ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ពលរដ្ឋមួយចំនួនក៏គ្មានគម្រោងដើរកំសាន្តទៅតំបន់ឆ្ងាយៗដែរ ដូចនេះហើយទើបរោងកុន Legend បានបើកសម្ពោធចាក់បញ្ចាំងភាពយន្តខ្មែរខ្នាតធំ កុមារី២៥ឆ្នាំ វគ្គ៣ ដែលជាភាពយន្តបែបកំប្លែង ហើយមានការគាំទ្រតាំងពីវគ្គ១ និង វគ្គ២រួចមកហើយ។ នេះបើតាមការលើកឡើងពី លោក រស់ ទេវនាថ តំណាងរោងភាពយន្ត Legend។
ទន្ទឹមនេះដែរនៅក្នុងពិធីសម្ពោធភាពយន្តខ្មែរ កុមារី២៥ឆ្នាំ វគ្គ៣ កាលពីរាត្រីថ្ងៃទី១៦ ខែកញ្ញា នៅទីតាំងរោងកុន Legend Midtown លោកស្រី ពាន់ ភួងបុប្ផា អ្នកនិពន្ធ និងដឹកនាំរឿងនេះតាំងពីវគ្គមួយមក បង្ហាញថារស់ជាតិនៃភាពយន្តនេះ គឺមិនត្រឹមតែផ្តល់នូវសំណើចប៉ុណ្ណោះទេ តែក៏ផ្សារភ្ជាប់ទៅនឹងការអប់រំ ក្រើនរំលឹកពីសុវត្ថិភាពចរាចរផងដែរ ជាក់ស្តែងតួស្រីក្នុងរឿងនេះ ត្រូវបាត់បង់សតិ ក្លាយទៅជាកូនក្មេង គឺដោយសាតែគ្រោះថ្នាក់ចរាចរ នៅពេលនិយាយទូរសព្ទក្នុងពេលកំពុងបើកបរនេះតែម្តង។
ចំនុចពិសេសមួយដែល លោកស្រី បង្ហើបប្រាប់នោះ គឺតួស្រី (កណ្តូប) អ្នកនាង នី មូល្លីកា នៅតែសម្តែងបែបកំប្លែងបានល្អក្នុងរឿងនេះ ទោះបីពេលនេះនាងមិនមែននៅលីវដូចមុនក៏ដោយ សំខាន់ជាងនេះទៀតអ្នកនាង មូល្លីកា សុខចិត្តនាំទាំងប្តី និង កូនមកពីអាមេរិកដល់ស្រុកខ្មែរ ដើម្បីសម្តែងរឿងមួយនេះ។
ក្រៅពីសាច់រឿងហើយនោះ លោកអ្នកប្រហែលជានឹងចាប់អារម្មណ៍ចម្រៀងថ្មី ក្នុងរឿងនេះ គឺបទស្រលាញ់លោកពូជាងគេ ដែលច្រៀងដោយតារាចម្រៀងថ្មី គឺលោក Manuth ជាប្អូនប្រុសបង្កើតរបស់តារាចម្រៀង Manith ដែលជាអ្នកនិពន្ធបទនេះតែម្តង៖ (សូមទស្សនាការច្រៀងផ្ទាល់របស់ Manuth…)
គួរបញ្ជាក់ថា ភាពយន្តខ្មែរខ្នាតធំ កុមារី ២៥ឆ្នាំ វគ្គ៣ គឺលេចចេញជារូបរាងឡើងក្រោមការសហការរវាងផលិតកម្មចំនួនពីរ គឺ ផលិតកម្ម កងចក្រ ភីកឈ័រ និង ផលិតកម្ម អិមស៊ីអិនវី ភីកឈ័រ៕