នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន សន្យាថា នឹងដោះស្រាយបញ្ហាកូវីដ និងស្តារសេដ្ឋកិច្ចឡើងវិញ
ទីក្រុងតូក្យូ ៖ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ឯកឧត្តម យ៉ូស៊ីហីដេ ស៊ូហ្គា Yoshihide Suga បានសន្យាកាលពីថ្ងៃពុធទី១៦ ខែកញ្ញាថា នឹងគ្រប់គ្រងការឆ្លងរាតត្បាត នៃវីរុសកូវីដ-១៩នេះ ហើយចាប់ផ្តើមស្តារសេដ្ឋកិច្ចឡើងវិញ ខណៈដែលអតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ បានលាឈប់ពីមុខតំណែង ។
ថ្លែងនៅក្នុងសុន្ទរកថា ដំបូងរបស់ឯកឧត្តម យ៉ូស៊ីហីដេ ស៊ូហ្គា បន្ទាប់ពីជាប់ឆ្នោតដែលជ្រើសរើសដោយសភា លោកនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនរូបនេះ បានសង្កត់ធ្ងន់ថា លោកនឹងដឹកនាំគណៈរដ្ឋមន្ត្រីថ្មី ធ្វើការសម្រាប់ប្រជាជនឲ្យកាន់តែប្រសើរជាងមុន និងអនុវត្តនូវគោលនយោបាយដែលរដ្ឋបាលអាបេកំពុងជំរុញ ។
លោកបានបញ្ចាក់ថា “អ្វីដែលសាធារណជនចង់បាន នៅពេលឥឡូវនេះ គឺត្រូវគ្រប់គ្រង ដើម្បីបញ្ចប់ការរីករាលដាល នៃជំងឺរាតត្បាតឲ្យបានឆាប់បំផុត ហើយក្នុងពេលតែមួយនេះ យើងនឹងស្តារសេដ្ឋកិច្ចប្រទេសជប៉ុនឡើងវិញ” យើងត្រូវធ្វើជាប្រចាំ ។
លោកបន្ថែមថា “ការសម្រេចបាន ទាំងការការពារ ការឆ្លងរីករាលដាលនៃកូវីដ-១៩ និងកសាងសេដ្ឋកិច្ចឡើងវិញ គឺជាអ្វីដែលពួកគេចង់បានបំផុត… យើងសង្ឃឹមថា នឹងខិតខំអោយអស់ពីសមត្ថភាពលើបញ្ហានេះ” ទាំងនេះគឺជាអ្វីដែលគណៈរដ្ឋមន្ត្រីថ្មី និងនាយករដ្ឋមន្ត្រី យ៉ូស៊ីហីដេ ស៊ូហ្គា នឹងចាប់ផ្តើមធ្វើមុនគេ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព