវគេកោរចេញអស់ មុខសពត្រូវគេតែងក្រែមម្សៅយ៉ាងប្រណិត។ សពនោះស្រាប់តែងើបឡើង ហើយបើកភ្នែកសក្រឡោតដែលឈាមហូរស្រក់ពីមាត់ឥតឈប់។
វង្សភ័យណាស់ រត់ចុះមកវិញ ស្របពេលដែលសពនោះស្រាប់តែលោតផ្លោតបម្រុងចាប់សង្គ្រុបសម្លាប់វង្សក្នុងពេលឥឡូវ។
វង្សព្យាយាមរត់យ៉ាងភិតភ័យខណៈដែលសពក្មេងស្រីនោះដេញតាមពីក្រោយយ៉ាងប្រកិត។
រត់មួយសន្ទុះក៏មានអារម្មណ៍ថាមិនមានសពនោះតាមទៀតទេ តែពេលមកដល់ផ្ទះ ស្រាប់តែឃើញអ៊ុទាំងពីរកំពុងបង្ហាញទឹកមុខខឹងសម្បារយ៉ាងឆេះឆួល ក្នុងដៃកាន់សុទ្ធតែកាំបិត និងដាវ។ វង្សរត់យ៉ាងលឿនគេចពីជនទាំងពីរ ដោយចេះតែទៅត្រង់មិនដឹងត្រូវទៅទីណា។ មេឃចាប់ងងឹតស្លុប តាមផ្លូវក៏សុទ្ធតែព្រៃ។ វង្សរត់ទាំងអស់កម្លាំងតម្រង់ទៅវត្តមួយដែលនៅមិនឆ្ងាយប៉ុន្មានពីទីនេះ។ តែជនទាំងពីរក៏រត់តាមដោយកំហឹង និងស្រែកជេរពីក្រោយយ៉ាងសន្ធាប់។
ជាសំណាងល្អ វង្សបានមកដល់វត្ត ហើយព្រះសង្ស និងលោកតាអធិការបានជួយសម្រួលអារម្មណ៍ក្មេងប្រុសដែលភិតភ័យញ័រទទ្រើក។
អ៊ុទាំងពីរមិនបានចូលមកដល់វត្តទេ ហើយវង្សឮសំឡេងព្រះសង្ឃប៉ុន្មានអង្គ បង្គាប់ឱ្យក្មេងវត្តមួយចំនួនទៅតាមប៉ូលិសជាបន្ទាន់។
បន្ទាប់ពីតាំងស្មារតីបានហើយវង្សក៏រ៉ាយរ៉ាប់រឿងរ៉ាវទាំងអស់ឱ្យព្រះសង្ឃបានដឹង ហើយមានសង្ឃមួយអង្គបានមានសង្ឃដីកាថា តាមពិតគាត់ក៏មានការសង្ស័យនូវផ្ទះគ្រូទាយនោះយូរហើយថាអាចនឹងមានលួចប្រព្រឹត្តអំពើបាបផ្លូវងងឹតណាមួយយ៉ាងប្រាកដ។
ក្រោយជនទាំង២ត្រូវបានចាប់ខ្លួន គ្រប់យ៉ាងបានបង្ហាញមកថា តាមពិតអ្នកទាំង២នេះ កាលពីមុនធ្លាប់បានសុំកូនស្រីកំព្រាគេម្នាក់មកនៅជាមួយ ហើយក្រោយមកកូននោះក៏បានស្លាប់ដោយពួកគេទាំង២យកខ្សែមករឹតកដើម្បីដកព្រលឹងឱ្យចូលមករូបអ៊ុគ្រូទាយ ជួយឱ្យឫទ្ធានុភាពរបស់គាត់កាន់តែខ្លាំង។ គាត់ល្បីល្បាញធ្វើអំពើ ដាក់ស្នេហ៍គ្រប់យ៉ាងដោយមានជំនួយពីខ្មោចក្មេងស្រីនោះ។
រីឯសាកសពក្មេងនោះគាត់យកទៅទុកក្នុងខ្ទមមួយហើយសូត្រមន្តស្រោចទឹកសពនោះមិនឱ្យស្អុយរលួយ ព្រមទាំងយកក្រមួន និងដីឥដ្ឋមកបិទលើរូបសពផង។
រាល់ដងអ៊ុស្រីជាអ្នកយកបាយសម្លរទៅឱ្យរូបសពនោះ រាល់ៗរាត្រី ដើម្បីរក្សាព្រលឹង។ តែដល់រវល់ពេលក៏ប្រគល់ការងារនេះឱ្យទៅវង្សវិញ។
គេជឿថា អំបិលជាតិប្រៃបានធ្វើឱ្យព្រលឹងផ្លូវងងឹតក្ដៅក្រហាយ។
វង្សបានត្រឡប់មកនៅជាមួយឪពុកម្ដាយគាត់វិញ ហើយប៉ុន្មានឆ្នាំក្រោយមកក៏ឮដំណឹងថា អ៊ុប្រុសបានស្លាប់នៅក្នុងគុក ហើយមិនយូរប៉ុន្មានអ៊ុស្រីក៏បានស្លាប់ដែរ។
ថ្វីបើកន្លងទៅហើយយូរណាស់ក្ដី តែផ្ទះគ្រូទាយដ៏អាក្រក់នោះនៅតែបន្តទុកចោលដោយឥតមាននរណាទៅនៅទេ ដោយសារគេជឿថា ផ្ទះនោះផ្ទុកព្រលឹងជាច្រើន។
នៅវីដេអូបន្ទាប់យើងនឹងនិយាយអំពីអាគមដាក់ព្រលឹង ហើយប្រសិនបើលោកអ្នកចង់ការពារខ្លួនពីអំពើផ្លូវងងឹត ឬព្រលឹងអមនុស្សនានា យើងខ្ញុំមានយ័ន្ត និងពុម្ពសាក់ទឹកថ្នាំដែលអាចធ្វើខ្លួនឯងបាន តែត្រូវពិគ្រោះជាមុនសិនមុននឹងធ្វើការជាវ។
រៀបរៀង និងស្រាវជ្រាវដោយ រាត្រី រន្ធត់!