នៅឆ្នាំ ១៩៩៩ លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) បានសរសេរសៀវភៅមួយក្រោមចំណងជើងថា Business @ the Speed of Thought។ ក្នុងសៀវភៅនោះ លោកបានធ្វើការទស្សន៍ទាយចំនួន ១៥ចំណុចដែលពេលនោះប្រៀបដូចជាមិនមាននរណាជឿលោកឡើយ។ ប៉ុន្តែប្រមាណ២០ ឆ្នាំក្រោយមក ពិភពលោកពិតជាមើលឃើញមានការផ្លាស់ប្តូរដូចតាមការគិតរបស់លោកពិតមែន។
ខាងក្រោមគឺជាការទស្សន៍ទាយមួយចំនួនរបស់លោកហ្គេតស៍ដែលបានកើតឡើងពិតមែន៖
១-គ្រឿងអេឡិចត្រូណិចដែលដាក់ជាប់ខ្លួន
លោកហ្គេតស៍បានគិតកាលពីឆ្នាំ ១៩៩៩ ថា មនុស្សនឹងយកជាប់ខ្លួននូវគ្រឿងអេឡិចត្រូណិចតូចៗដែលអនុញ្ញាតឲ្យពួកគេទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក និងធ្វើអាជីវកម្មតាមឧបករណ៍ទាំងនោះជាដើម។ ពួកគេនឹងអាចអានព័ត៌មាន កក់សំបុត្រយន្តហោះ និងទទួលបានព័ត៌មានពីទីផ្សារហិរញ្ញវត្ថុទៀតផង។
អ្វីដែលយើងអាចមើលឃើញក្នុងពេលបច្ចុប្បន្ននេះមានដូចជាស្មាតហ្វូន នាឡិកា Smartwatch និងគ្រឿងអេឡិចត្រូណិចដទៃដែលអាចផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកបានយ៉ាងងាយ។
២-ការបង់ប្រាក់អនឡាញ
លោកហ្គេតស៍បានទស្សន៍ទាយទៀតថា មនុស្សនឹងអាចបង់ប្រាក់ ចាត់ចែងលុយ និងទំនាក់ទំនងជាមួយគ្រូពេទ្យរបស់ខ្លួនតាមអ៊ីនធើណែតបាន។ ការពិតជាក់ស្តែងបានបង្ហាញឲ្យឃើញច្បាស់នូវឧទាហរណ៍ទាំងនេះពិតមែនជាមនុស្សសេវាកម្មបង់ប្រាក់តាមទូរស័ព្ទ និងតាមអ៊ីនធើណែតជាដើម។
៣-ប្រព័ន្ធសង្គម
លោកបាននិយាយកាលពីឆ្នាំ ១៩៩៩ ទៀតថា វេបសាយឯកជនសម្រាប់មិត្តភក្តិ និងក្រុមគ្រួសារនឹងកាន់តែមានធម្មតាឡើង ដែលអនុញ្ញាតឲ្យមនុស្សពិភាក្សាគ្នា និងរៀបចំកម្មវិធីបាន។ ទោះជាគេហទំព័រឯកជនទាំងនោះមិនបានកើតមានឡើងពិតមែន ប្រព័ន្ធសង្គមដូចជា Facebook, WhatsApp, Instagram, Snapchat និងប្រព័ន្ធសង្គមដទៃទៀតពិតជាបានផ្តល់ភាពងាយស្រួលដល់មនុស្សក្នុងការទំនាក់ទំនងគ្នាពិតមែន។
៤-ការរកបុគ្គលិកលើអ៊ីនធើណែត
ជាមួយគ្នានេះដែរ លោកហ្គេតស៍បានគិតថា មនុស្សនឹងចាប់ផ្តើមរកការងារដោយគ្រាន់តែចែករំលែកពីចំណង់ចំណូលចិត្ត តម្រូវការ និងជំនាញដែលខ្លួនមានលើអ៊ីនធើណែត។ បច្ចុប្បន្ននេះ គេហទំព័រដូចជា LinkedIn ដែលជាក្រុមហ៊ុនចំណុះរបស់ Microsoft ដែរ អនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្ហោះប្រវត្តិរូបសង្ខេបរបស់ខ្លួន និងអាចរកការងារតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់ពួកគេបាន ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព