លោកអ្នកប្រាកដជាសប្បាយក្នុងចិត្តនៅពេលដែលឃើញវត្ថុមានតម្លៃមួយចំនួនដូចជា លុយ មួក ខោអាវ កាបូប ដែលមានគេជ្រុះចោលនៅលើផ្លូវ ព្រោះលោកអ្នកនឹងគិតថាអាចនឹងរើសយកទៅប្រើជារបស់ខ្លួន ឬចាយវាយតាមចិត្តដោយមិនបាច់ប្រឹងរក តែលោកអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ការរើសរបស់តាមផ្លូវ អាចឱ្យលោកអ្នកមានគ្រោះថ្នាក់ ទាំងផ្លូវងងឹតអបិយជំនឿ ទាំងផ្លូវតថភាពវិទ្យាសាស្ត្រ។
តើមានអ្វីខ្លះដែលអ្នកមិនធ្លាប់បានដឹងអំពីជំនឿដ៏គួរឱ្យខ្លាចនៃការរើសបានរបស់តាមផ្លូវដោយចៃដន្យនេះ?
របស់រើសបានចៃដន្យគឺសំដៅទៅលើការជួបរបស់មានតម្លៃណាមួយនៅលើផ្លូវដោយមិនបានឃើញជ្រុះពីមនុស្សណាម្នាក់ឡើយ។
ជាការពិត, ការរើសរបស់ដែលមានម្ចាស់ហើយមិនដឹងថាម្ចាស់នៅទីណានោះវាមិនមែនជាអំពើខុសច្បាប់ឬអាក្រក់អ្វីឡើយ តែវាគួរឲ្យសង្វេគសម្រាប់ម្ចាស់របស់ដែលបានបាត់ណាស់ ប្រសិនបើពួកគេនៅរស់។
តែក្នុងករណីដែលម្ចាស់របស់ បានស្លាប់បាត់បង់ជីវិតទៅហើយនោះ អ្នកដែលបានរើសរបស់ដែលពួកគេជ្រុះ ឬបន្សល់ទុកក្នុងហេតុផលណាមួយក្ដី នឹងត្រូវមានគ្រោះថ្នាក់ដល់ធ្លាក់ខ្លួនឈឺ ឬដល់បាត់បង់ជីវិតក៏មាន។
តើអ្នកណាទៅដឹងទៅថាម្ចាស់របស់ទាំងនោះជានរណា រស់ ឬស្លាប់មានហេតុការណ៍ណាមួយកើតឡើងទៅលើគេនោះ។
លោកយាយ ណយ ដៀវ រស់នៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បានរៀបរាប់ប្រាប់ក្រុមការងាររាត្រី រន្ធត់ ទាំងអារម្មណ៍ក្ដុកក្ដួលថា,
កាលពីច្រើនឆ្នាំមុន, កូនស្រីលោកយាយ បានជិះម៉ូតូឌុបលោកយាយមកពីវត្ត ពេលកំពុងជិះតាមផ្លូវស្រាប់តែឃើញកាបូបយួរដៃស្ត្រីនៅលើដងផ្លូវ។ កូនស្រីរបស់គាត់ក៏ឈប់ម៉ូតូហើយរើសយកកាបូបនោះពិនិត្យមើលឃើញនៅល្អថ្មី ថ្វីបើខាងក្នុងកាបូបមិនសូវជាមានលុយច្រើនប៉ុន្មានក្ដី ក៏គាត់រើសយកមកដាក់ក្នុងកន្ត្រកម៉ូតូហើយជិះមកផ្ទះវិញ។
តាំងពីថ្ងៃនោះមកកូនស្រីគាត់ហាក់ជួបនូវរឿងរ៉ាវអកុសលជាច្រើនទាក់ទងនឹងដងផ្លូវ ដូចជាជិះម៉ូតូបុកឆ្កែ, ត្រូវរថយន្តកៀរ ឬជិះសុខៗក៏កញ្ឆក់ចុះចំហៀងផ្លូវជាដើម។
តែគួរឱ្យសោកសង្រែងណាស់មានល្ងាចមួយពេលដែលគាត់កំពុងជិះម៉ូតូទៅទិញពងទា ស្រាប់តែរលត់ម៉ូតូពាក់កណ្ដាលផ្លូវ ហើយក៏ត្រូវរថយន្តដឹកសាំងធំមួយដែលបានពីក្រោយកិនស្លាប់ភ្លាមមួយរំពេចបំណែកសាកសពបាក់បែកខ្ទេចខ្ទីមើលមិនយល់។
ក្រោយពីធ្វើបុណ្យតាមប្រពៃណីរួចមកលោកយាយបានទៅរកគ្រូមន្តអាគមឱ្យជួយមើលពីហេតុគ្រោះចង្រៃដែលបានឆក់យកជីវិតកូនស្រីជាទីស្រឡាញ់របស់គាត់នោះ។ គ្រូមន្តអាគមម្នាក់នោះបាននិយាយថាដោយសារតែកូនស្រីរបស់គាត់នោះបានយករបស់ទ្រព្យនរណាម្នាក់ដែលម្ចាស់គេមិនអនុញ្ញាត ហើយម្ចាស់ទ្រព្យនោះធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ដូច្នេះដែរ។
កញ្ញា ជីន ស្រីណុច ក៏មានរឿងពិតពីហេតុការណ៍ដ៏អាក្រក់ស្រដៀងនេះដែរ។ នាងបាននិយាយថាកាលពី 4 ឆ្នាំមុន ពេលនាងដើរទៅផ្សារ ស្រាប់តែឃើញសក់សម្រាប់ពាក់ ជ្រុះចោលនៅលើផ្លូវ។
ដោយឃើញនៅថ្មីល្អ នាងក៏បានរើសយកទៅទុកហើយក៏បានថតរូបលេងមួយចំនួន ដោយពាក់សក់ដែលទើបតែរើសបាននោះផងដែរ។
កន្លងមកប្រហែលមួយសប្តាហ៍មិនមានអ្វីមិនប្រក្រតីកើតឡើងនោះទេ។ ប៉ុន្តែក្រោយមកទៀតពេលដែលនាងបានពាក់សក់នោះថតលេងម្ដងទៀតនារាត្រីមួយ នាងស្រាប់តែឃើញពីក្នុងកញ្ចក់ទូរសព្ទរបស់នាង ដូចជានរណាម្នាក់កំពុងឈរពីក្រោយខ្នងនាង តែពេលនាងងាកក្រោយមើលគឺមិនឃើញនរណាសោះ។
រាត្រីនោះ ខណៈដែលនាងកំពុងតែដេកលក់រលីវៗ ស្រាប់តែមានខ្យល់បក់មួយវឹបប៉ះរាងកាយរបស់នាង។
នាងខំងើបមើលបង្អួចប៉ុន្តែនៅបិទជិតមិនបានបើកនោះទេ។ ការនេះធ្វើឱ្យនាងឆ្ងល់យ៉ាងខ្លាំងថា តើខ្យល់នោះចូលមកក្នុងបន្ទប់នាងប៉ះរាងកាយនាងដោយរបៀបណាបើមិនបានបើកបង្អួចផងនោះ។
ពេលដែលនាងចូលគេងឡើងវិញម្ដងទៀត នាងស្រាប់តែឃើញស្រមោលខ្មៅមួយ ភ្នែកភ្លឺមួយគូសំឡក់នាងថ្លែងដោយទឹកមុខកំណាចពីលើពិដាន ហើយក៏កុហកលោតមកសង្គ្រប់ពីលើខ្លួននាង ព្រមទាំងចាប់ទាញបោចសក់ក្បាលរបស់នាងបង្កជាភាពឈឺចាប់យ៉ាងខ្លាំង។
ស្រីណុចស្រែកយំខ្លាំងៗដោយតក់ស្លុត ហើយបងស្រីរបស់នាងដែលគេងនៅបន្ទប់ជាប់គ្នានៅក្នុងផ្ទះនោះ បានស្ទុះមកបើកទ្វារមើលប្អូនស្រីឃើញជាងក្បាលហាក់ដូចជានរណាម្នាក់ចាប់ដកទាញសក់ទាំងកំរោល។
ថ្វីបើតាំងពីរាត្រីនោះមកនាងមិនដែលបានជួបរឿងហេតុអាក្រក់ណាមួយកើតឡើងទៀតទេនោះក្ដី ប៉ុន្តែស្រីណុចនៅតែជឿជាក់យ៉ាងមុតមាំថា គ្រប់យ៉ាងគឺមកពីការដែលនាងរើសសក់ដែលមិនដឹងថាជារបស់នរណានៅតាមផ្លូវនោះហើយវាទាក់ទងនឹងសក់នឹងបាននោះយ៉ាងពិតប្រាកដ។
តាមជំនឿចាស់បុរាណលោកតែងតែជឿ និងនិទានយ៉ាងមុតមាំថា នៅពេលបុគ្គលណាម្នាក់ស្លាប់ព្រលឹងពួកគេនឹងនៅតែអាឡោះអាល័យដល់របស់ដែលពួកគេធ្លាប់ប្រើប្រាស់កាលពីនៅរស់។ ដូច្នេះហើយវាប្រឈមនឹងការដែលព្រលឹងវិលមករករបស់ខ្លួនវិញយ៉ាងខ្លាំងទើបលោកតែងតែប្រដៅមិនឲ្យរើសយករបស់ណាដែលឃើញនៅតាមផ្លូវដោយចៃដន្យនោះទេព្រោះយើងមិនអាចដឹងទេថាម្ចាស់របស់នោះមានគ្រោះហេតុអ្វីកើតឡើងស្លាប់ឬរស់ឡើយ។ តែចំពោះអ្នកមួយចំនួនទៀតដែលមិនអាចប្រកែកនឹងការរើសយកលុយពួកគេតែងតែយកលុយរាយតំលៃទាបទៅដាក់នៅកន្លែងដែលពួកគេរើសបានលុយនោះវិញដើម្បីជាការសងទៅដល់ម្ចាស់លុយ។
បែបនេះហើយទើបអ្នកស្រុកតូចមួយនៅខេត្តព្រៃវែង នៅពេលនរណាម្នាក់ស្លាប់ គេតែងតែយករបស់របរប្រើប្រាស់ទាំងអស់របស់បុគ្គលនោះទៅដុតបូជាជាមួយគ្នាដើម្បីកុំឱ្យព្រលឹងបុគ្គលនោះ វិលវល់រករបស់ជាទីស្រឡាញ់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយសូមក្រើនរំលឹកអ្នកស្លាប់ទាំងអស់ថាប្រសិនបើឃើញរបស់ណាមួយដែលគេជ្រុះនៅលើផ្លូវ សូមកុំរើសឱ្